អាស្រ័យភាពប៉ិនប្រសប់និងការជក់ចិត្តដិតអារម្មណ៍ដ៏កម្រ ព្រះសង្ឃវ័យក្មេងសុឺនវណ្ណឌេត បង្កើតបានសំណង់ស្ថាបត្យកម្ម ឬវណ្ណកម្មចម្លាក់ដ៏ប្រណីត ដិតដាមដោយលក្ខណៈវប្បធម៌ខ្មែរ។
ក្រៅពីចម្លាក់ក្បូរក្បាច់និងសូន្យរូបព្រះតេជព្រះគុណ សុឺនវណ្ណឌេត នៅទាំងមានកោសល្យ គូរក្បាច់លើទូក-ងទៀតផង។
ព្រះតេជព្រះគុណ សុឺនវណ្ណឌេត ឆ្នាំនេះព្រះជន្ម ៣០ ឆ្នាំ មានកំណើតនៅស្រុកវិញចូវ ខេត្តសុកត្រាំង។ ព្រះតេជព្រះគុណ វណ្ណឌេត សាងផ្នួសតាំងពីអាយុ ១៧ ឆ្នាំ នៅវត្តមុនីវង្សាបុប្ផារាម សង្កាត់ ១ ក្រុងកាម៉ាវ។ ក្រោយមក ព្រះអង្គបាននិមន្តទៅសិក្សាធម្មវិន័យ និងកម្មវិធីអប់រំចំណេះទូទៅនៅវត្តឃោសិតារាមខេត្តបាកលីវ។ អាស្រ័យស្រឡាញ់ពេញចិត្ត នឹងការគូរគំនូរ ការចម្លាក់ក្បាច់តាំងពីកុមារភាព បានជាក្នុងរយៈពេលបួសរៀននៅវត្តឃោសិតារាម ព្រះតេជព្រះគុណ វណ្ណឌេត បានសិក្សាស្រាវជ្រាវនិងនិងរៀនគូរឆ្លាក់តាមសិប្បករដែលមានបទពិសោធន៍ច្រើនខាងក្បូរក្បាច់រចនា និងការសូនរូបបដិមាក្នុងវត្តអារាម។
ព្រះតេជព្រះគុណ សុឺនវណ្ណឌេត មានកោសល្យខាងចម្លាក់ក្បូរក្បាច់រចនា ព្រះអង្គចាប់យកផ្នែកនេះបានយ៉ាងឆាប់រហ័ស ហើយបានមាមីងពុទ្ធបរិស័ទខ្មែរទទួលស្គាល់នូវភាពឈ្លាសវៃរបស់ព្រះអង្គ។ បច្ចុប្បន្ន ស្នាដៃព្រះតេជព្រះគុណ វណ្ណឌេត ត្រូវបានគេដឹងស្គាល់ច្រើន ហើយបាននិមន្តទៅជួយគូរឆ្លាក់នៅវត្តអារាមមួយចំនួនក្នុងនិងក្រៅខេត្ត។ វណ្ណកម្ម គំនូរពុទ្ធប្បវត្តិនៅលើជញ្ជាំងព្រះវិហារវត្តសិរីមានជ័យ ឃុំតឹងឡុក ស្រុកថើយប៊ិញ ខេត្តកាម៉ាវ ជិត ១០០ ផ្ទាំង អាស្រ័យទឹកដៃដ៏ប៉ិនប្រសប់របស់ព្រះតេជព្រះគុណ វណ្ណឌេត។
តាមការចែករំលែករបស់ព្រះតេជព្រះគុណ សុឺនវណ្ណឌេត ការសូនព្រះពុទ្ធបដិមានៅវត្តអារាម គឺសិល្បៈមួយមានលក្ខណៈសិល្បៈប្រពៃណីរបស់ខ្មែរណាមបូ។ ក្នុងដំណាក់ការសូនរូបបដិមាសិប្បករ តែងយោងតាមដំណាក់ការប្រជាប្រិយបុរាណដែលស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ។ ចំពោះរបៀបសូនរូបដោយផ្ទាល់ សិប្បករយោងតាមលក្ខណៈដោយឡែកនៃអាកាសធាតុបរិស្ថាននៅតំបន់នីមួយៗដើម្បីអនុវត្តបច្ចេកទេសលាយវត្ថុធាតុដើម។ ដំណាក់ការសាងសូនរូបត្រូវបានត្រួតពិនិត្យហ្មត់ចត់ដើម្បីធានារូបមិនប្រេះ រឹងមាំ ឋិតថេរបានយូរ។
ព្រះតេជព្រះគុណ សុឺនវណ្ណឌេត នៅថែមទាំងចេះធ្វើមកុដ ក្បាំងមុខរបាំសម្រាប់សម្ដែងបម្រើក្នុងឱកាសបុណ្យទាន មានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យអកអំបុក បុណ្យកឋិនទានជាដើម៕
យោង៖ nguoiduatin.vn-ថាច់ធី