បន្ទាប់ពីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានភូមិនាពេលថ្មីៗនេះ មាមីងនៅភូមិហ្វាហើង បានប្រាប់គ្នាតៗថា “បងយ័ញសិណ ធ្វើជាប្រធានភូមិបន្តទៀត”។ ពីព្រោះក្នុងអាណត្តិកាលកន្លង គាត់តែងអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ឱ្យ ព្រមទាំងបានប្រជាជនក្នុងភូមិស្រឡាញ់ទុកចិត្ត។

បងយ័ញសិណ ប្រធានភូមិហ្វាហើង។
ហ្វាហើង ជាភូមិមួយក្នុងចំណោមភូមិ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ ភូមិនេះស្ថិតនៅតាមបណ្តោយដងប្រឡាយ តភ្ជាប់ពីស្ពានកាញ៉ុងមានព្រែកប្រឡាយខ្វាត់ខ្វែង បត់ចេញទៅដៃទន្លេកៃលើង។ ហេតុដូច្នេះ ផ្លូវទឹកនៅទីនេះនឹងមានការរីកចម្រើនយ៉ាងខ្លាំង។ ចាប់តាំងពីឌិញហ្វា បានជ្រើសជាឃុំគំរូកសាងជនបទថ្មី ការងារចលនាប្រជាជនចូលរួមសាងសង់ស្ពាន ធ្វើផ្លូវ កិច្ចការនេះដំបូងជួបការលំបាកណាស់។

បងយ័ញសិណ (ខាងស្តាំ) ប្រធានភូមិហ្វាហើង រួមជាមួយព្រះចៅអធិការវត្តតាមុំ និងពុទ្ធបរិស័ទ សប្បុរសជនធ្វើពិធីផ្តើមសាងសង់ស្ពានជនបទ។
បងយ័ញសិណ រៀបរាប់៖ “ដើម្បីការងារចលនា ប្រព្រឹត្តទៅរលូន យើងខ្ញុំបានពិគ្រោះនឹងគណៈកម្មការវត្ត ដើម្បីទៅជួបពិភាក្សាជាមួយព្រះចៅអធិការវត្តតាមុំ។ ពីព្រោះថា ព្រះអង្គតែងយកព្រះទ័យទុកដាក់ដល់ការងារសុខុមាលភាពសង្គម ចង់បានភូមិស្រុករីកចម្រើន ដើម្បីជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងជនរួមជាតិមានភាពល្អប្រសើរ។ ក្នុងឱកាសបុណ្យទានម្តងៗ ព្រះអង្គតែងពន្យល់ពីផលប្រយោជន៍នៃការកសាងជនបទថ្មី ដើម្បីមាមីងពុទ្ធបរិស័ទបានយល់ច្បាស់។ ផ្តើមពីនោះ ការបរិច្ចាគដីធ្វើផ្លូវនិងកម្លាំងពលកម្ម ត្រូវបានប្រជាជនគាំទ្រអនុវត្តយ៉ាងពេញទំហឹង។ ហេតុនេះ ភូមិហ្វាហើងបានរួមចំណែកកសាងជោគជ័យឃុំជនបទថ្មីឌិញហ្វា”។
តាមប្រសាសន៍លោកស្រី ឡេធីហ៊ុងហាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា មិនបពា្ឈប់ត្រឹមការអនុវត្តសម្រេចកិច្ចការកសាងជនបទថ្មីប៉ុណ្ណោះទេ ភូមិហ្វាហើង ក៏បាននិងកំពុងខិតខំឈានមុខក្នុងការកសាងជនបទថ្មីកម្រិតខ្ពស់។ ហេតុនេះ តួនាទីរបស់កម្មាភិបាលមូលដ្ឋាន ដូចបងសិណ គឺសំខាន់ណាស់ក្នុងការចលនាប្រជាជនចូលរួមលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មី។ លោកយ័ញសាង ប្រធានគណៈកម្មការវត្តតាមុំ ឱ្យដឹង៖ “ពូយ័ញសិណ ជាអ្នកនៅភូមិនេះ ម្ល៉ោះហើយគាត់យល់ច្បាស់ពីស្ថានភាពលំបាកនៃគ្រួសារនីមួយៗ។ គាត់ក៏ជាពុទ្ធបរិស័ទចំណុះជើងវត្ត ហើយតែងរួមជាមួយគណៈកម្មការវត្តគិតគូរសកម្មភាពសុខុមាលភាពសង្គម។ ផ្តើមពីការចលនាគណៈកម្មការវត្តចូលរួមឧបត្ថម្ភថវិកាជួយគ្រួសារដែលមានជីវភាពលំបាកទៅព្យាបាលជំងឺនៅក្រុងហូជីមិញ ជំនួយការបើកថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលដល់សិស្សានុសិស្សរហូតដល់ការចលនាប្រជាជនសាងសង់ស្ពានជនបទ...”។
តាមដងផ្លូវចូលទៅកាន់ភូមិហ្វាហើង ត្រូវបានដំឡើងអំពូលភ្លើងដើរដោយឋាមពលពន្លឺព្រះអាទិត្យ ដូច្នេះ ពេលយប់ប្រជាជនធ្វើដំណើរទៅមកមានភាពងាយស្រួល។ បងយ័ញយឺ នៅភូមិហ្វាហើង ឱ្យដឹង៖ “ដឹងថាខ្ញុំត្រឡប់មកពីធ្វើការពេលយប់ ទើបពូសិណ ផ្តាំខ្ញុំបើឃើញអំពូលភ្លើងណាខូចប្រាប់គាត់ជួសជុល ដើម្បីបង្កលក្ខណៈឱ្យមាមីងធ្វើដំណើរទៅមកសុវត្ថិភាព។ ការងារណាមានប្រយោជន៍ដល់មាមីង ពូសិណ តែងផ្តោតការយកចិត្តទុកដាក់ ដូច្នេះ មាមីងស្រឡាញ់ទុកចិត្តគាត់ណាស់”៕
ហាថាញ-មុនី