មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/08/2023 - 16:53

ថ្នាក់​រៀន​ពិសេស​នៅ​វត្ត​មង្គល​ព្រឹក្សា​ព្រែក​ជ្រៃ​ចាស់​

លោក​ យ័ញ​ង៉ែ អា​យុ​៦០​ឆ្នាំ​ នៅ​ភូមិ​ហ្វា​ឡែ ឃុំ​ថើយ​ក្វាង​ ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ បាន​ផ្តើម​សហ​ការ​ជា​មួយ​នឹង​វត្ត​មង្គល​ព្រឹក្សា​ព្រែក​ជ្រៃ​ចាស់​ ចលនា​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ និង​ភូមិ​នា​នា​នៅ​ជិត​ខាង​ឱ្យ​កូន​ចៅ​មក​រៀន​អក្សរ​ខ្មែរ​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៩ រហូត​ដល់​សព្វ​ថ្ងៃ។​

លោក​យ័ញ​ង៉ែ ក្នុង​ម៉ោង​បង្រៀន។​

លោក យ័ញ​ង៉ែ ឱ្យ​ដឹង​ កាល​នៅ​តូច​គាត់​បាន​ឪ​ពុក​ម្តាយ​បញ្ជូន​ឱ្យ​ចូល​មក​វត្ត​វង្សា​សួស្តី​ព្រែក​ប្រាំ នៅ​ស្រុក​អាង​បៀង​ ខេត្ត​គៀង​យ៉ាង​ ដើម្បី​បួស​និង​រៀន​អក្សរ​ខ្មែរ។​ ក្នុង​អំ​ឡុង​ពេល​បួស​រៀន​នៅ​វត្ត​នេះ​ ទន្ទឹម​នឹង​ការ​ណែ​បង្ហាញ​ពី​សំ​ណាក់​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​ លោក​យ័ញ​ង៉ែ នៅ​ទាំង​សិក្សា​ស្រាវ​ជ្រាវ​ បន្ថែម​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​អាន​សៀវ​ភៅ​ កាសែត​ជា​ភា​សា​ខ្មែរ​ទៀត​ផង។​ អា​ស្រ័យ​ហេតុ​នោះ​ គាត់​អាន​និង​សរ​សេរ​អក្សរ​ខ្មែរ​បាន​យ៉ាង​ល្អ​ ក្រោយ​មក​ឃើញ​ប្អូន​ៗ​ជា​ច្រើន​នៅ​ភូមិ​ភាគ​មិន​សូវ​ចេះ​អក្សរ​ខ្មែរ​ ម្ល៉ោះ​ហើយ​គាត់​ក៏​សម្រេច​ចិត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗ។​ ទោះ​បី​មិន​មែន​ជា​គ្រូ​បង្រៀន​ជំ​នាញ​ ប៉ុន្តែ​ជាង​ ២៣ ឆ្នាំ​កន្លង​ ឱ្យ​តែ​ដល់​រដូវ​វិស្សម​កាល​ម្តង​ៗ​ គាត់​តែង​ខ្នះ​ខ្នែង​ក្នុង​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​រាប់​សិប​នាក់ ដែល​ជា​កូន​ចៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ។ល។​ “ខ្ញុំ​ចង់​បង្រៀន​ដល់​ប្អូន​ៗ​ ឱ្យ​បាន​ដឹង​ពី​វប្បធម៌​របស់​ជន​ជាតិ​យើង​ ដើម្បី​ថែ​រក្សា​និង​អភិវឌ្ឍ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ជាង​ទៀត។ ពេល​ចេះ​អាន​និង​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ លុះ​ធំ​ឡើង​ប្អូន​ៗ​អាច​ប្រើ​ការ​ក្នុង​ការ​សិក្សា​ រៀន​សូត្រ​ បំ​ពេញ​ការ​ងារ និង​រួម​ចំ​ណែក​ច្រើន​ជាង​ទៀត​ដល់​សង្គម។​ ប្អូន​ៗ​អាច​ធ្វើ​ជា​អ្នក​បកប្រែ​ឱ្យ​ក្រុម​ហ៊ុន​ រោង​ចក្រ​ដែល​ប្រើ​ការ​ពលករ​ជា​ជន​ជាតិ​ខ្មែរ និង​ណែ​នាំ​ដល់​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ជា​មិត្ត​ មក​ទេស​ចរណ៍​នៅ​ប្រ​ទេស​វៀត​ណាម​យើង​ជា​ដើម​”-លោក​យ័ញ​ង៉ែ បាន​ឱ្យ​ដឹង​ដូច្នេះ។​

ថ្នាក់​រៀន​តូច​មួយ​នៅ​វត្ត​មង្គល​ព្រឹក្សា​ព្រែក​ជ្រៃ​ចាស់​ មាន​សិស្ស​ប្រ​មាណ​ជាង​ ២០ នាក់ (ចាប់​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី៥) ។​ ក្រោយ​មក​ មាន​ប្អូន​ៗ​មួយ​ចំ​នួន​ទៅ​តាម​ឪ​ពុក​ម្តាយ​ប្រ​កប​ការ​ងារ​រក​ស៊ី​ឆ្ងាយ​ ហេតុ​នោះ​ក៏​ឈប់​រៀន​ទៅ​។​ ថ្វី​ដ្បិត​តែ​ជា​ថ្នាក់​រៀន​រយៈ​ពេល​ខ្លី​ ស្ថិត​ក្នុង​ដំ​ណាក់​កាល​វិស្សម​កាល​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​លោក​យ័ញ​ង៉ែ តែង​ផ្ដោត​លើ​គុណ​ភាព​ជា​ចម្បង។​ លោក​ង៉ែ ឱ្យ​ដឹង​ រយៈ​ពេល​ខាង​មុខ​ ថ្នាក់​រៀន​នឹង​ធ្វើ​ការ​បង្ហាត់​បង្រៀន​រៀង​រាល់​ថ្ងៃ​ ទាំង​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អា​ទិត្យ​ ពី​ព្រោះ​ពេល​វេលា​វិស្សម​កាល​៣​ខែ​ខ្លី​ពេក។​

ព្រះ​តេជ​ព្រះ​គុណ​យ័ញ​អេន ព្រះ​ចៅ​អធិ​ការ​វត្ត​មង្គល​ព្រឹក្សា​ព្រែក​ជ្រៃ​ចាស់​ មាន​ថេរ​ដី​កា៖ “ពុទ្ធ​បរិស័ទ​ខ្មែរ​នៅ​ទីនេះ​ គោ​រពរាប់​អាន​លោក​យ័ញ​ង៉ែ​ណាស់។​ ពី​ព្រោះ​គាត់់​បាន​លត់​ដំ​កូន​ចៅ​ខ្មែរ​ជា​ច្រើន​ជំ​នាន់​ឱ្យ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ ថែ​រក្សា​នូវ​ព្រ​លឹង​និង​អត្ត​សញ្ញាណ​របស់​ជន​ជាតិ​ខ្លួន”៕​

         យោង៖ កាសែត​អប់រំ​និង​យុគ​សម័យ

ចែករំលែកអត្ថបទ