ខេត្តអាងយ៉ាង បាននិងកំពុងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើផលិតកម្មនិងការរស់នៅរបស់ប្រជាជនក្នុងតំបន់ជនជាតិភាគតិច។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍តំបន់ជនជាតិនៅខេត្តអាងយ៉ាង
កាន់តែមានការអភិវឌ្ឍ។
ច្រើនឆ្នាំកន្លង ដោយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ គោលនយោបាយវិនិយោគជាច្រើនឧបត្ថម្ភដល់ប្រជាជននៅតំបន់ជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្តអាងយ៉ាង ត្រូវបានផ្សព្វផ្សាយអនុវត្ត។ “ដងផ្លូវក្នុងភូមិស្រុកធ្លាប់តែមានភក់ជ្រាំពីមុន ឥឡូវនេះត្រូវបានចាក់បេតុងនិងក្រាលកៅស៊ូស្ទើរតែទាំងស្រុង។ ផ្តើមពីនោះ រួមចំណែកក្នុងការរៀបចំផលិតកម្មឡើងវិញ បង្កើតការងារធ្វើ កែលម្អជីវភាព កាត់បន្ថយភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរ ព្រមទាំងរួមចំណែកពន្លឿនដំណើរការកសាងជនបទថ្មីនៅភូមិភាគ” - លោកចៅអាន អនុប្រធានគណៈជនជាតិខេត្តអាងយ៉ាង បានឱ្យដឹងដូច្នេះ។
ទោះជាយ៉ាងនេះក្តី ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិភាគតិច ពិសេសគឺនៅឃុំទាំង ១៨ ចំណុះស្រុកជាប់ព្រំដែនចំនួន ៥ របស់ខេត្ត បច្ចុប្បន្ននៅជួបការលំបាកច្រើន ត្រូវការប្រភពទុនវិនិយោគ ជាពិសេស គឺវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ បង្កលក្ខណៈតភ្ជាប់តំបន់ ជំរុញការដឹកជញ្ជូនកសិផល។ល។ ដើម្បីដោះស្រាយបញ្ហាលំបាកដូចពោលខាងលើ លោកត្រឹងអាញធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ឱ្យដឹង៖ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I ចាប់ពីឆ្នាំ ២០២១ដល់ឆ្នាំ ២០២៥ ខេត្តអាងយ៉ាង ក៏មានផែនការបែងចែកថវិកាជាង ១១៣ ពាន់លានដុង ដើម្បីអនុវត្តអនុគម្រោង ១ (គម្រោង ៤ )៖ វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បម្រើផលិតកម្មនិងការរស់នៅរបស់ប្រជាជននៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ និងអង្គភាពបម្រើបុព្វហេតុរដ្ឋខាងវិស័យជនជាតិ (គម្រោង ៤ )។
ផ្តើមពីប្រភពទុនខាងលើ ខេត្តនឹងវិនិយោគ កសាង ជួសជុលសំណង់ផ្លូវគមនាគមន៍ជនបទបម្រើផលិតកម្ម អាជីវកម្មនិងការរស់នៅរបស់ប្រជាជន; សំណង់ផ្គត់ផ្គង់អគ្គិសនីបម្រើការរស់នៅ ការផលិតនិងធ្វើអាជីវកម្មលើភូមិសាស្ត្រភូមិ; ប្រព័ន្ធធារាសាស្ត្រក្នុងវាលស្រែ; សំណង់ធារាសាស្ត្រខ្នាតតូចផ្សេងៗទៀតដែលសហគមន៍ស្នើឡើង សមស្របនឹងទំនៀមទម្លាប់ ដើម្បីបម្រើសេចក្ដីត្រូវការរបស់សហគមន៍។ល។ ទន្ទឹមនឹងនោះ ខេត្តក៏បានវិនិយោគកសាង បង្កើនកម្រិត កែប្រែ ជួសជុល ថែរក្សានិងបំពាក់គ្រឿងបរិក្ខារពេទ្យជូនដំណាក់សុខាភិបាល ឃុំនានាធានាសម្រេចបទដ្ឋាន; វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ តភ្ជាប់ឃុំលំបាកខ្លាំងលើភូមិសាស្ត្រជាមួយគ្នា (ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យអប់រំ សុខាភិបាល; ប្រព័ន្ធស្ពាន ផ្លូវគមនាគមន៍; បណ្តាញអគ្គិសនី ។ល។) កសាងស្ពានដើម្បីបម្រើការរស់នៅរបស់ប្រជាជន បង្កើនការតភ្ជាប់ បង្កជាកម្លាំងចលករ ជំរុញការអភិវឌ្ឍព្រមៗគ្នាយោងលើមូលដ្ឋានជំរុញការចងសម្ព័ន្ធជាមួយគ្នារវាងឃុំលំបាកខ្លាំង ដើម្បីពង្រីកកម្លាំងអនុតំបន់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកកសាងជនបទថ្មីនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ល។
ដល់ឆ្នាំ ២០២៥ អាងយ៉ាងខិតខំធ្វើយ៉ាងណាដើម្បីឃុំនៅតំបន់ជនរួមជាតិភាគតិចទាំង ១០០% មានផ្លូវទៅដល់មជ្ឈមណ្ឌលឃុំត្រូវបានក្រាលកៅស៊ូឬចាក់បេតុង; ភូមិនៅតំបន់ជនរួមជាតិភាគតិច ៧០% មានផ្លូវទៅដល់មជ្ឈមណ្ឌលឃុំត្រូវបានចាក់បេតុង។ ទន្ទឹមនឹងនោះ ខេត្តនឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងរចនាសម្ព័ន្ធសង្គមនៅឃុំលំបាកខ្លាំង (ចំណុះតំបន់ III) និងភូមិលំបាកខ្លាំងនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ៕
ថាញឡុង-មុនី