ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវិស្សមកាលម្តងៗ នៅតាមវត្តអារាមនិងភូមិស្រុកនានា ដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិសាស្ត្រខេត្តបាកលីវ តែងបើកថ្នាក់បង្រៀនអក្សរខ្មែរ។ នេះជាទង្វើរួមចំណែកព្រួតដៃក្នុងការអភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនជាតិខ្មែរ។
ព្រះចៅអធិការនិងគណៈកម្មការវត្តមុនីសិរីសោភ័ណ (កោះដូង) ជូនសិក្ខូបករណ៍
ដល់សិស្សមុននឹងចូលរៀនអក្សរខ្មែរ។
តាមថេរដីកាព្រះឧបជ្ឈាយ៍ តាំងសាវង្ស អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបាកលីវ និងជាព្រះចៅអធិការវត្តបុប្ផារាម (ខ្វែងបបែលចាស់) ឃុំហឹងហោយ ស្រុកវិញឡើយ មកទល់ពេលនេះ ទូទាំងខេត្តមានវត្តអារាមខ្មែរ២០/២២ បើកថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាល។ ក្រៅពីការបង្រៀនអក្សរខ្មែរ មានវត្តជាច្រើនក៏បានបើកថ្នាក់ធម្មវិន័យ និងថ្នាក់បាលីសម្រាប់ព្រះសង្ឃសិក្សាផងដែរ។
ព្រះតេជព្រះគុណ ថាច់យឿងទ្រុង ព្រះចៅអធិការវត្តមុនីសិរីសោភ័ណ (កោះដូង) ឃុំវិញភូតី ស្រុកភឿកឡុង ព្រះអង្គតែងលើកចិត្តទឹកសិស្សខំប្រឹងសិក្សា ដើម្បីចេះអាន ចេះសរសេរអក្សរខ្មែរ គ្រាន់បានជាចំណេះដឹងទៅអនាគត។ ឆ្នាំនេះ វត្តបើកបង្រៀនអក្សរខ្មែរចាប់ពីថ្នាក់ទី១ដល់ទី៣ ដោយមានសិស្សចូលរៀនជាង៦០ នាក់។ អ្នកមីងសើុងធីភា ជូនចៅ២នាក់មករៀនអក្សរខ្មែរនៅវត្តមុនីសិរីសោភ័ណ។ គាត់ឱ្យដឹង៖ “ឮវត្តប្រកាសបើកថ្នាក់បង្រៀនអក្សរខ្មែរ ដូច្នេះ ខ្ញុំក៏មកចុះឈ្មោះឱ្យចៅ២នាក់ចូលរៀន។ ចៅ ខ្ញុំរៀនថ្នាក់ដំបូងប៉ុន្មានខែរដូវវិស្សមកាល អាចចេះអាន ចេះសរសេរព្យញ្ជនៈ៣៣តួបានគួរសម។ ចៅចេះបានច្រើនភាសាកាន់តែល្អ បំផុតគឺអក្សរខ្មែរ”។
ថ្នាក់បង្រៀនអក្សរខ្មែរនៅវត្តគម្ភីរសាគរព្រែកជ្រៅ ក្រុងបាកលីវ។
ចំណែកនៅវត្តគម្ភីរសាគរព្រែកជ្រៅ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ បើកបង្រៀនអក្សរខ្មែរបាន៦បន្ទប់ ចាប់ពីថ្នាក់ទី១ដល់ទី៣។ ក្នុងមួយថ្ងៃរៀន២ពេល ហើយព្រះសង្ឃក្នុងវត្តរ៉ាប់រងការបង្ហាត់បង្រៀន។ ព្រះឧបជ្ឈាយ៍ យឿងវឹង ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ មានថេរដីកា៖ “ការបង្រៀនអក្សរខ្មែររដូវវិស្សមកាល បានក្លាយជាទម្លាប់ប្រចាំឆ្នាំ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាមីងពុទ្ធបរិស័ទ មាមីងជូនកូនចៅមករៀនអក្សរខ្មែរក្នុងវត្តច្រើនកុះករ។ ការរៀនអក្សរខ្មែររដូវវិស្សមកាល ជួយឱ្យប្អូនៗ ចេះអាន ចេះសរសេរអក្សរខ្មែរ”។
យោងតាមគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ទន្ទឹមនឹងការអនុវត្តពេញលេញ ទាន់ពេលអំពីគោលនយោបាយអាទិភាពរបស់បក្សនិងរដ្ឋ ឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានចំណាយថវិកាប្រមាណ៥២០លានដុង ពីប្រភពទុនអនុវត្តគោលនយោបាយដាច់ដោយឡែករបស់ខេត្ត ដើម្បីឧបត្ថម្ភដល់គ្រូបង្រៀនអក្សរខ្មែររដូវវិស្សមកាល។ គោលនយោបាយអាទិភាព បានផ្តល់កម្លាំងចិត្តដល់គ្រូបង្រៀនអក្សរខ្មែរនៅតាមវត្តអារាមនិងភូមិស្រុក ដើម្បីរួមចំណែកព្រួតដៃគ្នាអភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនជាតិខ្មែរ៕
លីធាន-មុនី