ថ្វីដ្បិតតែមានអាយុជិត ៨០ ឆ្នាំប្លាយ ប៉ុន្តែរៀងរាល់ថ្ងៃ លោកគ្រូឡឹមលេន នៅភូមិរ៉ាចសែន ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង នៅតែបើកម៉ូតូរាប់សិបគីឡូម៉ែត្រទៅនានាវត្ត ដើម្បីបង្រៀនអក្សរសាស្រ្តខ្មែរ-បាលី-សំស្រ្កឹតដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរ។
លោកគ្រូ ឡឹមលេន កំពុងបង្រៀនដល់សមណសិស្សនៅសាលាមធ្យមសិក្សាបាលីណាមបូ។
គ្រូលេន ជាអតីតគ្រូបង្រៀនភាសាខ្មែរនៃវិទ្យាល័យ វ៉ាំងង៉ុកជិញ។ ឆ្នាំ ២០០៣ នៅពេលដែលលោកគ្រូឡឹមលេន ចូលនិវត្តន៍ សាលាមធ្យមសិក្សាបាលីណាមបូសុកត្រាំង បានអញ្ជើញលោកគ្រូមកបង្រៀនភាសាបាលី និងសំស្រ្កឹតដល់សមណសិស្ស។ ក្រៅពីនោះ លោកគ្រូថែមទាំងបានគណៈចង្អុលការគម្រោង “បណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិករដ្ឋរបស់ខេត្តសុកត្រាំង” និងសមាគមជំរុញការសិក្សាខេត្ត អញ្ជើញមកបង្រៀនរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន លោកគ្រូបានព្រះចៅអធិការនានាវត្ត៖ វត្តព្រែកអណ្តើកវត្តពោធិសត្ថារាម វត្តទំនប់ វត្តស្រឡូង... អញ្ជើញមកបង្រៀនអក្សរសាស្រ្តខ្មែរ និងបាលី ដល់សិស្សានុសិស្សដែលកំពុងរៀនបាលីរង. លោកគ្រូឡឹមលេន មានប្រសាសន៍ៈ “ខ្ញុំបានចូលរួមបង្រៀនជាច្រើនកន្លែង ដូចជា៖ សាលាយោធាយោធភូមិភាគ ៩; សកលវិទ្យាល័យកឹងធើ; សកលវិទ្យាល័យត្រាវិញ; សាលាគរុកោសល្យសុកត្រាំង... ក្តីរីករាយធំបំផុតរបស់ខ្ញុំគឺបានឃើញកូនចៅជនរួមជាតិខ្មែរ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករដ្ឋចេះនិយាយ សរសេរនិងស្តាប់បានភាសាខ្មែរ។ កាន់តែរីករាយជាងទៀតខណៈពេលសៀវភៅសិក្សាភាសាបាលីថ្នាក់ទី ១១ និងសៀវភៅអក្សរសាស្រ្តខ្មែរ ចាប់ពីថ្នាក់ទី ៩ ដល់ទី ១២ ត្រូវបានយកចូលបង្រៀននៅសាលាមធ្យមសិក្សាបាលីណាមបូ សៀវភៅទាំងនោះក៏មានរូបខ្ញុំចូលរួមចងក្រងផងដែរ” ។
តាំងតែពីតូច លោកគ្រូលេន បានសុំឪពុកម្តាយចូលមកវត្តព្រែកអណ្តើក ឃុំថាញ់ភូ សាងផ្នួសបួសរៀនអក្សរសាស្រ្តខ្មែរ បាលី និងធម៌អាថ៌ វិន័យ។ បន្ទាប់មកលោកគ្រូក៏បានទៅសិក្សានៅប្រទេសកម្ពុជាអស់រយៈពេល ៥ ឆ្នាំ។ ដោយមានចំណេះដឹងខាងអក្សរសាស្រ្តខ្មែរ បាលី-សំស្រ្កឹត ម៉្លោះហើយលោកគ្រូបានសាលានិងវត្តនានា អញ្ជើញមកបង្រៀនដល់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរ។ លោកគ្រូម៉ាយយ៉ុងត្រាង គ្រូបង្រៀនភាសាបាលីនៅសាលាមធ្យមសិក្សាបាលីណាមបូសុកត្រាំង មានប្រសាសន៍៖ “ខ្ញុំធ្លាប់ជាសិស្ស និងជាមិត្តរួមអាជីពរបស់លោកគ្រូឡឹមលេន ខ្ញុំពិតជាកោតសរសើរនិងដឹងគុណគាត់ខ្លាំងណាស់ ពីព្រោះលោកគ្រូតែងអស់ពីចិត្តក្នុងការអភិរក្សភាសានិងអក្សរសាស្រ្តរបស់ជាតិ។ លោកគ្រូឡឹមលេន ពិតជា “គ្រូដ៏ចំណាន” ផ្នែកខាងអក្សរសាស្រ្តខ្មែរ-បាលី-សំស្រ្កឹត។ លោកគ្រូមានចំណេះដឹងទូលំទូលាយ មានទេពកោសល្យផ្នែកខាងបង្រៀន ជួយឱ្យសិក្ខាកាមងាយយល់និងងាយចងចាំ។ លោកគ្រូថែមទាំងបានឱ្យសៀវភៅ និងគម្រោងមេរៀនសម្រាប់បង្រៀនភាសាបាលីដល់ខ្ញុំ ដើម្បីឱ្យខ្ញុំបន្តផ្ទេរចំណេះដឹងដល់សមណសិស្ស”។
ដោយហេតុតែចង់ផ្ទេរចំណេះដឹងផ្នែកខាងអក្សរសាស្រ្តខ្មែរ បាលីដល់កូនចៅជនរួមជាតិខ្មែរ ម៉្លោះហើយរៀងរាល់ថ្ងៃគ្រូលេន តែងបើកម៉ូតូរាប់សិបគីឡូម៉ែត្រទៅនានាវត្តដើម្បីបង្រៀនដល់ព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរ។ ក្រៅពីនោះ លោកគ្រូថែមទាំងជាមេប្រយោគដ៏សំខាន់មួយរូបក្នុងរាល់សម័យប្រឡងថ្នាក់បាលីរងរៀងរាល់ឆ្នាំ អាស្រ័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តរៀបចំឡើង។ “ខ្ញុំកាន់តែរីករាយជាងទៀត នៅពេលដែលមានកូនចៅខ្មែរ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករដ្ឋក្នុងខេត្ត អាចនិយាយ ស្តាប់និងសរសេរអក្សរខ្មែរបាន។ ហេតុនោះ ខ្ញុំតែងទៅបង្រៀនរហូតលុះត្រាសុខភាពលែងអនុញ្ញាត ទើបខ្ញុំឈប់សម្រាក” លោកគ្រូឡឹមលេន បានឱ្យដឹងដូច្នេះ ៕
យ្វី អាញ