រយៈពេលនេះ ផ្ទះលោកថាច់ធាសិរី នៅភូមិលិចក្ដី ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ ឮសូររងំការប្រគំបទភ្លេង បង្កបរិយាកាសកក់ក្ដៅនិងមានភាពអ៊ូអរ។ នេះគឺការប្ដេជ្ញាចិត្តរបស់លោកថាច់ធាសិរី មិនត្រឹមតែជួយប្អូនៗក្នុងរដូវវិស្សមកាលមានប្រយោជន៍និងមានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សនិងពង្រីកវប្បធម៌សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរទៀតផង។
លោកថាច់ធាសិរី កំពុងប្រគំឧបករណ៍ភ្លេងខ្មែរ “តាខេ” ឱ្យប្អូនៗមើលរៀនតាម។
វគ្គបង្រៀនភ្លេងប្រពៃណីខ្មែរនៅផ្ទះលោកថាច់ធាសិរី ត្រូវបានចែកជាពីរថ្នាក់ គឺនៅពេលព្រឹកនិងពេលយប់ក្នុងមួយថ្នាក់មានប្អូនៗប្រមាណ១០នាក់។ សុទ្ធតែជាសិស្សសាលាដែលសម្រាករដូវវិស្សមកាល។ បើតាមលោកថាច់ធាសិរី គាត់មានឧបនិស្ស័យហើយបានផ្សារភ្ជាប់នឹងសិល្បៈតាំងពីកុមារមកម៉្លេះ អាស្រ័យហេតុនោះ ទើបលោកមានជីវភាពសុខដុមរមនាដូចសព្វថៃ្ងនេះ ហេតុនោះ លោកមានបំណងផ្ទេរចំណេះដឹងដល់យុវវ័យជំនាន់ក្រោយ ស្នងបន្តអភិរក្សនិងពង្រីកសិល្បៈប្រពៃណីជនជាតិរបស់ខ្លួន។ លោកថាច់ធាសិរី ឱ្យដឹង៖ “ភាគច្រើន ប្អូនៗយុវវ័យសម័យនេះ បានទទួលទម្រង់សិល្បៈទំនើបៗជាច្រើន ម្ល៉ោះហើយសិល្បៈប្រពៃណីរបស់ជនជាតិបើមិនយកចិត្តទុកដាក់ទេ អាចនឹងរងការសាបរលាបបន្តិចម្តងៗជាមិនខាន។ ហេតុនេះ ខ្ញុំមានបំណងស្វែងរកប្អូនៗយុវវ័យដែលមានចំណូលចិត្ត មានទេពកោសល្យខាងភ្លេងប្រពៃណី ដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រគំនូវឧបករណ៍ភ្លេងប្រពៃណីដែលខ្ញុំបានចេះចាំ សំដៅកសាងកងជួរបន្តវេន រួមចំណែកអភិរក្សវប្បធម៌របស់ជនជាតិខ្មែរ”។
ប្អូនចន្ទសុភា បានលោកថាច់ធាសិរី ណែនាំប្រគំឧបករណ៍ “ឃឹម” ឱ្យត្រូវតាមចង្វាក់។
ប្អូនចន្ទសុភា ឱ្យដឹង៖ លោកគ្រូធាសិរី តែងយកអស់ពីចិត្តបង្ហាត់បង្រៀនដល់ប្អូនៗពីបំណិននៃការប្រគំឧបករណ៍ភ្លេងផ្សេងៗគ្នា។ លោកគ្រូរួសរាយនិងស្និទ្ធស្នាល ម្ល៉ោះហើយពួកប្អូនមានអារម្មណ៍ស្រស់ស្រាយនិងមានកម្លាំងក្នុងការរៀន។ ក្នុងដំណាក់កាលបង្ហាត់បង្រៀន លោកគ្រូជានិច្ចកាលចែករំលែកអំពីអត្ថន័យ តម្លៃនៃឧបករណ៍ភ្លេងនីមួយៗបង្ហាត់បង្ហាញដល់សិក្ខាកាមពីបំណិនទំនាក់ទំនងនិងការប្រគំ ជួយសិក្ខាកាមយល់ច្បាស់ពីតម្លៃឧបករណ៍ភ្លេងប្រពៃណីជនជាតិនិងឱ្យមានបំណិនក្នុងការប្រគំបានល្អ។
លោកកៀងភឿង ប្រធានភូមិលិចក្ដី បានវាយតម្លៃខ្ពស់អំពីការបើកថ្នាក់បង្រៀនភ្លេងប្រពៃណីជនជាតិខ្មែររបស់លោកថាច់ធាសិរី។ លោកកៀងភឿង គូសបញ្ជាក់៖ បច្ចុប្បន្នមានទម្រង់សិល្បៈមួយចំនួនរងការសាបរលាប។ អាស្រ័យហេតុនោះ ចាំបាច់ណាស់មានថ្នាក់រៀនយ៉ាងនេះឯង ដើម្បីរួមចំណែកអភិរក្សវប្បធម៌សិល្បៈដ៏ពិសេសរបស់ជនជាតិខ្មែរ។ ជាពិសេស ត្រូវមានការព្រួតដៃរួមកម្លាំងរបស់អ្នកទាំងអស់គ្នា៕
យោង៖ VOV ប្រែសម្រួល៖ លីសៀ