សិល្បការិនីស្រីមុំ (ឈ្មោះពិតថាច់ធីធូហៀង) ជាតារាចម្រៀង តារាសម្ដែងឆ្នើមនៃក្រុមសិល្បៈខ្មែរសុកត្រាំង។
តារាចម្រៀងស្រីមុំ (កណ្តាល) ច្រៀងកំដរមាមីងនៅវត្តសិរីតាម៉ឺន។
សម្រាប់ស្រីមុំ សម្ដែងក្នុងតួអង្គណាក៏នាងធ្វើបានល្អដែរ ហើយតែងទទួលបានការគាំទ្រពីទស្សនិកជន។ ស្រីមុំ ឱ្យដឹង៖ “ខ្ញុំចូលចិត្តសិល្បៈតាំងពីកុមារភាពម៉្លេះ ខណៈពេលបានចូលក្រុមសិល្បៈខ្មែរ មានឱកាសរៀនសូត្រ ហាត់សមនិងស្រាវជ្រាវ ម្ល៉ោះហើយយូរៗ ទៅកែលម្អបានសមត្ថភាពរបស់ខ្លួនឯង។ ជាច្រើនឆ្នាំមកនេះ ខ្ញុំចូលរួមពិធីប្រឡង សមោសរ សិល្បៈទូទាំងប្រទេសនិងសម្តែងក្នុងព្រឹត្តិការណ៍ធំៗនៅក្នុងខេត្តនិងតំបន់ ម្ល៉ោះហើយជួយដល់ការរៀនសូត្រជាច្រើន។ ក្តីសប្បាយរីករាយនិងសុភមង្គលបំផុតរបស់ខ្ញុំ គឺបាននាំមកនូវបទច្រៀង ក្បាច់រាំបម្រើជូនទស្សនិកជន ហើយបានមាមីងគាំទ្រអស់ពីចិត្ត”។
ស្រីមុំបង្ហាត់របាំដល់ប្អូនៗក្នុងវត្តផ្តៅពេន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ។
ឪពុកម្តាយសុទ្ធតែជាសិល្បករ-ការិនីក្នុងក្រុមសិល្បៈខ្មែរហូវយ៉ាងចាស់ (បច្ចុប្បន្នជាក្រុមសិល្បៈខ្មែរសុកត្រាំង) ម្ល៉ោះហើយក្នុង “ឈាម” ស្រីមុំពោរពេញទៅដោយទេពកោសល្យច្រៀង រាំ និងសម្តែងលើឆាកសិល្បៈល្ខោនយូរកេរ។ អាយុទើប៦ឆ្នាំ ស្រីមុំបានពង្រីកសមត្ថភាពច្រៀង រាំ ហើយបានក្លាយជា “ពន្លកតារាចម្រៀង” មួយរូបនៅភូមិភឿកឡុង ឃុំភូតឹង ស្រុកចូវថាញ់ ហើយតែងទៅតាមឪពុកម្តាយពេលទៅសម្តែង។ អាស្រ័យហេតុនោះ ពេលធំដឹងក្តីស្រីមុំមានទឹកដមសំឡេងពីរោះរណ្តំទាក់ទាញអារម្មណ៍អ្នកស្តាប់។ ឆ្នាំ២០០៧ ពេលចូលរួមពិធីប្រឡងចម្រៀងស្ថានីយទូរទស្សន៍សុកត្រាំង ស្រីមុំបានឆ្លងកាត់បេក្ខជនរាប់រយនាក់ដើម្បីឈ្នះរង្វាន់លេខមួយ ក្រោយមកស្រីមុំត្រូវបានជម្រើសចូលក្រុមសិល្បៈខ្មែរសុកត្រាំងរហូតមកដល់សព្វថ្ងៃ។
ដោយមានទេពកោសល្យស្រាប់ ម្ល៉ោះហើយពេលចូលក្រុមសិល្បៈ ទទួលបានការហាត់សម ពីសិល្បករ-ការិនីដែលមានបទពិសោធន៍ ស្រីមុំបានបញ្ចេញអស់ពីសមត្ថភាពក្នុងការសម្តែង។ ក្នុងពិធីសម្តែងចម្រៀងអាជីពទូទាំងប្រទេសឆ្នាំ២០០៩ នៅញ៉ាត្រាង ស្រីមុំទទួលបានមេដាយប្រាក់ក្នុងឈុតសម្តែង “បណ្តាំអ៊ំដក់ជាប់ក្នុងក្រឳបេះដូង”។ ក្រៅពីនេះ ស្រីមុំថែមទាំងជោគជ័យក្នុងការសម្តែងសិល្បៈល្ខោនយូរកេរទៀតផង។ ឆ្នាំ២០១៣ ស្រីមុំឈ្នះរង្វាន់ការសម្តែងល្ខោនយូរកេរដ៏ឆ្នើមដោយដើរតួជា “នាងសេដា” ក្នុងពិធីសមោសរចម្រៀងល្ខោនយូរកេរទូទាំងប្រទេស លើកទីមួយនៅសុកត្រាំង។ លទ្ធផលនោះ បង្កជាកម្លាំងចលករនិងកាន់តែមានទំនុកចិត្តដើម្បីស្រីមុំសម្តែងបានល្អជាងទៀតក្នុងសិល្បៈ ល្ខោនយូរកេរ។ ស្រីមុំ ឱ្យដឹង៖ “ចំពោះចម្រៀងនោះ គឺងាយទេ គ្រាន់តែច្រៀងត្រូវតាមចង្វាក់ គឺបានហើយ ចំណែកការដើរតួឯកក្នុងល្ខោនយូរកេរ គឺទាមទារត្រូវមានទេពកោសល្យខាងច្រៀង រាំ និងក្បាច់ទន់ភ្លន់ សម្តែងត្រូវសមស្របទៅនឹងតួអង្គក្នុងសាច់រឿងល្ខោនពិតជាពិបាកណាស់។ ដោយទឹកចិត្តស្នេហានិងមានក្តីប្រាថ្នា ក្លាយជាតួឯកក្នុងសិល្បៈល្ខោនយូរកេរ ម្ល៉ោះហើយខ្ញុំទ្រាំលំបាកក្នុងការហាត់សម”។
លោកឡុកថាញហ៊ីប អនុប្រធានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង ឱ្យដឹង៖ “ដោយមានទេពកោសល្យ គួបផ្សំនឹងការព្យាយាមហាត់សមនិងចូលចិត្តសិល្បៈ ម្ល៉ោះហើយស្រីមុំ ពង្រីកបានសមត្ថភាពសម្តែងលើឆាក។ ជាពិសេស ស្រីមុំច្រៀងបទសម័យ បទប្រពៃណី របាំប្រពៃណី ឬក៏ច្រៀងល្ខោនយូរកេរបានយ៉ាងស្ទាត់ជំនាញ។ ក្នុងក្រុមសិល្បៈ ស្រីមុំត្រូវបានចាត់ទុកជាសិល្បការិនីពោរពេញដោយទេពកោសល្យមួយរូប និងជោគជ័យឆាប់បំផុតលើឆាកសិល្បៈល្ខោនយូរកេរ”៕
យ្វីអាញ-លីសៀ