|
ព្រះតេជព្រះគុណ លីហុង។ |
រយៈពេលកន្លង ក្រុងកឹងធើតែងយកចិត្តទុកដាក់ក្នុងការអភិរក្សនិងអភិវឌ្ឍន៍នូវតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរ។ និយាយអំពីបញ្ហានេះ ព្រះតេជព្រះគុណ លីហុង សមាជិកក្រុមប្រឹក្សាភិបាល - អនុប្រធានគណៈកម្មការនីតិកម្មនៃសមាគមពុទ្ធសាសនាវៀតណាមមជ្ឈិម។ អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ មានថេរដីកា៖
ក្រុងកឹងធើ ជាទីក្រុងមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង មានទីតាំងដ៏សំខាន់ រួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម និងសន្តិសុខការពារប្រទេសក្នុងតំបន់។ ក្រុងកឹងធើ មានជនជាតិភាគតិចរស់នៅ ២៥ជនជាតិ ក្នុងនោះ ជនរួមជាតិខ្មែរមានចំនួនប្រជាជនច្រើនបំផុត រស់នៅជាយូរលង់នៅតំបន់ទឹកដីកឹងធើនេះ។
សកម្មភាពអភិរក្សអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្ត តែងបានក្រុងយកចិត្តទុកដាក់ឧបត្ថម្ភអនុវត្តបានល្អ។
ទូទាំងក្រុងកឹងធើ មានវត្តខ្មែរ១២វត្ត វិទ្យាស្ថានពុទ្ធសាសនាខ្មែរ០១ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ-កន្លែងអភិរក្ស និងអភិវឌ្ឍនូវតម្លៃវប្បធម៌រូបីនិងអរូបីរបស់សហគមន៍ជនជាតិ។ រៀងរាល់ឆ្នាំ មានពិធីបុណ្យជាច្រើនត្រូវបានប្រារព្ធឡើងតាមទំនៀមទម្លាប់ ជំនឿសាសនា ជំនឿប្រជាប្រិយ និងពិធីកិច្ចរបស់និកាយពិសេសដោយឡែក។ នៅឱកាសទាំងនេះ មាមីងខ្មែរចូលរួមច្រៀងរាំប្រជាប្រិយ ប្រគំភ្លេងប្រពៃណីនៅតាមវត្តអារាម ដាក់តាំងបង្ហាញនូវរបស់របរប្រើប្រាស់មួយចំនួននិងឧបករណ៍ពលកម្ម ប្រជុំជីវភាព និងម្ហូបអាហារប្រពៃណីជាដើម។
ជនរួមជាតិខ្មែរក៏ព្រួតដៃជាមួយផ្នែកវប្បធម៌កឹងធើ ថែរក្សាអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ជនជាតិក្នុងឱកាសបុណ្យទាន និងចូលរួមសម្តែងបង្ហាញក្នុងពិធីបុណ្យ “សម្រស់និទាឃរដូវតំបន់ស្រែចម្ការ” នៅសារមន្ទីរកឹងធើ។ ជាច្រើនឆ្នាំកន្លង បានរួមវិភាគទានវត្ថុតាំង ឯកសារនិងរូបភាពដល់សារមន្ទីរដើម្បីបម្រើក្នុងការដាក់តាំងពិព័រណ៍។
ដោយបានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ឆ្នាំកន្លង ក្រុងបានប្រគេនទូក-ង០១ គ្រឿងដល់វត្តសេតុត្តរ នៅស្រុកកើ-ដ និងទូក-ងខ្នាតតូច០៦គ្រឿងដល់វត្តចំនួន០៥និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរ។ នេះជាប្រភពកម្លាំងដ៏សំខាន់ដើម្បីស្តារអភិរក្សនិងពង្រីកវិញ្ញាសាកីឡាប្រពៃណីប្រណាំងទូក - ងរបស់ភូមិភាគ រួមចំណែកអភិរក្សនិងពង្រីកពិធីបុណ្យអកអំបុករបស់ក្រុងកឹងធើ។
ដើម្បីអនុវត្តបានល្អនូវកម្មវិធីទិសដៅជាតិ ស្តីពីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិច នៅលើភូមិសាស្រ្តក្រុងកឹងធើ ដំណាក់កាល២០២១- ២០៣០ ដំណាក់កាល១៖ ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ តាមអាត្មាភាព ក្រុងគប្បីយកចិត្តទុកដាក់វិនិយោគថវិកាឱ្យសមស្រប បណ្ដុះបណ្ដាលធនធានមនុស្សវ័យក្មេង ដើម្បីស្នងបន្តដូច៖ នាដករ-ការិនី សិល្បករ-ការិនីចម្រៀងប្រពៃណី ប្រគំឧបករណ៍ភ្លេងជនជាតិនិងយកចិត្តទុកដាក់ដល់សិល្បករប្រជាប្រិយ - អ្នកអភិរក្សបេតិកភណ្ឌក្នុងសហគមន៍ អនុវត្តបានល្អនូវគោលនយោបាយអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌។ ចលនាមាមីងព្រួតដៃអភិរក្សនិងពង្រីកបេតិកភណ្ឌ ក្នុងនោះមានបរិច្ចាគជូនវត្ថុតាំងដល់សារមន្ទីរជាដើម៕
ហាថាញ(សម្រង់) - ប្រែសម្រួល៖ វិមាន