តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ការអភិរក្សតម្លៃវប្បធម៌ប្រពៃណីបណ្តាជនជាតិភាគតិច គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចខេត្តវិញឡុង តាមសេចក្តីសម្រេចលេខ ១៨១២/QĐ-UBND ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត។
អ្នកតំណាងនិងសិក្ខាកាមថតរូបអនុស្សាវរីយ៍ ក្នុងឱកាសបិទវគ្គបង្រៀនសិល្បៈប្រពៃណីដល់ជនរួមជាតិខ្មែរនៅឃុំតឹងមី។ រូប៖ ត្រុកម៉ាយ
អនុវត្តខ្លឹមសារខាងលើ រយៈពេលកន្លង គណៈជនជាតិបានសហការជាមួយនឹងសាលាទេពកោសល្យសិល្បៈ និងកីឡាអប់រំកាយ ចំណុះមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តវិញឡុង និងភូមិភាគនានា រៀបចំបើកវគ្គបង្រៀនសិល្បៈរបាំ និងប្រគំភ្លេងពិណពាទ្យ។ល។ និងធ្វើការបង្ហាញមុខក្រុម សិល្បៈ។ ជាក់ស្តែងនៅឃុំតឹងមី គណៈចាត់តាំងបានបើកវគ្គបង្រៀនសិល្បៈប្រពៃណីដល់សិក្ខាកាម ៣០ រូប។ ចូលរួមវគ្គសិក្សានេះ សិក្ខាកាមនឹងចេះក្បាច់របាំប្រជាប្រិយ របាំប្រពៃណី របាំបុរាណ និងចម្រៀងអាយ៉ៃ។ល។ ផ្តើមពីនោះ សិក្ខាកាមអាចចូលរួមសម្ដែង ឬបង្ហាត់បន្តដល់ក្រុមសិល្បៈនៅតាមភូមិ អង្គភាពសាលារៀននៅលើភូមិសាស្រ្តឃុំ និងចូលរួមសម្ដែងបម្រើភារកិច្ចនយោបាយរបស់ភូមិភាគ ក៏ដូចជាបម្រើភ្ញៀវទេសចរពេលដែលត្រូវការ។ បងស្រីវិញធីកឹមវឹង នៅភូមិតាមោង ឃុំតឹងមី ឱ្យដឹង៖ “ខ្ញុំមករៀនរាំនៅទីនេះ ដើម្បីយកទៅបង្រៀនដល់ក្មេងៗក្នុងគ្រួសារនិងនៅតាមភូមិស្រុក ដើម្បីអភិរក្សសិល្បៈប្រពៃណីរបស់ជនជាតិយើង។ ក្រៅពីនោះ ខ្ញុំក៏មានបំណងបង្កើតក្បាច់រាំ ដើម្បីបង្រៀនដល់កុមារមត្តេយ្យនៅថ្នាក់ដែលខ្ញុំទទួលបន្ទុកផង”។
ក្បាច់របាំប្រពៃណី ក្នុងពិធីបង្ហាញមុខក្រុមសិល្បៈមហាជនខ្មែរនៅឃុំតឹងមី។ រូបៈ ត្រុកម៉ាយ
លោកថាច់យឿង ឱ្យដឹងដោយក្តីរីករាយ៖ “ក្រោយពីវគ្គបង្រៀនសិល្បៈរបាំនេះ គណៈជនជាតិក៏ទើបនឹងសហការជាមួយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តវិញឡុង ធ្វើការបង្ហាញមុខក្រុមសិល្បៈមហាជនខ្មែរនៅឃុំតឹងមី។ មុននោះ គឺបានបង្ហាញមុខក្រុមសិល្បៈមហាជនខ្មែរនៅឃុំដុងប៊ិញ ទីរួមខេត្តប៊ិញមិញ។ ក្រៅពីនោះ សាលាទេពកោសល្យសិល្បៈ និងកីឡាអប់រំកាយខេត្តវិញឡុង ក៏បានសហការជាមួយនឹងមជ្ឈមណ្ឌលវប្បធម៌ទីរួមខេត្តប៊ិញមិញ រៀបចំបើកវគ្គបង្រៀនភ្លេងពិណពាទ្យដល់ជនរួមជាតិខ្មែរនៅវត្តកំពង់រាជបុប្ផា (អង្គុលីខាងជើង)ផងដែរ”។
តាមប្រសាសន៍លោកឡេថាញហៀង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តវិញឡុង មកទល់ពេលនេះ ក្រុមសិល្បៈទាំងអស់ អាចសម្ដែងបានក្បាច់របាំមួយចំនួន។ លោកហៀង ឱ្យដឹងបន្ថែម ក្រុមសិល្បៈ ក្រុមភ្លេងពិណពាទ្យបន្តរក្សាសកម្មភាព។ ផ្តើមពីនោះ អាចពង្រីកក្រុម និងយុវជនច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកម្សាន្តសប្បាយរបស់ជនរួមជាតិ ខ្មែរ៕
ហាថាញ-វិមាន