កាលពីឆ្នាំមុន បាល់ទះនារីវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពេលបានទៅប្រកួតនៅពានរង្វាន់ធំៗក្រៅតំបន់អាស៊ីអាគ្នេយ៍។ ក្រុមក៏ទើបមានឈ្មោះទៅប្រកួតពានរង្វាន់ពិភពលោកលើកដំបូង ដោយក្រុមថៃមានកៅអីជាម្ចាស់ផ្ទះ។ គួរឱ្យត្រេកអរមែន ប៉ុន្តែបើពិនិត្យគ្រប់ជ្រុងជ្រោយ យើងនៅតែដើរក្រោយថៃក្នុងការអភិវឌ្ឍបាល់ទះកម្រិតកំពូល។
ត្រឹងធីថាញធ្វី កីឡាការិនីវៀតណាម។ រូបថត: Internet
ប្រទេសថៃ ទើបតែប្រកាសបញ្ជីឈ្មោះកីឡាការិនីរបស់ខ្លួន ទៅប្រកួតនៅប្រទេសនានាក្នុងឆ្នាំ២០២៤- ២០២៥។ ទូទាំងប្រទេសមានកីឡាការិនី២១នាក់ បានទៅប្រកួតឱ្យក្លឹបនានា រួមមានទាំងក្លឹបនៅប្រទេសវៀតណាមផងដែរ។ កីឡាការិនីទាំងនេះមិនមែនសុទ្ធតែជាក្រុមជម្រើសជាតិនោះទេ អ្នកខ្លះជាអតីតសមាជិកក្រុមជម្រើសជាតិ អ្នកខ្លះទៀតមិនដែលបានចូលក្រុមជម្រើសជាតិឡើយ ប៉ុន្តែពួកគេមានសមត្ថភាពគ្រប់គ្រាន់ ហើយបានក្លឹបបរទេសចុះកុងត្រា។ ប្រសិនបើការប្រកួតរបស់ពួកគេនៅក្លឹបបានល្អ ឱកាសបានចូលក្រុមជម្រើសជាតិគឺកាន់តែខ្ពស់។ ជាមួយនឹងការឱ្យកីឡាការិនីទៅប្រកួតនៅពានរង្វាន់ធំៗជាច្រើនលើពិភពលោក ប្រទេសថៃមានកងកម្លាំងកីឡាការិនីពោរពេញដោយសមត្ថភាពនិងមានស្មារតីប្រកួតយ៉ាងល្អ។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់ ខណៈពេលជាច្រើនឆ្នាំកន្លង ក្រុមបាល់ទះនារីថៃតែងឈរចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍ ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នៅអាស៊ី ហើយតែងស្ថិតក្នុងលំដាប់ថ្នាក់កំពូលទាំង១៦ក្រុមនៃពិភពលោក។
ក្នុងពេលប្រទេសថៃ មានកីឡាការិនី២១នាក់ ទៅប្រកួតឱ្យក្លឹបអន្តរជាតិ ឯវៀតណាមមានតែកីឡាការិនីម្នាក់គត់គឺ ត្រឹងធីថាញធ្វី។ បច្ចុប្បន្ន កំពុងតែប្រកួតឱ្យក្លឹបមួយនៅប្រទេសទួរគី ដែលមានប្រាក់បៀរវត្សប្រមាណ៦ពាន់លានដុងក្នុងមួយរដូវកាល។ កម្រិតប្រាក់បៀរវត្សនេះខ្ពស់បើប្រៀបជាមួយកីឡាការិនីក្នុងស្រុក ប៉ុន្តែមិនជាអ្វីបើប្រៀបនឹងកីឡាការិនីប្រទេសដទៃទៀត។ ក្រៅពីពូកែលេងបាល់ ថាញធ្វីអាចប្រកួតឱ្យក្លឹបនៅប្រទេសថៃ តៃវ៉ាន់ ជប៉ុននិងទួរគី ព្រោះកម្រិតភាសាអង់គ្លេសរបស់នាងល្អណាស់។ នេះគឺជាលក្ខខណ្ឌចាំបាច់ និងមិនអាចខ្វះបានសម្រាប់កីឡាការិនីណាចង់ចេញទៅប្រកួតក្រៅប្រទេស។ ពីព្រោះនៅពេលដឹកនាំការហ្វឹកហាត់និងប្រកួតលើទីលាន គណៈគ្រូបង្វឹកមិនអាចដឹកនាំកីឡាករដោយភាសារបស់ពួកគេឡើយ។ ម៉្យាងទៀត វាពិបាកណាស់ក្នុងការណែនាំនៅពេលប្រកួត ប្រសិនបើកីឡាករមិនចេះភាសាអង់គ្លេស។ អ្នកបកប្រែភាសាភាគច្រើនមិនសូវយល់ពីកីឡា ដូច្នេះ វាពិបាកក្នុងការបញ្ជូនសាររបស់គ្រូបង្វឹកឱ្យបានគ្រប់ជ្រុងណាស់។ ប្រសិនបើកីឡាករមិនចេះភាសាអង់គ្លេស ក្លឹបត្រូវបង់ថ្លៃជួលអ្នកបកប្រែបន្ថែមម្នាក់ទៀត។ ជាងនេះទៅទៀត បើកីឡាការិនី មិនចេះភាសាអង់គ្លេសក៏មិនអាចប្រាស្រ័យទាក់ទងរៀងរាល់ថ្ងៃជាមួយមិត្តរួមក្រុមនិងមនុស្សនៅជុំវិញខ្លួនដែរ។
ប្រឈមនឹងឧបសគ្គមិនតិចទេ បើយើងចង់ឈានមុខប្រទេសថៃនោះ ដំបូងយើងត្រូវបណ្តុះបណ្តាលកងកម្លាំងឱ្យល្អគ្រប់ផ្នែក។ នេះជាយុទ្ធសាស្ត្រដ៏វែងឆ្ងាយ ហើយទាមទារឱ្យមានការប្ដេជ្ញាចិត្តផងដែរ៕
ហាថាញ - បកប្រែ៖ សុផន