ក្នុងដំណើរទៅជូនអំណោយរបស់ក្រុមសប្បុរសធម៌មិញហៀងនៅក្រុងកឹងធើ ជូនជនរួមជាតិភាគតិចនៅខេត្តក្វាងង៉ាយ និងក្វាងទ្រី ក្រុមទទួលបានការរាប់អានយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងអ្នកទទួលអំណោយ។
តំណាងក្រុមសប្បុរសធម៌មិញហៀង ជូនអំណោយដល់មាមីងជនជាតិភាគតិចនៅ
ឃុំសើុងតឹង។
ការធ្វើដំណើរពីក្រុងកឹងធើ ទៅដល់តំបន់មាមីងជនជាតិភាគតិច មានការនឿយហត់ខ្លាំង ពីព្រោះផ្លូវឆ្ងាយ ហើយការធ្វើដំណើរមានភាពគ្រោះថ្នាក់ ដោយផ្លូវចោតបត់បែន។ ម្យ៉ាងទៀត មាមីងជនជាតិកាយ៉ង់ នៅឃុំសើុងតឹង រស់នៅសំខាន់ប្រកបរបរកសិកម្ម។ ផ្ទះសម្បែងសង់តាមជម្រាលភ្នំ ឆ្ងាយពីមជ្ឈមណ្ឌលប្រជុំជន។ អ្នកមីងឌិញធីចឺយ ឱ្យដឹង៖ “ឮថាមានក្រុមសប្បុរសធម៌អញ្ជើញចុះមក ខ្ញុំក៏ខំធ្វើដំណើរកាត់ព្រៃតាំងពីព្រលឹមម៉្លេះ។ល។ ក្រោយពីជំងឺ COVID-១៩ គ្រួសារខ្ញុំក្រលំបាកណាស់ ម្ល៉ោះហើយ កូនខ្ញុំទាំងពីរនាក់ទៅធ្វើការឈ្នួលឆ្ងាយអស់ ហើយមានតែយាយចៅនៅផ្ទះ ២ នាក់ បានជាខ្ញុំប្រឹងអៀវកចៅមកតាម។ ពិសេស ចំនួនអង្ករ មីកញ្ចប់និងគ្រឿងទេស ដែលក្រុមផ្ដល់ជូនយាយចៅខ្ញុំពិតជាដោះស្រាយជីវភាពបានមួយគ្រាហើយ”។
កម្មាភិបាលភូមិភាគ ជួយក្រុមចាត់ចែងអំណោយជូនមាមីងនៅឃុំស៊ើងតឹង។
ក្តីរីករាយមិនចំពោះតែអ្នកទទួលអំណោយប៉ុណ្ណោះទេ សូម្បីថ្នាក់ដឹកនាំភូមិភាគក៏មានការត្រេកអរផងដែរ។ បងផាងឌឹកត្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំសើុងតឹង ឱ្យដឹង៖ “គ្រួសារជនជាតិភាគតិចមួយចំនួនក្រលំបាកណាស់ ក្រុមបានមកដល់ទីកន្លែងជូនអំណោយដោយផ្ទាល់ រួមជាមួយភូមិភាគគិតគូរជូនមាមីងជនជាតិជាការប្រសើរខ្លាំងណាស់”។ គឺអាណាព្យាបាលទទួលបានអង្ករ មីកញ្ចប់និងគ្រឿងឧបភោគបរិភោគ ចំណែកសិស្សទទួលបានសិក្ខូបករណ៍ និងសម្លៀកបំពាក់ដែលក្រុមផ្ដល់ជូនប្រកបដោយក្តីសោមនស្សរីករាយ។
ជនជាតិកើទូ នៅឃុំអាប៊ុង ស្រុកដាក់ក្រុង ខេត្តក្វាងទ្រី ក៏ធ្វើដំណើរកាត់ព្រៃ ឆ្លងអូរពីព្រឹកព្រលឹមដើម្បីមកទទួលអំណោយផងដែរ។ ថ្វីដ្បិតអំណោយមិនសូវមានតម្លៃច្រើនក៏ពិតមែន ប៉ុន្តែជាក់ស្តែងជួយមាមីងជនជាតិឆ្លងកាត់ការលំបាក។
ដើម្បីមានការធ្វើដំណើរទៅបំពេញសប្បុរសធម៌នេះ បងស្រីង្វៀងធីមិញធូ ប្រធានក្រុមសប្បុរសធម៌មិញហៀង រួមជាមួយសមាជិក-សមាជិកាបានចលនាសប្បុរសជនជាច្រើន ហេតុនោះ អំណោយរបស់ក្រុមក៏មានចំនួនច្រើន ទៅតាមទឹកចិត្តរបស់អ្នកបរិច្ចាគ។ មានទាំងសម្លៀកបំពាក់ថ្មីចាស់ អង្ករ ទឹកស៊ីអុីវ មើមខ្ទឹមស និងសាប៊ូ ។ល។ បងស្រីមិញធូ ឱ្យដឹង៖ “មានឱកាសនឹងធ្វើដំណើរទៅតាមខេត្តនៅតីង្វៀង ភូមិភាគកណ្តាល ខ្ញុំឃើញមាមីងជនជាតិភាគតិចនៅមានការលំបាកណាស់ ម្ល៉ោះហើយ ពេលវិលត្រឡប់មកស្រុកខ្ញុំនឹងចលនាបងប្អូន មិត្តភក្តិឧបត្ថម្ភ រួចជួលរថយន្តទៅឧបត្ថម្ភដល់មាមីង។ ដោយឃើញទង្វើដ៏មានអត្ថន័យ ម្ល៉ោះហើយមានអ្នកចូលរួមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកខ្លះចំណាយទ្រព្យធន ខ្លះលះបង់កម្លាំងកាយ ទើបមានដំណើរនាំយកអំណោយទៅជូនដល់មាមីងផ្ទាល់ដៃ។ ការធ្វើដំណើរទៅជូនអំណោយមានការនឿយហត់ពីព្រោះផ្លូវឆ្ងាយ ម្ល៉ោះហើយយើងខ្ញុំតែងនិយាយលេងសើចថា មានតែការធ្វើដំណើរដែលចេញពីបេះដូងទេ ទើបមានការធ្វើដំណើរដូច្នេះបាន”៕
ហាថាញ-លីសៀ