អ្នកលេងកីឡាប៉េតង់ ថាច់ធីយ៉េម នៅសង្កាត់៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង គឺជាកីឡាការិនី ប៉េតង់វ័យក្មេងដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិ ត្រៀមទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ SEAGames នាពេលខាងមុខ។
ថាច់ធីយ៉េម កំពុងហ្វឹកហាត់ប៉េងតង់។
កាលនៅជាសិស្សសាលាបឋមសិក្សា ដោយសារតែចូលចិត្តវិញ្ញាសាកីឡាប៉េតង់ ហេតុនោះពេលត្រឡប់មកពីរៀន ប្អូនយ៉េម តែងមកលេងប៉េតង់នៅទីលានជិតផ្ទះ។ ឆ្នាំ ២០១៤ ពេលចូលរួមប្រកួតដណ្តើមពានរង្វាន់ប៉េតង់នៅសមយុទ្ធកីឡាភូវដុងខេត្ត ប្អូនយ៉េម មានបច្ចេកទេសបោះប៊ូលនិងវាយប៊ូល ចំគោលដៅបានល្អ បើប្រៀបជាមួយនឹងកីឡាការិនីដទៃទៀត ម្ល៉ោះហើយបានមជ្ឈដ្ឋានអ្នកឯកទេសចាប់អារម្មណ៍។ នៅក្នុងសមយុទ្ធកីឡាភូវដុង ប្អូនយ៉េម ដណ្តើមបានពានរង្វាន់លេខ ១ ចំនួន ២ គ្រឿង នៅខ្លឹមសារឯកត្តជននារី និងគូបុរស-នារី។ បន្ទាប់ពីប្រកួតដណ្តើមពានរង្វាន់ប្អូនយ៉េម បានគ្រូបង្វឹកឡេធីអាញ់ថឿក ជ្រើសចូលហ្វឹកហាត់នៅមជ្ឈមណ្ឌលបង្វឹកប្រកួតកីឡា អប់រំកាយខេត្តសុកត្រាំង។ ដោយសារមានទេពកោសល្យ ខ្នះខ្នែងហ្វឹកហាត់ ម្ល៉ោះហើយយ៉េម បានពង្រីកសមត្ថភាពលេងប៉េតង់របស់ខ្លួន។ ឆ្នាំ ២០១៥ ប្អូនបានចូលរួមប្រកួតដណ្តើមពានរង្វាន់ប៉េតង់ជើងឯកយុវវ័យថ្នាក់ជាតិ និងឈ្នះបានមេដាយប្រាក់ នៅខ្លឹមសារឯកត្តជននារី និងមេដាយមាស នៅខ្លឹមសារគូបុរស-នារី។ ប្អូនយ៉េម ឱ្យដឹង៖ “មុនពេលចូលមជ្ឈមណ្ឌលហ្វឹកហាត់ ប្អូនធ្លាប់លេងនៅក្នុងសាលាដែរលេង នៅសាលាអារម្មណ៍យើងធម្មតា បើប្រកួតចាញ់លើកនេះ លើកក្រោយនឹងប្រកួតបន្តទៀត។ ចំណែកក្នុងការប្រកួតប្រណាំងវាផ្សេង បើចាញ់ ២ លើកគឺវិលមកស្រុកហើយ ម្ល៉ោះហើយត្រូវប្រមូលអារម្មណ៍និងការតាំងចិត្តខ្ពស់ សង្កេតមើលផ្លូវប៊ូលយ៉ាងប្រយ័ត្នប្រយែងនិងដៃត្រូវតែមានភាពទន់ភ្លន់ ទើបអាចយកជ័យជម្នះបាន។ ហេតុនោះ កាលទើបប្រកួតលើកដំបូង ទទួលបានមេដាយ ២ គ្រឿង គឺជាក្តីមោទនៈដ៏ធំធេង ដើម្បីប្អូនបន្តហ្វឹកហាត់ឱ្យកាន់តែល្អជាងទៀតក្នុងការប្រកួតដណ្តើមពានរង្វាន់លើកក្រោយៗ ទៀត”។
ថាច់ធីយ៉េម (ឈរទី៤ពីខាងស្តាំ) ឡើងទទួលមេដាសមាសជាមួយនឹងមិត្តរួមក្រុមនៅក្នុងមហាសន្និបាតកីឡាទូទាំងប្រទេសឆ្នាំ ២០២២ ។
ចាប់ពីឆ្នាំ ២០១៥ មកទល់ពេលនេះ ប្អូនយ៉េម បានចូលរួមប្រកួតដណ្តើមពានរង្វាន់ មានដូច៖ ពានរង្វាន់ប៉េតង់ជើងឯកមិត្តរួមក្រុមថ្នាក់ជាតិ ពានរង្វាន់ប៉េតង់ជើងឯកយុវវ័យថ្នាក់ជាតិ ហើយសុទ្ធតែឈ្នះបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ។ ពិសេស នៅក្នុងមហាសន្និបាតកីឡា ទូទាំងប្រទេសឆ្នាំ ២០២២ ប្អូនយ៉េម ដណ្តើមបានមេដាយមាស ២ គ្រឿង នៅខ្លឹមសារគូបុរស-នារី និងក្រុម ៣ នាក់ នារី-បុរស។ ផ្តើមពីលទ្ធផលនោះ ប្អូនយ៉េម បានជ្រើសចូលហ្វឹកហាត់ ក្នុងក្រុមជម្រើសនៅហាណូយ ដើម្បីបម្រុងចូលរួមព្រឹត្តិការណ៍ SEA Games ក្នុងពេលខាងមុខ។ ប្អូនយ៉េម ឱ្យដឹង៖ “ក្តីប្រាថ្នាបានចូលក្នុងក្រុមជម្រើស ដើម្បីប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games របស់ខ្ញុំ ជិតក្លាយជាការពិតហើយ។ ចំពោះមុខ ប្អូននឹងខិតខំហ្វឹកហាត់ឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុត”។
គ្រូបង្វឹក ឡេធីអាញ់ថឿក បញ្ជាក់ឱ្យដឹង៖ “ប្អូនៗដែលបានជម្រើសចូលហ្វឹកហាត់ដំណាលគ្នា ឃើញថាប្អូនថាច់ធីយ៉េម ជាកីឡាការិនីលេចធ្លោបំផុត។ យ៉េម មានការខ្នះខ្នែងហ្វឹកហាត់និងប្រមូលអារម្មណ៍បានល្អពេលប្រកួត។ ដោយការខ្នះខ្នែងហ្វឹកហាត់ ព្រមទាំងមានជំនាញក្នុងការបោះប៊ូលនិងវាយប៊ូលបានល្អ ខ្ញុំជឿជាក់ថាប្អូននឹងទទួលបានស្នាដៃខ្ពស់នៅក្នុងព្រឹត្តិការណ៍ SEA Games ក្នុងពេលខាងមុខជាមិនខាន”៕
លីធាន-វិមាន