ខេត្តសុកត្រាំង បានកសាងគម្រោងបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកក្នុងខេត្ត ដើម្បីបម្រើល្អការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរ។
ជូនលិខិតសរសើរដល់សិក្ខាកាមថ្នាក់គម្រោង។
ក្រោយពីគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ផ្តល់សច្ចាប័នលើគម្រោងបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកលើភូមិសាស្ត្រខេត្ត គណៈចង្អុលការគម្រោងបានប្រគល់ឱ្យសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បណ្តុះបណ្តាលទៅតាមខ្លឹមសារដែលបានអនុម័ត។ ឆ្លងតាមរយៈនោះ ថ្នាក់ភាសាខ្មែរកម្រិតមូលដ្ឋាននិងថ្នាក់បកប្រែសិក្សាចំនួន៣០០ម៉ោង (៤ខែ); ថ្នាក់ភាសាខ្មែរកម្រិតខ្ពស់សិក្សាចំនួន ៤៥០ ម៉ោង (៦ខែ)។ នៅពេលចប់កម្មវិធីសិក្សា សិក្ខាកាមថ្នាក់មូលដ្ឋាននឹងទទួលបានលិខិតបញ្ជាក់ភាសាខ្មែរ; ដោយឡែកថ្នាក់កម្រិតខ្ពស់ ត្រូវបានរៀបចំប្រឡងនិងផ្តល់ជូនវិញ្ញាបនបត្រ ភាសាជនជាតិភាគតិច (ភាសាខ្មែរ)។
ក្រោយរយៈពេល ៤ ឆ្នាំផ្សព្វផ្សាយដល់ឆ្នាំ ២០២៣ គម្រោងបណ្តុះបណ្តាលបាន ១.៣១០ នាក់; សហការនឹងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង រៀបចំនិងផ្សាយតាមកញ្ចក់ទូរទស្សន៍បាន១១៧កម្មវិធី “រួមគ្នារៀនភាសាខ្មែរ”។ ក្រៅពីនេះ មានកម្មាភិបាល យុទ្ធជន ៥៧ នាក់ នៃបញ្ជាការដ្ឋានយោធាខេត្ត ចូលរួមប្រឡងយកវិញ្ញាបនបត្រតាមគម្រោងផងដែរ។ ឆ្លងតាមរយៈថ្នាក់បណ្ដុះបណ្ដាលកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក អាចនឹងនិយាយ ស្តាប់ សរសេរបានភាសាខ្មែរ ដើម្បីបម្រើភារកិច្ចបានល្អ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ វរសេនីយ៍ទោ ផាមង្វៀងថេផុង ស្នងការនយោបាយរង កងទ័ពការពារព្រំដែនសុកត្រាំង ឱ្យដឹង៖ “កម្មាភិបាល យុទ្ធជនការពារព្រំដែនដែលឈរជើងនៅតំបន់ជនរួមជាតិខ្មែរ ត្រូវចេះភាសាខ្មែរដើម្បីងាយស្រួលប្រស្រ័យទាក់ទង។ សព្វថ្ងៃ រៀនចប់ថ្នាក់មូលដ្ឋាន ខ្ញុំនិងកម្មាភិបាល យុទ្ធជន អាចទំនាក់ទំនងជាភាសាខ្មែរ ដើម្បីផ្សព្វផ្សាយ ចលនាមាមីងជនជាតិខ្មែរអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមជាមួយកងទ័ពការពារព្រំដែនរក្សាតំបន់សមុទ្ររបស់ខេត្ត”។ លោកស្រីត្រឹងធីហ្វា ប្រធានសមាគមសម្ព័ន្ធនារីស្រុកចូវថាញ់ ឱ្យដឹង៖ “ថ្នាក់បណ្ដុះបណ្ដាលភាសាខ្មែរពិតជាមានអត្ថន័យណាស់សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកដែលបំពេញការងារនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ ពិសេស រៀនចប់ជួយឱ្យខ្ញុំនិងកម្មាភិបាលប្រស្រ័យទាក់ទងនឹងមាមីងខ្មែរ ដើម្បីដោះស្រាយបានទាន់ពេលនូវបញ្ហាដែលទាក់ទងដល់ការងារ។ ផ្តើមពីនោះ កាន់តែយល់ច្បាស់ពីគោលបំណងរបស់សមាជិកខ្មែរ មានវិធានការជួយទាន់ពេលដើម្បីកុំឱ្យមានហេតុការណ៍ក្ដៅកើតមានឡើង”។
លោកស្រីហូធីកឹមដាវ អនុលេខានៃគណៈកម្មាធិការបក្សខេត្ត គូសបញ្ជាក់ “ជាខេត្តមានជនរួមជាតិខ្មែររស់នៅកុះករ ទាមទារកម្មាភិបាលត្រូវចេះភាសាខ្មែរ ដើម្បីប្រស្រ័យទាក់ទង ដោះស្រាយការងារ ម្ល៉ោះហើយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានផ្តល់សច្ចាប័នលើគម្រោងបណ្តុះបណ្តាលភាសាខ្មែរ សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក លើភូមិសាស្ត្រខេត្ត។ ដូច្នេះ គម្រោងត្រូវបានផ្សព្វផ្សាយអនុវត្តចាប់ពីឆ្នាំ២០១៩-២០២៥ មកទល់ពេលនេះ បណ្តុះបណ្តាលបាន ១.៣១០ នាក់ សម្រេច ៧៥% នៃផែនការគម្រោង”៕
យ្វីអាញ- លីសៀ