01/04/2024 - 17:24

អភិរក្ស​និង​ពង្រីក​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ

យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ រយៈ​ពេល​កន្លង គ្រប់​ស្ថា​ប័ន​វប្ប​ធម៌​មូល​ដ្ឋាន​តំបន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​កសាង មាន​ភាព​សុក្រឹត ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​កសាង​ឃុំ​ជន​បទ​ថ្មី ក្រុង​ស៊ី​វិល័យ។ល។

 ពិធី​បុណ្យ​អក​អំបុក​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ។

តាម​ស្ថិតិ​បណ្តោះ​អា​សន្ន​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ ទូទាំង​តំ​បន់​ណាម​បូ បច្ចុប្បន្ន​មាន​អគារ​វប្ប​ធម៌​និង​មជ្ឈ​មណ្ឌល​វប្ប​ធម៌​សហ​គមន៍​ជាង​៣.៨២៥​កន្លែង។ ក្រុម​ឃោស​នា​ការ​ចល័ត ក្រុម​សិល្បៈ​មហា​ជន​ អគារ​ប្រ​ពៃ​ណី ប្រៃ​សណីយ៍​វប្ប​ធម៌​ឃុំ បណ្ណា​ល័យ ពិសេស​គឺ​ប្រ​ព័ន្ធ​បណ្ណា​ល័យ​សា​ធារ​ណៈ​នៅ​តាម​វត្ត​ខ្មែរ​នានា ត្រូវ​បាន​ពង្រឹង​និង​រក្សា​សកម្ម​ភាព​ជា​ប្រ​ចាំ។   ភាគ​ច្រើន​វត្ត​ខ្មែរ​នី​មួយៗ ត្រូវ​បាន​បំ​ពាក់​មធ្យោ​បាយ​សោត​ទស្សន៍ (១០០% វត្ត​មាន​ទូរ​ទស្សន៍) ជា​សារ​វន្ត​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​លើក​ស្ទួយ​ជីវ​ភាព​វប្ប​ធម៌​ស្មារតី​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជន​បទ បំ​ផុត​គឺ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល។

ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ត្រូវ​បាន​រក្សា​តរៀង​មក និង​អភិវឌ្ឍ​ពិ​ធី​បុណ្យ​វប្ប​ធម៌​ប្រ​វេណី​ដ៏​ល្អ​ប្រ​ពៃ ត្រូវ​បាន​ភូមិ​ភាគ​តំបន់​ជន​រួម​ជាតិ​ខ្មែរយក​ចិត្ត​ទុក​ដាក់ និង​បង្ក​លក្ខណ​សម្បត្តិ​រៀប​ចំ​ជា​និច្ច។ លោក​ផាម​វ៉ាន់​ហេវ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ រៀង​រាល់​ឆ្នាំ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ចេញ​ឯក​សារ ចង្អុល​ការ​រៀប​ចំ​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​អត្ថ​ន័យ​ជា​ច្រើន។ ទន្ទឹម​នឹង​នោះ រៀប​ចំ​ពិ​ធី​ជួប​ជុំ​ប្រ​ពៃ​ណី សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​និង​ជូន​អំ​ណោយ​គ្រប់​អង្គ​ភាព​សមា​គម​ព្រះ​សាមគ្គី​ស្នេ​ហា​ជាតិ ​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ អ្នក​មុខ​អ្នក​ការ អ្នក​មាន​ប្រ​ជា​ប្រិយ គ្រួសារ​គោល​នយោ​បាយ​គំរូ គ្រួសារ​ក្រីក្រ​ជា​ជន​ជាតិ​ខ្មែរ។ល។

នៅ​ណាម​បូ ទិវា​បុណ្យ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​រៀប​ចំ​៣​ឆ្នាំ​ម្តង និង​កំ​ណត់​ផ្លាស់​វេន​គ្នា​រៀប​ចំ​ឡើង​នៅ​តាម​ខេត្ត ក្រុង ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ ពិធី​បុណ្យ​អក​អំបុក - ប្រ​ណាំង​ទូក-ង​ខេត្ត​សុក​ត្រាំង ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​រៀប​ចំ​ទ្រង់​ទ្រាយ​ថ្នាក់​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង តាម​ការ​កំណត់​២​​ឆ្នាំ​/ម្តង។ ទិវា​បុណ្យ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ជន​ជាតិ​ខ្មែរនៅ​បណ្ដា​ខេត្ត​ដូច៖គៀង​យ៉ាង អាង​យ៉ាង និង​វិញ​ឡុង ឬ​ក៏​សមោ​សរ សិល្បៈ​មហា​ជន និង​ពិធី​ប្រ​ឡង​បង្ហាញ​សម្លៀក​បំពាក់​ប្រ​ពៃ​ណី​ជន​ជាតិខេត្ត​សុក​ត្រាំង​និង​ត្រា​វិញ ត្រូវ​បាន​រៀប​ចំ​រៀង​រាល់​ឆ្នាំ។ល។ បច្ចុប្បន្ន នៅ​ណាម​បូ​មាន​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ចំ​នួន​៥៥​កន្លែង វប្ប​ធម៌​តំ​បន់​ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​ទទួល​ស្គាល់ រៀប​ចំ​ណាត់​ថ្នាក់; ក្នុង​នោះ មាន​ពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​២  ត្រូវ​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​អរូបី​ថ្នាក់​ជាតិ។ ក្រៅ​ពី​នេះ ភូមិ​ភាគ​នីមួយៗ​ថែម​ទាំង​ឧបត្ថម្ភ​ភ្លេង​ពិណ​ពាទ្យ​ដល់​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ សំ​ដៅ​ពង្រីក​តម្លៃ​វប្ប​ធម៌​សិល្បៈ​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​ជន​រួម​ជាតិ​ទៀត​ផង។

ទន្ទឹម​នឹង​នោះ យោង​តាម​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ រយៈ​ពេល​ចាក់​ផ្សាយ​និង​គុណ​ភាព​នៃ​ការ​ផ្សាយ​ជា​ភាសា​ខ្មែរ​តាម​កម្ម​វិធី​វិទ្យុ​ទូរ​ទស្សន៍​មជ្ឈិមនិង​ភូមិ​ភាគ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ លើក​កម្ពស់​គុណ​ភាព​បម្រើ​ជន​រួម​ជាតិ។ ខេត្ត ក្រុង​ជា​ច្រើន​ក្នុង​តំបន់​មាន​កា​សែត​បោះ​ពុម្ព​និង​កាសែត​អេឡិច​ត្រូនិក​ជា​ភា​សា​ខ្មែរ ដូច៖ កា​សែត​កឹង​ធើ​ភាសា​ខ្មែរ កាសែត​សុក​ត្រាំង កា​សែត​ត្រា​វិញ។ល។ បន្ត​កែ​លម្អ​ទាំង​ខ្លឹម​សារ និង​រូប​ភាព សំ​ដៅ​ផ្សព្វ​ផ្សាយ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម ពាំ​នាំ​ផ្សព្វ​ផ្សាយ​ទាន់​ពេល​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​ដល់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ល។ អា​ស្រ័យ​ហេតុ​នោះ ធ្វើ​ឱ្យ​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​សម្បូរ​បែប ពង្រឹង​បន្ថែម​ទំនុក​ចិត្ត​របស់​ជន​រួម​ជាតិ​ទៅ​លើ​ការ​ដឹក​នាំរបស់​បក្ស​និង​រដ្ឋ៕

                                ថាញ​ឡុង-លី​សៀ

ចែករំលែកអត្ថបទ