នោះគឺបងស្រីធីត្វង នៅឃុំឌិញអាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ ឆ្លងកាត់ការលំបាករាប់មិនអស់តែបច្ចុប្បន្ន បងស្រីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួនបានខ្លះហើយ។
បងស្រីធីត្វង (អ្នកឈរទី ៣ រាប់ពីខាងឆ្វេង) រួមជាមួយនឹងមិត្តភក្ដិក្នុងថ្នាក់។
ដោយសារស្ថានភាពគ្រួសារក្រលំបាក ទើបក្រោយពីរៀនចប់វិទ្យាល័យ បងស្រីត្វង បានទៅតាមបងៗក្នុងគ្រួសារ ធ្វើកម្មករដេរស្បែកជើងនៅក្រុមហ៊ុនមួយនៅនឹងភូមិភាគ។ ការងារឥតលំបាកអ្វីទេ ពីព្រោះបងស្រីត្វង ធ្លាប់ជួយឪពុកម្ដាយធ្វើការងារស្រែចម្ការ។ ក្រុមហ៊ុននៅជិតផ្ទះ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិភាគតិចត្រូវបានរដ្ឋកសាងសុក្រឹត បង្គួរ ម្ល៉ោះហើយពេលព្រឹកបងស្រីទៅធ្វើការ វេចបាយទៅតាមហូបថ្ងៃត្រង់ រសៀលត្រឡប់មកផ្ទះ។ មិនបង់ថ្លៃជួលផ្ទះស្នាក់នៅដូចមិត្តរួមការងារឯទៀត ទើបបងស្រីសន្សែសន្សំបានប្រាក់ចំណាយ។ បងស្រីត្វង ឱ្យដឹង៖ “ការងារក្រុមហ៊ុនផ្ដល់ប្រាក់ចំណូលលំនឹង ប៉ុន្តែនាងខ្ញុំឥតភ្លេចបំណងប្រាថ្នារៀនពេទ្យនោះទេ។ ពិសេស ពេលឃើញមាមីងក្នុងភូមិ ពេលមានជំងឺតែងទិញថ្នាំផឹកដោយខ្លួនឯង ឬព្យាបាលជំងឺតាមរបៀបបុរាណ ជួនកាលផឹកទឹកភ្លៀង ទឹកមិនទាន់ដាំពុះជាដើម។ ខ្ញុំគិតថា ប្រសិនបើខ្លួនបានចេះដឹងខ្លះៗអំពីវិជ្ជាពេទ្យ ប្រហែលជាអាចជួយពន្យល់សាច់ញាតិ អ្នកដែលស្គាល់ក្នុងភូមិស្រុករួចទៅហើយ”។ ភាពជាក់ស្ដែងខាងលើ រួមជាមួយនឹងបំណងប្រាថ្នារៀនពេទ្យបានញុាំងឱ្យបងស្រីមានចិត្តចង់រៀនបន្ត។
បានរៀនអាជីពដែលខ្លួនចូលចិត្ត បងស្រីត្វង មានក្ដីសោមនស្សរីករាយនិងសុភមង្គល។
ខណៈពេលបងស្រីត្វង បានអ្នកស្គាល់ឧទ្ទេសនាមថ្នាក់មធ្យមសិក្សាសុខាភិបាលនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកហ្គក្វាវ បងស្រីសម្រេចចិត្តចំណាយប្រាក់សន្សំទាំងប៉ុន្មានដើម្បីបន្តរៀនសូត្រ។ ប៉ុន្តែក្រោយពីរៀនចប់ បងស្រី ក៏ជួបឧបសគ្គ ពីព្រោះរកការងារធ្វើមិនបាន។ ដើម្បីមិនឱ្យបាត់បង់ចំណេះដឹង បងស្រីប្ដេជ្ញាចិត្តបញ្ជាក់ពីសមត្ថភាពនិងបង្ហាញបំណងប្រាថ្នាតាំងពីរៀនវិទ្យាល័យ។ បងស្រីបានចូលរួមសកម្មភាពសុខាភិបាល សហគមន៍ជាច្រើននៅភូមិភាគ។ លោកស្រី យឿងធីយ៉ុង អនុប្រធានដំណាក់សុខាភិបាលឃុំឌិញអាង ឱ្យដឹង៖ “ឆ្លងតាមរយៈសកម្មភាពសុខាភិបាលនៅមូលដ្ឋាន ដំណាក់សុខាភិបាលក៏ប្រទះឃើញ បងស្រីត្វង មានការប្ដេជ្ញាចិត្តផង មានចំណេះដឹងខាងវិជ្ជាពេទ្យផង ហើយថែមទាំងអ្នកនៅនឹងភូមិភាគយល់ដឹងអំពីទំនៀមទម្លាប់ខ្មែរ ម្ល៉ោះហើយ យើងខ្ញុំបានចុះកិច្ចសន្យាឱ្យគាត់ធ្វើសហការីសុខាភិបាល ទទួលបន្ទុកនៅក្រុមសុខាភិបាលភូមិអាងមិញ”។ ចាប់តាំងពីទទួលបន្ទុកលើការងារសុខាភិបាលភូមិ បងស្រីបង្កើនការផ្សព្វផ្សាយ កៀរគរ ហើយកាន់តែមានទំនុកចិត្តពេលជួបទំនាក់ទំនងជាមួយមាមីង។
មិនបញ្ចប់នូវបំណងប្រាថ្នារបស់ខ្លួន ទើបបងស្រីត្វង ទទួលបានការងារដែលខ្លួនចូលចិត្ត។ ដើម្បីរកបានប្រាក់ចំណូលបន្ថែមនិងរក្សាសកម្មភាពបានល្អក្នុងភូមិ បងស្រីបានរៀបចំពេលវេលាដើម្បីធ្វើការបន្ថែមនៅមន្ទីរពហុព្យាបាលសុកវ៉ែងដែលមានទីតាំងនៅផ្សារសុកវ៉ែង។ បងស្រីត្វង ឱ្យដឹងដោយក្ដីរីករាយ៖ “ក្រៅពីរកបានប្រាក់ចំណូល ធ្វើការងារនៅមន្ទីរពហុព្យាបាលជួយឱ្យខ្ញុំទទួលបានចំណេះដឹងបន្ថែម និងបន្តរក្សាក្ដីស្រឡាញ់អាជីពទៀតផង”៕
ហាថាញ់-ថាច់ធី