06/08/2024 - 10:22

ព្រួត​ដៃ​អភិរក្ស​វប្បធម៌​ជន​ជាតិ​

បច្ចុប្បន្ន​ មិន​ត្រឹម​តែនៅ​តាម​វត្ត​អា​រាម​ប៉ុណ្ណោះ​ទេ​ គឺ​ទាំង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ ស្រុក​នៃ​ខេត្ត​សុក​ត្រាំង​ ក៏​ព្រួត​ដៃ​គ្នា​អភិរក្ស​នូវ​តម្លៃ​វប្បធម៌​សិល្បៈ​របស់​ជន​ជាតិ​ផង​ដែរ។​

​ ក្រុម​របាំ​វត្ត​ព្រែក​អ​ណ្ដើក រាំ​របាំ​ជូន​ពរ​ក្នុង​ពិធី​បុណ្យ​កឋិន​ទាន​ក្នុង​វត្ត។​

ក្នុង​ពិធី​បុណ្យ​ផ្សេង​ៗ​ មាន​ដូច​ជា​បុណ្យ​កឋិន​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា ។ល។​ សម្លៀក​បំពាក់​ប្រ​ពៃណី​ខ្មែរ​ តែង​បាន​ជន​រួម​ជាតិ​ខ្មែរ​ប្រើ​ប្រាស់​សម្រាប់​ស្លៀក​ពាក់​ទៅ​វត្ត​ក្នុង​ថ្ងៃ​បុណ្យ​។​ បង​ស្រី​ថាច់​ធីថា​សិរី​ អ្នក​អភិរក្ស​សម្លៀក​បំពាក់​ប្រ​ពៃណី​ខ្មែរ​ដែល​បាន​ដាក់​តាំង​នៅ​វត្ត​បទុម​វង្សា​សំ​រោង​ សង្កាត់​លេខ​៥ ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹងៈ “ខ្ញុំ​ទិញ​សម្លៀក​បំពាក់​ប្រ​ពៃណី​ខ្មែរ​គ្រប់​ឈុត​ទាំង​អស់​ តាំង​ពី​សម្លៀក​បំពាក់​សម្រាប់​អា​ពាហ៍​ពិពាហ៍​ សម្រាប់​ពិធី​បុណ្យ​ទាន​ សម្រាប់​ទៅ​វត្ត​រហូត​ដល់​សម្លៀក​បំ​ពាក់​សម្រាប់​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ល។​ ម្ល៉ោះ​ហើយ​ បាន​ក្លាយ​ជា​ផលិត​ផល​មួយ​មាន​លក្ខណៈ​ពិសេស។​ សព្វ​ថ្ងៃ​នេះ​ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ដែល​មក​គោ​រព​បូជា​និង​ទស្សនា​កំ​សាន្ត​នៅ​វត្ត​បទុម​វង្សាសំ​រោង​ បាន​ចូល​មក​កន្លែង​ដាក់​តាំង​ដើម្បី​ទស្សនា​ស្វែង​យល់​ពី​សម្លៀក​បំ​ពាក់​ប្រ​ពៃណី​ខ្មែរ​និង​ជួល​ស្លៀក​ពាក់​សម្រាប់​ថត​រូប​ទៀត​ផង។​ ចំ​ណែក​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ប្រ​ពៃណី​របស់​ជន​ជាតិ​ បង​ប្អូន​មាមីង​ខ្មែរ​តែង​មក​ជួល​និង​ទិញ​សម្លៀក​បំ​ពាក់​ខ្មែរ​សម្រាប់​ស្លៀក​ពាក់​ទៅ​វត្ត​ ដើម្បី​រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​ និង​ផ្សព្វ​ផ្សាយ​ពី​សម្លៀក​បំពាក់​ប្រ​ពៃណី​របស់​ជន​ជាតិ​ដល់​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ផង”។​

​ ក្រុម​ឆៃ​យុាំ​វត្ត​ព្រែក​អណ្ដើក លេង​កំ​ដរ​ក្នុង​ពិធី​បុណ្យ​កឋិន​ទាន។​

អ្នក​ស្រី​ឡឹម​ធីហូវ​ នៅ​ឃុំ​តឹង​ហឹង​ ស្រុក​ឡុង​ភូ ល្បី​ឈ្មោះ​ជា​គ្រូ​បង្ហាត់​របាំ​នៅ​តាម​វត្ត​ខ្មែរ​ ក្នុង​និង​ក្រៅ​ខេត្ត។​ វត្ត​អា​រាម​នា​នា​ បាន​មក​រក​អ្នក​ស្រី​ឡឹម​ធី​ហូវ​ ទៅ​បង្ហាត់​របាំ​និង​ក្បាច់​របាំ​ប្រ​ជា​ប្រិយ​ខ្មែរ​ដល់​សមា​ជិក​ក្នុង​ក្លឹប​សិល្បៈ​របាំ​របស់​វត្ត។​ អ្នក​ស្រី​ឡឹម​ធី​ហូវ​ ឱ្យ​ដឹង៖ “បាន​ចូល​រួម​បង្ហាត់​ក្បាច់​របាំប្រ​ជា​ប្រិយ​ខ្មែរ​ដល់​ប្អូន​ៗ​ គឺ​ជា​មោទន​ភាព​របស់​ខ្ញុំ។​ កិត្តិ​យស​ជាង​ទៀត​នោះ​នៅ​ពេល​បង្កើត​បាន​ក្រុម​របាំ​ជូន​វត្ត​បឹង​ក្រ​ចាប់​ថ្មី​និង​បង្រៀន​ច្រៀង​ រាំ សម្រាប់​បម្រើ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ក្នុង​វត្ត​អា​រាម​និង​ភូមិ​ស្រុក។​ បច្ចុប្បន្ន​ វត្ត​បឹង​ក្រ​ចាប់​ថ្មី​មាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ ក្រុម​ឆៃ​យុាំ​និង​ក្រុម​របាំ ម្ល៉ោះ​ហើយ​ នៅ​ពេល​ទំ​នេរ​ខ្ញុំ​តែង​ទៅ​វត្ត​បង្រៀន​ដល់​ប្អូន​ៗ។​ ភាគ​ច្រើន​ប្អូន​ៗ​ ចូល​ចិត្ត​រាំ​ច្រៀង​ ប្រ​ការ​នេះ​រឹត​តែ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​​កម្លាំង​ចិត្ត​ក្នុង​ការ​បង្រៀន​ និង​រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​សិល្បៈ​ប្រ​ជា​ប្រិយ​របស់​ជន​ជាតិ”។​

ជាច្រើន​ឆ្នាំ​មក​នេះ​ នៅ​វត្ត​ព្រែក​អណ្ដើក​ ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង​ បង្កើត​បាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ ក្រុម​ឆៃ​យុាំ ក្រុម​របាំ​និង​វត្ត​បាន​ទិញ​សម្លៀក​បំ​ពាក់​ គ្រឿង​អលង្ការ​ផ្សេង​ៗ​មាន​ដូច​ជា​មកុដ​ ក្បាល​យក្ស​ស្វា​ជា​ដើម​សម្រាប់​ក្រុម​របាំ។​ ទន្ទឹម​នឹង​នោះ​ ព្រះ​ចៅ​អធិ​ការ​វត្ត​បាន​ជួល​តន្ត្រី​ករ​ សិល្ប​ករ​ មក​ប​ង្ហាត់​ភ្លេង​ បង្ហាត់​របាំ​ដល់​សមា​ជិក​ក្នុង​ក្រុម​តន្ត្រី​ ក្រុម​របាំ​របស់​វត្ត។​ ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ចន្ទ​សំ​ណាង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​អណ្ដើក​ មាន​ថេរ​ដី​កា៖ “វត្ត​អា​រាម​តែង​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​វត្ត​អា​រាម​ត្រូវ​បាន​ចាត់​ទុក​ជា​មជ្ឈ​មណ្ឌល​ប្រ​ជុំ​ជីវ​ភាព​ជំ​នឿ​សាសនា​ ជា​ទី​តាំង​អភិរក្ស​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ។​ អា​ត្មា​ភាព​បាន​បង្កើត​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ ក្រុម​របាំ​សម្រាប់​បម្រើ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ក្នុង​វត្ត​និង​តាម​ភូមិ​ស្រុក។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ សមា​ជិក​ក្នុង​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ ក្រុម​របាំ តែង​ជួយ​បង្ហាត់​បង្ហាញ​តៗ​គ្នា​ពី​ជំ​នា​ន់​មួយ​ទៅ​ជំ​នាន់​មួយ​ ទើប​ក្រុម​ភ្លេង​ពិណ​ពាទ្យ​និង​ក្រុម​របាំ​នៅ​រក្សា​គង់​វង្ស​បាន​ដូច​សព្វ​ថ្ងៃ។​ ពី​ព្រោះ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ ពេល​មាន​ភ្លេង​ពិណ​ពាទ្យ​ ឬ​មាន​របាំ​ច្រៀង​រាំ ទើប​ធ្វើ​ឱ្យ​បរិយា​កាស​នៃ​ពិធី​បុណ្យ​មាន​ភាព​អឹក​ធឹក ទាំង​មា​មីង​ពុទ្ធ​បរិស័ទ​ក៏​មាន​ភាព​ស្និទ្ធ​ស្នាល ហើយ​ការ​រស់​នៅ​ក៏​មាន​ភាព​សាមគ្គី​៕

​យ្វីអាញ-ពេជ្រសឿន

ចែករំលែកអត្ថបទ