មូលដ្ឋានវេចនំអន្សមជ្រូកត្រាកួង មានផ្លាកយីហោជិញយីរបស់គ្រួសារបងស្រី ថាច់ធីយី នៅភូមិហ្វាហាវ ឃុំភឿកហាវ ស្រុកចូវថាញ់ ខេត្តត្រាវិញ ទើបបានទទួលស្គាល់សម្រេច OCOP ផ្កាយ ៣ ។ នេះជាប្រការដែលមនុស្សជាច្រើនបានរំពឹងទុក ព្រោះនំអន្សមជ្រូកជិញយី មានរសជាតិឈ្ងុយឆ្ងាញ់ ល្បីសុសសាយគ្រប់ទិសទី។
បងស្រី ថាច់ធីយី (ជិញយី) ទទួលវិញ្ញាបនបត្រទទួលស្គាល់ផលិតផល សម្រេច OCOP ផ្កាយ ៣ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។
រៀងរាល់ថ្ងៃ គ្រួសារបងស្រីជិញយី លក់បានពី ២០០-៣០០ នំ ហើយនំដែលគាត់វេចនេះមានទម្ងន់ពី ៧០០ក្រាមដល់ ១,២ គីឡូក្រាម។ ក្នុងឱកាសថ្ងៃបុណ្យទានជនជាតិវៀតណាម គាត់អាចលក់បានរាប់ពាន់នំឯណោះ។ នំអន្សមជ្រូកជិញយី មានពណ៌ច្រើនគួរឱ្យទាក់ទាញ មានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃចាប់ពី ៦០.០០០-៨០.០០០ ដុងក្នុងនំមួយ។ នំមានរសជាតិឈ្ងុយឆ្ងាញ់ អតិថិជនតែងនិយមចូលចិត្ត ទើបមូលដ្ឋាននំអន្សមជ្រូកជិញយី មានកម្មករជិត ២០ នាក់ធ្វើការជាប្រចាំ និងរកបានប្រាក់ចំណូលក្នុងមួយថ្ងៃពី ២០០.០០០-៣០០.០០០ ដុង។
នំអន្សមជ្រូកជិញយី បានអតិថិជនវាយតម្លៃខ្ពស់ពីគុណភាពនិងរសជាតិ នំអាចទុកពិសាបានយូរថ្ងៃ។ វត្ថុធាតុដើមមានដូចជា អង្ករដំណើប សណ្ដែកបាយ សាច់ជ្រូកបីជាន់ ពងទាប្រៃជាដើម។ នំអន្សមជ្រូកជិញយី វេចតាមបែបប្រពៃណី ហើយស្ងោរដោយចង្ក្រានដុតឱស។ កម្មករពេលចូលកន្លែងវេចនំ ត្រូវអនាម័យត្រឹមត្រូវ ពាក់ស្រោមដៃ ពាក់ម៉ាស់ សំដៅធានាអនាម័យសុវត្ថិភាពចំណីអាហារ។ នៅពេលស្ងោរឆ្អិន នំត្រូវបានដាក់ចូលថង់ ប្រើម៉ាស៊ីនប៊ឺត ខ្យល់អ៊ុតមាត់ថង់ និងបិទស្លាកសញ្ញា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និងរក្សាទុកបានយូរថ្ងៃ។
បងស្រីថាច់ធីយី ត្រៀមដាក់នំស្ងោរ។
បងស្រីថាច់ធីយី ម្ចាស់មូលដ្ឋាននំអន្សមជ្រូកជិញយី ឱ្យដឹង៖ “ខ្ញុំគ្រោងទុកថា នៅពេលខាងមុខនឹងពង្រីកអាជីវកម្មបន្ថែម ដោយយកផលិតផលទៅដាក់តាំងនៅតាមមណ្ឌលទេសចរណ៍ សម្រាប់ភ្ញៀវទេសចរទស្សនានិងទិញនំ។ ទន្ទឹមនឹងនោះ ពង្រីកបន្ថែមដេប៉ូចែក ចាយនៅតាមខេត្ត ក្រុងក្នុងតំបន់ ដើម្បីផ្សព្វផ្សាយផលិតផលនំដល់អតិថិជនជិតឆ្ងាយបានដឹងឮ។ ផ្ដើមពីនោះ បង្កើតបានការងារធ្វើនិងប្រាក់ចំណូលលំនឹងដល់មាមីងនៅភូមិ ស្រុក”។ បងថាច់សុភា នៅភូមិធ្លកទទឹង ឃុំកីមហ្វា ឱ្យដឹង៖ “មុននេះ គ្រួសារខ្ញុំក្រលំបាក ត្រូវទៅធ្វើការឈ្នួលដល់ក្រុងហូជីមិញ តែប្រាក់ចំណូលមិនលំនឹង។ សព្វថ្ងៃ បានបងយីឱ្យចូលជួយវេចនំ គ្រួសារខ្ញុំមាន ៣ នាក់មកធ្វើការនៅទីនេះ រកបានប្រាក់ចំណូល ៦០០.០០០ ដុងក្នុងមួយថ្ងៃ។ អាស្រ័យមានមូលដ្ឋាននំអន្សមជ្រូកជិញយីនៅក្បែរផ្ទះ គ្រួសារខ្ញុំក៏មានការងារធ្វើលំនឹង ឥឡូវជីវភាពបានធូរធារជាងមុនច្រើន”។
អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហាវ ឡេមិញធឺ ឱ្យដឹង៖ “គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទើបចេញសេចក្ដីសម្រេចលេខ ៦១២/QĐ-UBND ស្ដីពីការទទួលស្គាល់ វាយតម្លៃពីកម្រិតផលិតផល OCOP របស់ខេត្តត្រាវិញ ឆ្នាំ ២០២១។ នំអន្សមជ្រូកនៃមូលដ្ឋានជិញយី ត្រូវបានទទួលស្គាល់ជាផលិតផលសម្រេច OCOP ផ្កាយ ៣ នោះក៏ជាមោទកភាពរបស់ឃុំយើងដែរ។ ហេតុនេះ ឃុំនឹងបង្កលក្ខណៈដើម្បីមូលដ្ឋានដំណើរការ បានល្អនៅពេលមុខ រិះរកវិធីដើម្បីបើកទូលាយ ទីផ្សារផលិតផល ហើយលក់កាន់តែបានច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ”៕
សើុងម៉ាល័យ-ពេជ្រសឿន