08/01/2024 - 16:58

រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​បណ្តុះ​បណ្តាល​កម្មា​ភិបាល​ខ្មែរ​

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​បណ្តុះ​បណ្តាល​ព្រះ​សង្ឃ​ កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ និង​បង្ក​ប​ង្កើត​ប្រ​ភព​កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ សាសនា​របស់​ខេត្ត។​

សមណ​សិស្ស​ក្រោយ​ពី​បញ្ចប់​ពុទ្ធិ​កសិក្សា​បាលី​រង​ នឹង​ត្រូវ​បាន​ជម្រើស​ចូល​រៀន​
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។

បើ​តាម​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ រយៈ​ពេល​៥ឆ្នាំ​កន្លង​ សមាគម​បាន​ចលនា​វត្ត​ខ្មែរ​នា​នា​លើ​ភូមិ​សាស្ត្រ​ខេត្ត​ បើក​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​បាន​២១៧បន្ទប់​ ដោយ​មាន​សមណ​សិស្ស​រៀន​ចំ​នួន​២.៩៥៨​អង្គ​; ធម្ម​វិន័យ​២០​បន្ទប់​(ថ្នាក់​ត្រី​និង​ថ្នាក់​ទោ) មាន​សមណ​សិស្ស​រៀន​៤៥២​អង្គ។​ ទន្ទឹម​នឹង​នោះ​ គណៈ​ប្រ​ចាំ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ បាន​សហ​ការ​ជា​មួយ​នឹង​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​ពុទ្ធិក​បឋម​សិក្សា​ឆ្នាំ​ទី​៤ ធ្វើ​តេស្ត​និង​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​កម្ម​វិធី​បឋម​សិក្សា​ដល់​សមណ​សិស្ស​៣៧៨​អង្គ។​ នេះ​គឺ​ជា​មូល​ដ្ឋាន​ដើម្បី​សមណ​សិស្ស​បាន​ជម្រើស​ចូល​សិក្សា​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ។​ ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ហ៊ីប ព្រះ​ចៅ​អធិ​ការ​វត្ត​ទំ​នប់​ មាន​ថេរ​ដី​កា៖ “រៀង​រាល់​ឆ្នាំ​ វត្ត​ខ្មែរ​នា​នា​លើ​ភូមិ​សាស្ត្រ​ស្រុក​ បើក​ថ្នាក់​ពុទ្ធិក​សិក្សា​បាន​៦​បន្ទប់​ មាន​សមណ​សិស្ស​ចូល​រៀន​៦១​អង្គ។​ ក្នុង​នោះ​ វត្ត​ទំ​នប់​បើក​ថ្នាក់​ពុទ្ធិ​កសិក្សា​១​បន្ទប់​ មាន​សមណៈ​សិស្ស​១៨​អង្គ។​ ក្រៅ​ពី​នេះ​ ដល់​រដូវ​វិស្សម​កាល​ វត្ត​បើក​បង្រៀន​អក្សរ​ខ្មែរ​ចាប់​ពី​ថ្នាក់​ទី​១-៣ មាន​កូន​ចៅ​ខ្មែរ​រាប់​រយ​នាក់​មក​រៀន ម្ល៉ោះ​ហើយ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិរក្ស​ភាសា​និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ”។​

ថ្នាក់​បង្រៀន​ពុទ្ធិក​បឋម​សិក្សា​នៅ​វត្ត​សិរី​តាម៉ឺន​ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ។​

លោក​គ្រូ​ថាច់​ឫ​ទ្ធិ នា​យក​រង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ឱ្យ​ដឹង​៖ “ភាគ​ច្រើន​សមណ​សិស្ស​ដែល​បាន​ជម្រើស​ចូល​រៀន​ តែង​បាន​វត្ត​ខ្មែរ​នា​នា​បណ្តុះ​បណ្តាល។​ ពី​ព្រោះ​លក្ខឋាន​ជម្រើស​ចូល​របស់​សាលា​ គឺ​សមណ​សិស្ស​ត្រូវ​បញ្ចប់​សញ្ញា​បត្រ​បាលី​រង។​ អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ ក្នុង​ការ​បណ្តុះ​បណ្តាល​ពុទ្ធិក​បឋម​សិក្សា​ និង​ផ្តល់​ជូន​សញ្ញា​បត្រ​បាលី​រង​ដល់​ព្រះ​សង្ឃ​ បាន​ជួយ​ឱ្យ​សា​លា​សម្រេច​បទ​ដ្ឋាន​ជម្រើស​សិស្ស​ត្រូវ​តាម​ផែន​ការ។​ ចំ​ពោះ​សមណ​សិស្ស​ដែល​បាន​ជម្រើស​ចូល​រៀន​ គឺ​បាន​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​ ទទួល​បាន​របប​គោល​នយោ​បាយ​គ្រប់​សព្វ​របស់​រដ្ឋ។​ ខណៈ​ពេល​សិក្ខា​កាម​របស់​សាលា​ប្រ​ឡង​ សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ គឺ​បាន​ផ្តល់​ជូន​សញ្ញា​បត្រ​ពុទ្ធិក​មធ្យម​សិក្សា​ថ្នាក់​១២​និង​សញ្ញា​បត្រ​វិទ្យា​ល័យ​ ដើម្បី​បន្ត​រៀន​មហា​វិទ្យា​ល័យ​ផង​ដែរ”។​

តាម​ថេរ​ដី​កា​ព្រះ​ឧបជ្ឈាយ៍​តាំង​ណោ អនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ ខេត្ត​សុក​ត្រាំង​ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ស្នាក់​នៅ​តាម​វត្ត​នា​នា​ តែង​ហ្វឹក​ហាត់​លត់​ដំ​ រក្សា​ក្រឹត្យ​ក្រម​វិន័យ​តាម​ពុទ្ធ​ប្បញ្ញត្តិ។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បណ្តុះ​បណ្តាល​ ដើម្បី​បង្ក​ប​ង្កើត​ប្រ​ភព​សមណ​សិស្ស​សម្រាប់​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ។​ ក្រោយ​រយៈ​ពេល​២៩​ឆ្នាំ​ សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ បណ្តុះ​បណ្តាល​សមណ​សិស្ស​បាន​ជាង​១.៣០០​អង្គ។​ ក្នុង​នោះ​ មាន​សមណ​សិស្ស​ជា​ច្រើន​ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​អនុមហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​ ឬ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ ក្លាយ​ជា​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ បុគ្គ​លិក​បម្រើ​ការ​ងារ​នៅ​តាម​ផ្នែក​សុខា​ភិបាល​ សារ​ព័ត៌​មាន​ ស្ថានីយ​ផ្សាយ​សំ​ឡេង​-ទូរ​ទស្សន៍​ កង​ទ័ព​នគរ​បាល​ គណៈ​ជន​ជាតិ​ គណៈ​សាសនា​ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​តាម​ខេត្ត​ ក្រុង​តំ​បន់​ណាម​បូ៘៕​            

                                      លី​ធាន​- លី​សៀ

ចែករំលែកអត្ថបទ