វេជ្ជបណ្ឌិត យ័ញក្វី បច្ចុប្បន្នជាប្រធានបន្ទប់ផែនការវិជ្ជាជីវៈនៃមណ្ឌលសុខាភិបាលស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ ក្នុងអំឡុងពេលចំណុចកំពូលប្រយុទ្ធប្រឆាំងជំងឺ COVID-១៩ វេជ្ជបណ្ឌិតក្វី បានប្រចាំការប្រយុទ្ធជាច្រើនថ្ងៃ ហើយតែងជាអ្នកឈានមុខទៅតំបន់ជំងឺផ្ទុះរាលដាល។
វេជ្ជបណ្ឌិតឯកទេស I យ័ញក្វី។
វេជ្ជបណ្ឌិតឯកទេស I យ័ញក្វី បានឱ្យដឹង៖ “ផ្ទះរបស់ខ្ញុំនៅចម្ងាយពីមជ្ឈមណ្ឌលសុខាភិបាលជាង ១ គីឡូម៉ែត្រប៉ុន្តែ ក្នុងកំឡុងប៉ុន្មានខែចំណុចកំពូលប្រយុទ្ធប្រឆាំងជំងឺរាលដាល ខ្ញុំមិនបានទៅផ្ទះទេ។ សំណាងល្អមាន Zalo គ្រាន់ហៅទូរស័ព្ទទៅ ឃើញមុខប្រពន្ធកូន ម្ល៉ោះហើយមិនសូវមានការនឹករលឹក។ តាមពិតទៅ មានពេលខ្លះខ្ញុំបញ្ចប់វេនប្រចាំការ បានឈប់សម្រាក ប៉ុន្មានថ្ងៃដែរ ប៉ុន្តែខ្ញុំមិនហ៊ានត្រឡប់ទៅផ្ទះទេ ព្រោះធ្វើការជួបផ្ទាល់នឹងអ្នកជំងឺ F0 គ្រប់ពេល ដូច្នេះមិនដឹងថាខ្លួនយើងមានមេរោគឬអត់។ បានទៅផ្ទះជួបជុំគ្រួសារសប្បាយចិត្តណាស់ ប៉ុន្តែអកុសលចម្លងជំងឺទៅប្រពន្ធកូនក៏វេទនាដែរ”។ ទូរស័ព្ទឃើញកូនពីចម្ងាយ បងក៏នឹងនរចិត្ត បំពេញការងារបានល្អ ម៉្យាងភរិយារបស់បង ជាស្រ្តីមេផ្ទះដ៏ល្អនិងយល់ពីធុរៈរបស់ប្តី។ ដោយមានសមរភូមិក្រោយរឹងមាំ បងកាន់តែមានទំនុកចិត្តបោះជំហាន ឈានចូលទៅជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្នុងនាមជាប្រធានបន្ទប់ផែនការវិជ្ជាជីវៈ បងបានកសាងផែនការប្រយុទ្ធប្រឆាំងជំងឺដ៏សមស្រប ដើម្បីធ្វើសេនាធិការជូនថ្នាក់ដឹកនាំ។ នៅក្នុងផែនការអនុវត្ត ចាប់តាំងពីការយកសំណាកចាក់វ៉ាក់សាំង វេជ្ជបណ្ឌិតក្វី តែងមានវត្តមានចូលរួមរាល់សកម្មភាព។ និយាយអំពីការស៊ូទ្រាំលំបាកអស់ពីចិត្តនឹងការងារ វេជ្ជបណ្ឌិតក្វី បានប្រាប់៖ “ខ្ញុំ កើតនៅឃុំថើយក្វាង ស្រុកហ្គក្វាវ ពេលធំឡើងឃុំក៏ក្រ គ្រួសារខ្ញុំក៏ក្រខ្លាំងណាស់។ សំណាងជាងបងប្អូន ៧ នាក់ក្នុងគ្រួសារ ខ្ញុំបានឪពុកម្ដាយឱ្យរៀនសូត្រចប់វិទ្យាល័យ។ គ្រួសារក្រីក្រ លក្ខណៈរៀនសូត្រកាលនោះលំបាកខ្លាំងណាស់ ប៉ុន្តែ ខ្ញុំគិតថាឱ្យតែមានឱកាស គឺយើងត្រូវចេះចាប់យក ហើយខ្ញុំមិនធ្វើឱ្យឪពុកម្តាយខកចិត្ត។ ទោះបីខំប្រឹងយ៉ាងណាក៏ដោយ ប៉ុន្តែឪពុកម្តាយមិនអាចគិតគូរ ឱ្យខ្ញុំរៀនមហាវិទ្យាល័យពេទ្យនៅកឹងធើបានឡើយ។ ក្តីសុបិនចង់ក្លាយជាវេជ្ជបណ្ឌិត តែងជំរុញឱ្យខ្ញុំខិតខំរៀនសូត្រ។ ដូច្នេះ ខ្ញុំបានចុះឈ្មោះចូលរៀននៅសាលាមធ្យមសិក្សាពេទ្យខេត្តគៀងយ៉ាង។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំត្រូវបានចាត់មកធ្វើការនៅមន្ទីរពេទ្យហ្គក្វាវ។
ដោយស្រឡាញ់របរនិងអស់ពីចិត្តចំពោះការងារ ម្ល៉ោះហើយបងក្វីក្តាប់បានការងារយ៉ាងរហ័សនិងសម្រេចល្អរាល់កិច្ចការដែលបានប្រគល់ឱ្យ ម៉្យាងបងតែងតែស្វះស្វែងស្រាវជ្រាវរៀនសូត្រ។ មានការជិតដិតនឹងអ្នកជំងឺយល់ពីការឈឺចាប់ ទុក្ខលំបាករបស់អ្នកជំងឺ ជាពិសេសអ្នកជំងឺក្រីក្រ បានញុំងឱ្យបងកាន់តែប្តេជ្ញាចិត្តរៀនសូត្រឱ្យបានខ្ពស់ ដើម្បីមានចំណេះដឹងនិងសមត្ថភាពសម្រាប់ព្យាបាលជូនអ្នកជំងឺ។ បំណងប្រាថ្នារបស់បងក្វី ត្រូវបានថ្នាក់ដឹកនាំយល់ជ្រាប ហើយបានបង្កលក្ខណសម្បត្តិងាយស្រួលឱ្យបងប្រឡងចូលរៀនវេជ្ជសាស្រ្ដ តាមរបបវិក្រិដ្ឋការនៅមហាវិទ្យាល័យឱសថសាស្រ្តក្រុង កឹងធើ ឆ្នាំ ២០០០។ បងក្វី បានឱ្យដឹងបន្ថែម៖ “អ្នកណារស់នៅតំបន់ដាច់ស្រយាល និងតំបន់លំបាកអំឡុងឆ្នាំ ១៩៨០ ទើបដឹងថាតំបន់ជនបទត្រូវការវេជ្ជបណ្ឌិតយ៉ាងណា។ ដូច្នេះ ខ្ញុំបានក្លាយជាវេជ្ជបណ្ឌិត ក៏បានជួយជំរុញទឹកចិត្តយុវវ័យជាច្រើន នៅស្រុកខ្ញុំឱ្យមានកម្លាំងចលករជំនះការលំបាក ដើម្បីឈានឡើង”។ ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ម្ល៉ោះហើយចំពោះវេជ្ជបណ្ឌិតក្វី គ្មានការលំបាកណាដែលគាត់មិនអាចឆ្លងផុតនោះទេ។ តាំងពីការហូបចុកដេកនៅតាមដំណាក់សុខាភិបាល ដើម្បីយកសំណាក ទោះដើរកាត់ផ្លូវភក់ល្បាប់ ភ្លៀងខ្យល់ ឬជិះទូកតាមដងព្រែក ដើម្បីរកដានជំងឺ។ល។ គ្មានសកម្មភាពណាដែលគ្មានមុខវេជ្ជបណ្ឌិតក្វីនោះទេ។ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ COVID -១៩ វេជ្ជបណ្ឌិតក្វី បានកសាងផែនការសមស្រប នឹងភូមិសាស្រ្តនីមួយៗ ដូច្នេះ អត្រាការស្លាប់ដោយជំងឺ COVID-១៩ នៅហ្គក្វាវមានកម្រិតទាប ហើយការព្យាបាលនៅតាមផ្ទះក៏ស្របតាមតម្រូវការ។ អត្រាការចាក់វ៉ាក់សាំងខ្ពស់។ល។ ការរួមចំណែករបស់វេជ្ជបណ្ឌិតក្វី ត្រូវបានកត់សម្គាល់ដោយលិខិតសរសើររបស់ខេត្តគៀងយ៉ាង ព្រោះមានស្នាដៃប្រយុទ្ធប្រឆាំងជំងឺរាតត្បាតពីរឆ្នាំជាប់គ្នា ឆ្នាំ ២០២០ និងឆ្នាំ ២០២១។ តែងអស់ពីចិត្តចំពោះការងារក្នុងរយៈពេលបំពេញការងារ ម្ល៉ោះហើយវេជ្ជបណ្ឌិតយ័ញក្វី ក៏ទទួលបានកិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន ទទួលបានលិខិតសរសើរ ប័ណ្ណសរសើរជាច្រើនពីគ្រប់ថ្នាក់។ល។ វេជ្ជបណ្ឌិត ហ្វិញវ៉ាន់ញ៉ឹង ប្រធានបន្ទប់ចាត់តាំងនៃមជ្ឈមណ្ឌលស្រុកហ្គក្វាវ បានផ្តល់ព័ត៌មាន៖ “ក្រៅពីភារកិច្ចជាប្រធានបន្ទប់ វេជ្ជបណ្ឌិតក្វី ក៏ជាលេខាសាខាបក្សនិងជាអនុប្រធានសហជីពនៃមជ្ឈមណ្ឌលទៀតផង។ ទោះមុខតំណែងណាក៏ដោយ វេជ្ជបណ្ឌិតក្វី ក៏តែងសម្រេចបានល្អជានិច្ច។ គាត់តែងជិតដិតស្និទ្ធស្នាលនិងលើកទឹកចិត្តមិត្តរួមការងារឱ្យខិតខំដើម្បីសម្រេចបានស្នាដៃរួម”។ ដោយរបៀបរស់នៅ របៀបធ្វើការរបស់គាត់ក៏ទទួលបានការទំនុកចិត្តពីសំណាក់អ្នកជំងឺ។ អ្នកមីងធីជា នៅទីប្រជុំជនហ្គក្វាវ បាននិយាយ៖ “វេជ្ជបណ្ឌិតក្វី តែងយកចិត្តទុកដាក់មើលថែអ្នកជំងឺដោយអស់ពីចិត្ត ដូច្នេះនរណាក៏គោរពស្រឡាញ់រាប់អានគាត់ដែរ”៕
ទ្រុងធឿង-បកប្រែ៖ សុផន