03/07/2023 - 16:10

ឧបត្ថម្ភ​គ្រូ​បង្រៀន​ភាសា​និង​អក្សរ​ខ្មែរ​

ខេត្ត​សុក​ត្រាំង អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​ភាសា​និង​អក្សរ​សាស្រ្ត​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​ភាសា​និង​អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ។

ខេត្ត​សុក​ត្រាំង ឧបត្ថម្ភ​បាន​ទាន់​ពេល​ដល់​វត្ត​ខ្មែរ​នានា​ដែល​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ។

ដើម្បី​ឧបត្ថម្ភ​បាន​ទាន់​ពេល​ដល់​គ្រូ​បង្រៀន​ភាសា​និង​អក្សរ​ខ្មែរ​ដល់​សិស្ស​ជា​ជន​ជាតិ​ខ្មែរ​ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​ ១៧/២០១៩/NQ-HĐND ចុះ​ថ្ងៃ​ទី ០៦ ខែ​ធ្នូ ឆ្នាំ​ ២០១៩ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ដែល​កំ​ណត់​ពី​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​ភាសា​និង​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល។ កន្លង​ ៣ ឆ្នាំ​អនុ​វត្ត​ ខេត្ត​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ជាង​ ១,៩ ពាន់​លាន​ដុង​ សម្រាប់​គ្រូ​បង្រៀន​ភាសា​និង​អក្សរ​ខ្មែរ​ក្រៅ​ប្រ​ព័ន្ធ​សាលា​រដ្ឋ​ការ​ ដែល​បើក​ថ្នាក់​បង្រៀន​ក្នុង​រដូវ​វិស្សម​កាល។ ជាក់​ស្តែង​ក្នុង​ឆ្នាំ​ ២០២០ មាន​វត្ត​ខ្មែរ​ចំ​នួន​ ៤៩ នៅ​ស្រុក​ ទីរួម​ខេត្ត​ចំ​នួន​ ៩ បាន​បើក​ថ្នាក់​បង្រៀន​ភាសា​ និង​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ ដោយ​មាន​ ១៥៨ បន្ទប់ មាន​សិស្ស​សរុប​ ៣.៥២៥ នាក់​ មាន​ព្រះ​សង្ឃ​និង​អា​ចារ្យ​បង្រៀន​ ១៥៨ អង្គ​និង​នាក់​ ម៉ោង​រៀន​សរុប​ ២១.៨៧២ ម៉ោង​។ ឆ្នាំ​ ២០២២ មាន​វត្ត​ខ្មែរ​ចំ​នួន​ ៦៧ នៅ​ស្រុក​ ទីរួម​ខេត្ត​ចំ​នួន​ ១០ បាន​បើក​ថ្នាក់​បង្រៀន​ភាសា​និង​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ ដោយ​មាន​ ១៩៧ បន្ទប់ មាន​សិស្ស​សរុប​ ៤.៤៥៥ នាក់​ មាន​ព្រះ​សង្ឃ​និង​អា​ចារ្យ​បង្រៀន​ ១៩៩ អង្គ​និង​នាក់​ ម៉ោង​រៀន​សរុប​ ២៦.៣៤០ ម៉ោង។ 

ព្រះ​ឧប​ជ្ឈាយ៍​ថាច់​សុង ព្រះ​ចៅ​អធិការ​វត្ត​សិរីជុំ​បឹង​ទន្សា ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ មាន​ថេរ​ដី​កា៖ “ឆ្នាំ​ ២០២២ វត្ត​បាន​ខេត្ត​ឧបត្ថម្ភ​ទឹក​ប្រាក់​ជាង​ ២០ លាន​ដុង​សម្រាប់​ព្រះ​សង្ឃ​ដែល​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​នា​រដូវ​វិស្សម​កាល​រយៈ​ពេល​ ២ ខែ។ ការ​ឧបត្ថម្ភ​នេះ​ មាន​អត្ថ​ន័យ​ជាក់​ស្តែង​ បង្ក​ភាព​រីក​រាយ​និង​ជា​កម្លាំង​ចល​ករ​សម្រាប់​វត្ត​ខ្មែរ​នានា​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ខ្មែរ។ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​ភាសា​និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ”។ ព្រះ​តេជព្រះ​ គុណ​ឡឹម​ញ៉ាង ព្រះ​ចៅ​អធិការ​វត្ត​ព្រែកពិន្ទង ឃុំ​ភូមី ស្រុក​មីទូ មាន​ថេរ​ដី​កា៖ “វត្ត​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ដល់​កូន​ចៅ​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ជា​មធ្យមក្នុង​មួយ​ឆ្នាំ​មាន​ប្អូន​ៗ​មក​វត្ត​រៀន​ជាង​ ១០០ នាក់​។ ហេតុ​នោះ​ ពេល​ខេត្ត​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​ថវិ​កា​សម្រាប់​គ្រូ​បង្រៀន​ (គិត​តាម​ម៉ោង​បង្រៀន) អា​ត្មា​ភាព​ត្រេក​អរ​ក្រៃលែង។ ប្រ​ការ​នេះ​កាន់​តែ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ដល់​ការ​បណ្តុះ​បណ្តាល​ ដើម្បី​កូន​ចៅ​ខ្មែរ​ចេះ​ភាសា​និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ខ្លួន”។

តាម​ប្រសាសន៍​លោក​ យ័ញ​ហ្វាង​ង្វៀន នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​របស់​ភូមិ​ភាគ​ បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ដល់​គ្រូបង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​ និង​មូល​ដ្ឋាន​អប់រំ​ក្រៅ​រដ្ឋ​ការ​ រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​ភាសា​និង​អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ។ ពេល​ខាង​មុខ​ ផ្នែក​អប់រំ​នឹង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ ដើម្បី​មាន​គោល​នយោ​បាយ​អនុគ្រោះ​ជា​បន្ត​ ឧបត្ថម្ភ​សម​ស្រប​ចំ​ពោះ​គ្រូបង្រៀន​ភាសា​និង​អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជម្នះ​ជា​សន្សឹមៗ​ស្ថាន​ភាព​មិន​ចេះ​និយាយ​ភាសា​និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ៕

   លីធាន​-វិមាន

ចែករំលែកអត្ថបទ