15/04/2024 - 14:03

សុភា​ ជក់​ចិត្ត​នឹង​របាំ​ប្រ​ពៃ​ណី​

បង​ស្រី​លីវ​ធីសុភា​ ជា​បុគ្គ​លិក​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ។​ បង​ស្រី​ស្រ​ឡាញ់​ចូល​ចិត្ត​របាំ តាំង​ពី​តូច ម្ល៉ោះ​ហើយ​ទោះ​បីសិក្សា​ផ្នែក​វេជ្ជ​សាស្រ្ត​ តែ​បង​ស្រី​បែរ​ជា​ចូល​ប្រ​ឡូក​ខាង​វិស័យ​សិល្បៈ​ទៅ​វិញ។​

ការ​សម្ដែង​សិល្បៈ​របាំប្រ​ពៃណី​ខ្មែរ។​

កើត​និង​ធំ​ដឹង​ក្ដី​នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ផ្ទះ​នៅ​ជិត​វត្ត​ ម្ល៉ោះ​ហើយ​កាល​ពី​តូច​បង​ស្រី​សុភា​ តែង​ចូល​វត្ត​រត់​លេង​ជា​មួយ​មិត្ត​ភក្តិ។​ បង​ស្រី​សុភា​ រៀប​រាប់៖ “ពេល​ចូល​វត្ត​លេង​ ជួន​នឹង​ពេល​ដែល​លោក​ពូ​អ្នក​មីង​គាត់​ហាត់​រាំច្រៀង​ ខ្ញុំ​មើល​ភ្លេច​ទាំង​បាយ​ រហូត​ដល់​ឪ​ពុក​ម្ដាយ​គាត់​មក​រក​ទើប​ទៅ​ផ្ទះ។​ ពេល​ឃើញ​ពួក​គាត់​រាំ ខ្ញុំ​តែង​កាច់​ក្បាច់​ត្រាប់​តាម​ លុះ​ធ្វើ​ញយៗ​ទៅ​ក៏​ធ្លាប់​ ហើយ​ដៃ​ទន់ជាង​មុន។​ ប្រ​ហែល​ជា​សង្កេត​ ឃើញ​ខ្ញុំ​មាន​ទេព​កោសល្យ​ខាង​រាំ ទើប​ពេល​ឈប់​សម្រាក​ ពួក​គាត់​ក៏​ជួយ​ណែ​នាំ​ខ្ញុំ​ពី​របៀប​កាច់​ក្បាច់”។​ ដោយ​ស្រ​ឡាញ់​ចូល​ចិត្ត​ របាំខ្លាំង​ពេក​ ម៉្លោះ​ហើយ​នៅ​ភូមិ​ស្រុក​ណា​ក្នុង​ទី​ប្រ​ជុំ​ជន​មាន​កម្ម​វិធី​រាំ​រែក​អ្វី​ គឺនៅ​ទីនោះ​ តែង​មាន​មុខ​សុភារ​ហូត។​ បន្ទាប់​មក​ សុភា​ក៏​បាន​ជ្រើស​ចូល​ក្រុម​សិល្បៈ​របស់​វត្ត​ នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ដើម្បី​ហាត់​សម​និង​ សម្ដែង។​ មួយ​រយៈ​ក្រោយ​មក​ សុភា​ក៏​ប្រ​ឡង​ជាប់​ចូល​រៀន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ ហេតុ​នោះ​គ្មាន​ពេល​ហាត់​រាំ​ជា​មួយ​ក្រុម​សិល្បៈ​របស់​វត្ត​ទៀត។​

សុភា​ រៀប​រាប់ៈ “ខ្ញុំ​ចូល​ចិត្ត​របាំ​ណាស់​ ដូច្នេះ​ ពេល​សា​លា​បង្កើត​ក្រុម​របាំខ្មែរ​ គឺ​ខ្ញុំ​ចុះ​ឈ្មោះ​ចូល​រួម​ភ្លាម។​ ក្នុង​រយៈ​ពេល​រៀន​នៅ​សា​លា​ចំ​ណេះ​ទូទៅ​ក្នុង​ទិវា​សមោសរ​ធំ​ៗ​ របស់​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទូទាំង​ប្រ​ទេស​ សា​លា​រៀន​របស់​ខ្ញុំ​បាន​អញ្ជើញ​លោក​គ្រូ​ហ្វិញ​ញ៉ឹក​យ័ញ​ មក​ប​ង្ហាត់​រាំ​ដើម្បី​ចូល​រួម​សម្ដែង​នឹង​គេ​ដែរ។​ ក្រោយ​ៗ​មក​ លោក​គ្រូ​គាត់​តែង​ហៅ​ខ្ញុំ​ចូល​រួម​ឈុត​របាំ​ដែល​គាត់​ចង​ក្រង​ សម្តែង​បម្រើ​ក្នុង​ទិវា​បុណ្យ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។​ បាន​លោក​គ្រូ​គាត់​ជួយ​បង្ហាត់​ បង្រៀន​ដោយ​អស់​ពី​ចិត្ត​ ម្ល៉ោះ​ហើយ​ក្នុង​ រយៈ​ពេល​ដែល​ខ្ញុំ​កំ​ពុង​សិក្សា​មុខ​វិជ្ជា​ពេទ្យ​នៅ​ខណ្ឌ​និញ​កេវ​ ខ្ញុំ​ក៏​ជា​សហ​ការី​សិល្បៈ​របាំ​របស់​មជ្ឈ​មណ្ឌល​វប្បធម៌​ក្រុង​ផង​ដែរ”។​ “ទោះ​បី​ក្រុម​គ្រួ​សារ​សប្បាយ​ចិត្ត​ រៀង​រាល់​លើក​ដែល​ឃើញ​ខ្ញុំ​រាំ​លើ​ឆាក​ក្នុង​ឱកាស​ថ្ងៃ​ បុណ្យ​ទាន​ផ្សេង​ៗ​ របស់​ជន​រួម​ជាតិ​ខ្មែរ​ក៏​ពិត​មែន​  ប៉ុន្តែ​សម្រាប់​ឪ​ពុក​ម្ដាយ​ខ្ញុំ​ រាំ​មិន​មែន​​ជា​អា​ជីព​ទេ។​ ហេតុ​នេះ​ ខ្ញុំ​ត្រូវ​ខំ​រៀន​បញ្ចប់​កម្ម​វិធី​សិក្សា​ មាន​អា​ជីព​ជា​គ្រូ​ពេទ្យ​ ហើយ​មាន​ការ​ងារ​ធ្វើ​ស្រួល​បួល”- បង​ស្រី​សុភា​ បាន​រៀប​រាប់​ដូច្នេះ​។​  ប៉ុន្តែ​អា​ជីព​សិល្បៈ​ហាក់​មាន​និស្ស័យ​ជា​មួយ​សុភា។​ ពេល​ចេញ​សា​លា​ មិន​ទាន់​សុំ​បាន​ការ​ងារ​ផង​ ខណៈ​នោះ​មជ្ឈ​មណ្ឌល​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ស្រុក​កើ-ដ ទើប​តែ​បង្កើត​បន្ទាប់​ពី​ចែក​ចេញ​ពី​ស្រុក​ អូរ​ម៉ូង​ កំ​ពុង​ត្រូវ​ការ​បុគ្គ​លិក​ បង​ស្រី​សុភា​ ក៏​បាន​អ្នក​ទទួល​បន្ទុក​ផ្នែក​នេះ​ម្នាក់​ធ្លាប់​អញ្ជើញ​ បង​ស្រី​ចូល​រួម​ជា​សហ​ការី​រាំ ផ្ដល់​យោ​បល់​ឱ្យ​ បង​ស្រី​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​។​ ដូច្នេះ​បង​ស្រី​ក៏​ប្ដូរ​មុខ​ជំ​នាញ​វិល​ត្រ​ឡប់​មក​រក​ចំ​ណូល​ចិត្ត​សិល្បៈ​វិញ។​

ព្រោះ​”មិន​បាន​ឆ្លង​កាត់​សា​លា​” ម្ល៉ោះ​ហើយ​ក្រោយ​ពី​មួយ​រយៈ​បម្រើ​ការ​ងារ​ បង​ស្រី​សុភា​ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​ថ្នាក់​ចង​ក្រង​វណ្ណ​កម្ម​របាំ សិក្សា​វគ្គ​បំ​ប៉ន​ទ្រឹស្ដី​នយោ​បាយ​ ដើម្បី​វណ្ណ​កម្ម​ដែល​ចង​ក្រង​ដោយ​ស្នា​ដៃ​បង​ស្រី​អាច​ជួយ​ដល់​ការ​ផ្សព្វ​ផ្សាយ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ជាង។​ តាម​ប្រ​សាសន៍​ អ្នក​ស្រី​ត្រឹង​កឹម​ទូ នា​យក​រង​មជ្ឈ​មណ្ឌល​ វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ស្រុក​ថើយ​ឡាយ​ អា​ស្រ័យ​បាន​ចូល​រួម​ថ្នាក់​ចង​ក្រង​វណ្ណ​កម្ម​របាំ​និង​វគ្គ​បំ​ប៉ន​ទ្រឹស្ដី​នយោ​បាយ​ ទើប​វណ្ណ​កម្ម​របាំ​របស់​បង​ស្រី​សុភា​ សម​ស្រប​នឹង​ទិស​ដៅ​នៃ​ការ​ងារ​ផ្សព្វ​ផ្សាយ​របស់​មជ្ឈ​មណ្ឌល​ វប្បធម៌​។​ ក្រៅ​ពី​រាំ​របាំ សុភា​នៅ​ទាំង​ចូល​រួម​ជា​សហការី​ឃោសនា​ការ។​ ជា​មួយ​នឹង​ការ​ងារ​ប្រ​គល់​ឱ្យ​ថ្មី​ សុភា​ ស៊ូ​លំ​បាក​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​សម្រេច​ល្អ​នូវ​ភារ​កិច្ច។​ ការ​ងារ​ដែល​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ប្រ​គល់​ឱ្យ​ សុភា​ តែង​អនុវត្ត​សម្រេច​ជា​និច្ច​ ទើប​ស្ថាប័ន​មាន​ទំ​នុក​ចិត្ត​ពេល​ប្រ​គល់​ការ​ងារ​ឱ្យ។​

ទោះ​បីដូច្នោះ​ក៏​ដោយ​ ពេល​និយាយ​ពី​សុភា​ មិន​មែន​ដោយ​សារ​បង​ស្រី​រាំ​ស្អាត​ ចង​ក្រង​វណ្ណ​កម្ម​របាំ​បាន​ល្អ​នោះ​ទេ​ គឺ​នៅ​ទាំង​ដោយ​សារ​បង​ស្រី​ស្រ​ឡាញ់​ពេញ​ចិត្ត​នឹង​ សិល្បៈ​របាំ​ប្រ​ពៃណី​ និង​រាំ​របាំ​ប្រ​ពៃណី​ខ្មែរ​ស្អាត​ទៀត​ផង។​ ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​របាំ​ប្រ​ពៃ​ណី​ ទើប​បង​ស្រី​បង្កើត​ក្លឹប​សិល្បៈ​ មហា​ជន​ខ្មែរ​នៅ​ស្រុក​ថើយ​ឡាយ។​ ចាប់​តាំង​ពី​មាន​ក្លឹប​នេះ​ បង​ស្រី​ក៏​មមា​ញឹក​រៀប​ចំ​ឈុត​ ឆាក​រាំ​ច្រៀង​ ហើយ​ក៏​បាន​អញ្ជើញ​ទៅ​សម្ដែង​ ជា​ច្រើន​កន្លែង​ ដូច​ជា​កម្ម​វិធី​សម្រស់​និទាឃ រដូវ​តំ​បន់​ចម្ការ​ស្រែ​ ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ពិធី​ជួប​ជុំ​នៅ​ស្រុក​ផុង​ដៀង និង​នៅ​តាម​វត្ត​ខ្មែរ​ជា​ដើម​។​ បង​ស្រី​សុភា​ រៀប​រាប់៖ ទិវា​បុណ្យ​វប្បធម៌​បាន​រៀប​ចំ​ឡើង​ចំ​នួន​៨​លើក​នៅ​តាម​ ខេត្ត​ ក្រុង​នា​នា​នៃ​តំ​បន់​ណាម​បូ​ ខ្ញុំ​តែង​ចូល​រួម​និង​ចង​ក្រង​ឈុត​របាំ​ជា​ច្រើន​សម្រាប់​ចូល​រួម​ប្រ​ឡង។​ ឆ្នាំ​២០២២ ក្នុង​ទិវា​បុណ្យ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​  នៅ​ខេត្ត​សុក​ត្រាំង​ ក្រុម​សិល្បៈ​មហា​ ជន​ខ្មែរ​ថើយ​ឡាយ​ទទួល​បាន​រង្វាន់​ A ទូទាំង​ក្រុម។​ ឆ្នាំ​កន្លង​ហើយ​ ក្រុម​យើង​ខ្ញុំ​មាន​កិត្តិ​យស​បាន​ប្រ​គល់​ភារ​កិច្ច​អនុវត្ត​កម្ម​វិធី​សិល្បៈ​សម្រាប់​ស្ថានីយ​ទូរ​ស្សន៍​ផ្សាយ​ផ្ទាល់​ក្នុង​កម្ម​ វិធី​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​កឹង​ធើ អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី”។​

អស់​ពី​ចិត្ត​ជា​មួយ​នឹង​របាំ​ប្រ​ពៃណី​ បង​ស្រី​ សុភា​ បង្ហើបឱ្យ​ដឹង​៖ “ដោយ​សារ​ការ​ងារ​ចិញ្ចឹម​ ជីវិត​មាន​សមា​ជិក​ខ្លះ​របស់​ក្លឹប​ត្រូវ​ទៅ​ធ្វើ​ការ​ រក​ស៊ី​ឆ្ងាយ​ៗ​  ទើប​ខ្ញុំ​ចង់​បង្ហាត់​បង្រៀន​ដល់​ក្មេង​ៗ​ជំ​នាន់​ក្រោយ​បណ្ដុះ​បណ្ដាល​ពួក​គាត់​ ឱ្យ​មាន​មូល​ដ្ឋាន​គ្រឹះ​ត្រឹម​ត្រូវ។​ ប្រ​សិន​បើ​មាន​ការ​ជួយ​ឧបត្ថម្ភ​ ខ្ញុំ​នឹង​ធ្វើ​ការ​ជ្រើស​រើស​ប្អូន​ៗ​ យុវ​វ័យ​ដើម្បី​បង្ហាត់​បង្រៀន។​ មាន​តែ​ដូច្នេះ​ ទើប​ក្បាច់​របាំ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ អាច​អភិរក្ស​និង​ពង្រីក​បាន​នូវ​លក្ខណៈ​ថ្លៃ​ថ្នូរ​ ប្រ​កប​ទៅ​ដោយ​អត្ត​សញ្ញាណ​ ដែល​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ជំ​នាន់​បាន​និង​កំ​ពុង​តែ​ថែរក្សា” ៕​

ហា​ថាញ-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ