លោកត្រឹងហ៊ីវហ៊ុង នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ បានឱ្យដឹង៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ខេត្តបានចេញសេចក្ដីសម្រេចលេខ១៧៣៧/QĐ-UBND ស្ដីពីការផ្ដល់សច្ចាប័នផែនការជ្រើសអ្នកម៉ៅការជួសជុលកេរដំណែលប្រវត្តិសាស្រ្តវត្តសិរីមានជ័យវង្សស្រង់ (នៅឃុំតឹងឡុក ស្រុកថើយប៊ិញ) ។
មួយជ្រុងនៅមណ្ឌលវត្តសិរីមានជ័យវង្សស្រង់ (ក្របីឃ្លៀច)។
មានទីតាំងនៅភូមិ៧ ឃុំតឹងឡុក ស្រុកថើយប៊ិញ ខេត្តកាម៉ាវ វត្តសិរីមានជ័យវង្សស្រង់ (ហៅវត្តក្របីឃ្លៀច) បានផ្ដើមកសាងឡើងនៅឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៥៨ វត្តត្រូវបានផ្លាស់ប្ដូរមកទីតាំងនាបច្ចុប្បន្ន។ វត្តសិរីមានជ័យវង្សស្រង់ ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។ ទោះបីដូច្នោះក្ដី កេរដំណែលប្រវត្តិសាស្រ្តជាតិនេះ បច្ចុប្បន្នកំពុងមានភាពទ្រុឌទ្រោម ដោយសាររយៈពេលជាយូរមកហើយមិនបានជួសជុល កែលម្អ។
ផ្ទាំងសិលាកេរដំណែលប្រវត្តិសាស្រ្តជាតិរបស់វត្តសិរីមានជ័យវង្សស្រង់។
លោកត្រឹងហ៊ីវហ៊ុង នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ ឱ្យដឹង កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញសេចក្ដីសម្រេចលេខ១៧៣៧/QĐ-UBND ស្ដីពីផ្ដល់សច្ចាប័នផែនការជ្រើសអ្នកម៉ៅការជួសជុលកេរដំណែលប្រវត្តិសាស្រ្តវត្តសិរីមានជ័យវង្សស្រង់ (ឃុំតឹងឡុក ស្រុកថើយប៊ិញ)។ តាមសេចក្ដីសម្រេច សរុបកញ្ចប់ដេញថ្លៃជិត៧២០លានដុង (ដំណើរការសាងសង់បង្កើនកម្រិតកែលម្អផ្លូវ ទីធ្លាក្នុងមណ្ឌលវត្ត គឺជិត៧០០លានដុង និងត្រួតពិនិត្យដំណើរការសាងសង់ជិត២០លានដុង) អាស្រ័យមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវជាម្ចាស់វិនិយោគ។ ប្រភពទុនអនុវត្តបានមកពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ លើភូមិសាស្រ្តខេត្តឆ្នាំ ២០២៤។
តាមប្រសាសន៍លោក ត្រឹងហ៊ីវហ៊ុង ដោយសារលក្ខណសម្បត្តិថវិការបស់ខេត្តនៅជួបលំបាកច្រើន មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តនឹងឧបត្ថម្ភតាមលទ្ធភាពដែលអាចធ្វើទៅបាន ចំណែកក្រៅពីនោះគឺព្រះសង្ឃ គណៈកម្មការវត្តកៀរគរពីប្រភពផ្សេងៗ។ “ទិសដៅរបស់យើងខ្ញុំ នឹងជួសជុលផ្នែកសំណង់ដែលនៅសល់នាឆ្នាំក្រោយ។ ជាយូរអង្វែង ទីនេះជាកន្លែងកេរដំណែលផង ជាទីតាំងទេសចរណ៍ផង នៅជាប់ដងផ្លូវជាតិលេខ៦៣ដែលតភ្ជាប់នឹងគោលដៅទេសចរណ៍ចាប់ពីមជ្ឈមណ្ឌលក្រុងកាម៉ាវមកកាន់វត្តសិរីមានជ័យវង្សស្រង់ បូជនីយដ្ឋានក្សត្រហ៊ុង បូជនីយដ្ឋានអ៊ំហូជាដើម” លោកត្រឹងហ៊ីវហ៊ុង បានបញ្ជាក់ដូច្នេះ។
លោកត្រឹងហ៊ីវហ៊ុង ឱ្យដឹងបន្ថែម វត្តសិរីមានជ័យវង្សស្រង់ ជាទីតាំងសម្គាល់មានវត្តមានរបស់សហគមន៍ជនជាតិខ្មែរលើតំបន់ដីកាម៉ាវ និងដំណើរការរស់នៅលាយឡំជាមួយនឹងជនជាតិជាបងប្អូនឯទៀត ឆ្លងតាមដំណាក់កាលប្រវត្តិសាស្រ្តនីមួយៗ។ វត្តបានរួមចំណែកជាច្រើនក្នុងសង្រ្គាមប្រឆាំងបារាំងនិងអាមេរិកសង្រ្គោះជាតិ មានព្រះសង្ឃ អាចារ្យជាច្រើនអង្គនិងរូប បានចូលរួមធ្វើសកម្មភាពបដិវត្តន៍ ហើយបានក្លាយជាកម្មាភិបាលស្នូលរបស់បក្ស តួយ៉ាងមានព្រះឧបជ្ឈាយ៍ ហ៊ឺវញ៉ែម ជាដើម។ អំពីវិស័យវប្បធម៌ វត្តសិរីមានជ័យវង្សស្រង់គឺជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៌សហគមន៍ ជំនឿសាសនារបស់ជនជាតិខ្មែរលើភូមិសាស្រ្តខេត្តកាម៉ាវនិងតំបន់ជិតខាង។ ព្រះសង្ឃនិងគណៈកម្មការវត្ត បានបើកបង្រៀនអក្សរខ្មែរ សកម្មភាពវប្បធម៌ជូនដល់ជនរួមជាតិនិងប្រជាជនភូមិភាគ។ “នេះជាកន្លែងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ មានដូចជាពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់ ចំណេះដឹងប្រជាប្រិយជាដើម” លោក ត្រឹងហ៊ីវហ៊ុង បានបញ្ជាក់ដូច្នេះ៕
យោង៖ baotintuc.vn -ប្រែសម្រួល៖ ថាច់ធី