រឿងរ៉ាវក្មេងប្រុសម្នាក់អាយុ ៩ ឆ្នាំ ដែលមិនខ្វល់ពីការស្លាប់រស់ ប្រថុយនឹងគ្រោះថ្នាក់ជួយសង្រ្គោះម្តាយចិញ្ចឹម មានដំណើរដូចរឿងព្រេងនិទាន ប៉ុន្តែនេះគឺជារឿងពិតក្នុងជីវិតប្រចាំថ្ងៃ។ អ្នកដែលសរសេររឿងដ៏អស្ចារ្យនោះ គឺប្អូនង្វៀងហឺវជិញ នៅភូមិអាងហ៊ីប ឃុំអាងមី ស្រុកកេសាច់ ខេត្តសុកត្រាំង។
បងស្រី ថាច់ធីសារ៉ា រៀបរាប់អំពីឆន្ទៈរបស់កូនប្រុសហឺវជិញ។ រូបថត៖ យ្វីខូយ
បងស្រី ថាច់ធីសារ៉ា ម្តាយហឺវជិញ រៀបរាប់៖ វិស្សមកាលឆ្នាំ ២០១៩ កាលនោះ ជិញអាយុ ៩ ឆ្នាំ ហើយទើបតែរៀនចប់ថ្នាក់ទី ៣ ដោយសារប្អូនចង់ជួយឪពុកម្តាយ និងរកប្រាក់ដើម្បីទិញសិក្ខូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី ជិញបានសុំទៅតាមជួយឪពុកម្តាយចិញ្ចឹមដែលជាអ្នកប្រកបរបរចិញ្ចឹមទារត់វាល។ ពួកគាត់ស្រឡាញ់ប្អូនខ្លាំងណាស់ យកប្អូនទៅតាមសំខាន់គឺចង់ឱ្យប្អូនបានដឹងស្គាល់កន្លែងនេះកន្លែងនោះនិងបានសប្បាយតែប៉ុណ្ណោះ ព្រោះគាត់គ្មានកូន។ ជិញទៅជាមួយ សំខាន់គឺយកបាយពីលើទូកដែលម្តាយចិញ្ចឹមដាំជូនឪពុកចិញ្ចឹមមើលទានៅឯវាលស្រែ។
មានម្តង ចុះទូកយកបាយជូនឪពុកចិញ្ចឹម ជិញប្រទះឃើញធុងហ្គាសធ្លាយ ហៀបនឹងផ្ទុះ ប្អូនប្រញាប់លោតឡើងច្រាំង ហើយហៅម្តាយចិញ្ចឹមឱ្យរត់គេចខ្លួន។ ប៉ុន្តែដោយសារម្តាយមិនឮក្នុងវិនាទីស្លាប់រស់ ជិញមិនអល់អែកក៏លោតចុះទូករកម្តាយចិញ្ចឹមវិញ។ ជាអកុសលភាពរហ័សរហួនរបស់ក្មេងប្រុសអាយុ ៩ ឆ្នាំ មិនអាចរត់គេចទាន់ ធុងហ្គាសក៏ផ្ទុះ។ ជិញនិងម្តាយចិញ្ចឹមរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅទីក្រុងហូជីមិញ ប៉ុន្តែមួយថ្ងៃក្រោយមកម្តាយចិញ្ចឹមរបស់ប្អូនក៏ស្លាប់ ចំណែកជិញត្រូវរលាក់ភ្លើងអត្រា ៩៦% ។
អស់រយៈពេលជិត ៣ ឆ្នាំកន្លង ហឺវជិញ បានទទួលរងនូវការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ការវះកាត់ប្រហែល ២០ លើក ត្រូវបានធ្វើឡើងលើរាងកាយតូចស្តើងរបស់ប្អូន។ ថ្ងៃដែលយើងខ្ញុំមកដល់ ហឺវជិញ ដូចជាហត់នឿយខ្លាំងណាស់ បន្ទាប់ពីការវះកាត់ពត់ម្រាមដៃក្ងង់ដោយសារកម្ដៅភ្លើង។ នេះគ្រាន់តែជំហានទីមួយប៉ុណ្ណោះ ជំហានបន្ទាប់គឺក្រោយពីមុខរបួសបានជាសះស្បើយ វេជ្ជបណ្ឌិតនឹងបន្តធ្វើការវះកាត់ដើម្បីបំបែកម្រាមដៃទាំង ៥ ដែលជាប់ជាមួយគ្នា។ វះកាត់ដៃឆ្វេងរួចរាល់នឹងដល់ដៃស្តាំវិញ។ បន្តបន្ទាប់ទៀត វេជ្ជបណ្ឌិតនឹងបន្តដំណើរការវះកាត់ប៉ះស្បែកដែលរលាក វះកាត់ស្នាមរបួសលើខ្នង...៘ ច្រមុះរបស់ប្អូនត្រូវរបួសស្ពៀតជាប់នឹងស្បែក បណ្តាលឱ្យពិបាកដកដង្ហើម មាត់ក៏រលាកធ្ងន់ ដូច្នេះពិបាកក្នុងការនិយាយស្តី។
ស្បែកដែលនៅលើដងខ្លួនមិនគ្រប់សម្រាប់ធ្វើការវះកាត់ប៉ះស្បែកដែលរលាកនោះទេ។ ត្រចៀកម្ខាងរបស់ ហឺវជិញ ក៏ស្ដាប់លែងឮ។ បងស្រី ថាច់ធីសារ៉ា ម្តាយហឺវជិញ រៀបរាប់បន្ថែម៖ ក្រោយពីឧបទ្ទវហេតុនោះ ជិញ តិចនិយាយស្តី មិនញញឹម ខ្លាចភ្លើង ហើយពេលគេងតែងតែស្រមើស្រមៃ ។ ការព្យាបាលដោយចិត្តសាស្ត្រ សម្រាប់ហឺវជិញ ក៏អូសបន្លាយមិនតិចដែរ។ និយាយបានតែប៉ុណ្ណឹង បងស្រីក៏ឱបថើបកូនទាំងទឹកភ្នែកហូរ...៘
បច្ចុប្បន្ន ជិញ មានអាយុ ១២ ឆ្នាំហើយ យើងខ្ញុំបានសួរប្អូនថា តើមានសោកស្តាយចំពោះទង្វើដ៏គ្រោះថ្នាក់ដែលសង្គ្រោះម្តាយដែរឬទេ ប្អូនគ្រវីក្បាលយ៉ាងដាច់អហង្ការថា “ទេ!” ។ ហាក់ដូចជាប្អូនមិនចង់គិតច្រើនពីរឿងអតីតកាល ប៉ុន្តែ គ្រាន់តែសម្គាល់ថាវាជារឿងដែលគួរធ្វើប៉ុណ្ណោះ។ សម្លឹងទៅប្អូនមានភាពរឹងមាំ និងមានការជឿជាក់សម្រាប់អនាគត។ ពេលណាប្អូនមានសុខភាពល្អ គឺប្អូនហាត់ដើរទៅមក ហើយអនុវត្ត ចលនាសន្លាក់ដៃជើងឱ្យរលូន។ នៅពេលសួរអំពីក្តីប្រាថ្នា ជិញ និយាយខ្សាវៗថា៖ “កូនចង់ជាឆាប់ៗ ដើម្បីបានទៅរៀន”៕
យ្វីខូយ-លេងមី