|
លីហ្វាងញ៉ឹក ជាប់ចំណាត់ថ្នាក់លេខ២ សិស្សពូកែវិញ្ញាសាគណិត ថ្នាក់ជាតិ។ |
ប្អូន លីហ្វាងញ៉ឹក ទើបបានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនបណ្ណសរសើរពីស្នាដៃឈ្នះរង្វាន់លេខ២ សិស្សពូកែវិញ្ញាសាគណិតថ្នាក់ជាតិ។ ប្អូនហ្វាងញ៉ឹក គឺជាសិស្សគំរូជឿនលឿន វ័យក្មេងបំផុតក្នុងចំណោមសិស្សជនរួមជាតិភាគតិច ដែលត្រូវបានខេត្តសុកត្រាំងស្ងើចសរសើរជូនរង្វាន់។
ប្អូនលីហ្វាងញ៉ឹក ក្នុងរយៈពេល១២ ឆ្នាំបន្តបន្ទាប់ ទទួលបានកិត្តិនាមជាសិស្សពូកែនៃវិទ្យាល័យជំនាញ ង្វៀងធីមិញខាយ ក្រុងសុកត្រាំង; ពីរឆ្នាំបន្តបន្ទាប់ ទទួលបានលេខ ១វិញ្ញាសាគណិតក្នុងការប្រឡងសិស្សពូកែថ្នាក់ខេត្ត ហើយថ្មីៗនេះ គឺទទួលបានលេខ២ វិញ្ញាសាគណិតសម័យប្រឡងសិស្សពូកែថ្នាក់ជាតិ។ ដូច្នេះ ប្អូនញ៉ឹក ត្រូវបានជម្រើសចូលមហាវិទ្យាល័យថ្នាក់ជាតិក្រុងហូជីមិញ ឯកទេសផ្នែកខាងកំព្យូទ័រតែម្តង។ ហ្វាងញ៉ឹក ឱ្យដឹង៖ “ខណៈពេលជម្រើសសិស្សចូលវិទ្យាល័យជំនាញ ង្វៀងធីមិញខាយ ក្រុងសុកត្រាំង ប្អូនទទួលបានជ័យលាភីលើវិញ្ញាសាគណិត។ ក្នុងពេលរៀន ប្អូនយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូពន្យល់មេរៀន ក្តាប់យកចំណេះដឹងជាមូលដ្ឋាន ហើយធ្វើឱ្យបានរាល់មេរៀនលំហាត់ដែលគ្រូបង្រៀន ដាក់ឱ្យធ្វើ។ នៅពេលជួបមេរៀនណាពិបាក ប្អូនស្វែងយល់តាមប្រព័ន្ធ ហើយនៅពេលរកឃើញវិធានការស្រាយចម្លើយថ្មីៗ គឺប្អូនកាន់តែជក់ចិត្តនឹងវិញ្ញាសាគណិត។ ក្រៅពីនេះ ប្អូនថែមទាំងស្វែងរកវិធានជាច្រើន ធ្វើលំហាត់ពីសៀវភៅផ្សេងៗនិងធ្វើមេរៀនប្រឡងពីឆ្នាំមុនៗ ម្ល៉ោះហើយធ្វើឱ្យប្អូនចេះរបៀបធ្វើបានច្រើន”។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ហ្វិញធីយ៉េមង៉ុក ជូនបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់ប្អូនលីហ្វាងញ៉ឹក។
បើតាមប្អូនញ៉ឹក ស្នាដៃរបស់ប្អូនគឺជាការខិតខំពុះពារ ពិសេសគឺការគាំទ្រ គិតគូរដោយមិនចេះនឿយហត់របស់ម្តាយ ដើម្បីបង្កលក្ខណសម្បត្តិល្អប្រសើរឱ្យប្អូនរៀនសូត្រ។ ម្យ៉ាងទៀត ប្អូនញ៉ឹក តែងទទួលបានការយកចិត្តទុកដាក់ ឧបត្ថម្ភពីគ្រូបង្រៀនមុខវិជ្ជាគណិត ម្ល៉ោះហើយ ប្អូនជឿជាក់លើខ្លួនឯងរាល់លើកនៃការប្រឡងសិស្សពូកែ។ ប្អូនញ៉ឹក ឱ្យដឹង៖ “កាលឪពុកនៅរស់ គាត់តែងក្រើនរំលឹកប្អូនថា បើចង់មានអនាគតភ្លឺស្វាង រស់នៅត្រូវប្រកបដោយគុណធម៌ ខំប្រឹងរៀនសូត្រដើម្បីចប់មហាវិទ្យាល័យ។ បណ្តាំឪពុក តែងដក់ជាប់ក្នុងក្រឳបេះដូងប្អូនជានិច្ច ហើយពេលឪពុកស្លាប់ទៅ ប្អូនរឹតតែខិតខំរៀនសូត្រដើម្បីបំពេញក្តីសុបិនចូលមហាវិទ្យាល័យ ក្លាយជាមនុស្សមានប្រយោជន៍ក្នុងសង្គម”។
បងស្រី ត្រឹងធីង៉ុកថាវ-ម្តាយរបស់ហ្វាងញ៉ឹក តែងមានមោទនភាពពីស្នាដៃរៀនសូត្ររបស់កូន។ “កូនជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រឡងសិស្សពូកែវិញ្ញាសាគណិតថ្នាក់ជាតិ ហើយត្រូវបានជ្រើសរើសចូលមហាវិទ្យាល័យគឺជាកម្លាំងចលករមួយដ៏ធំ ធ្វើឱ្យខ្ញុំជម្នះនូវការលំបាកក្នុងជីវភាព។ ស្នាដៃរបស់កូនមិនត្រឹមតែផ្តល់កិត្តិយសសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងជាមោទនៈនិងជាសុភមង្គលសម្រាប់ខ្ញុំនិងវង្សត្រកូលទៀតផង”–បងស្រីថាវ បានឱ្យដឹងដូច្នេះ៕
លីធាន-លីសៀ