មិនត្រឹមតែបំពេញភារកិច្ចការពារតំបន់ព្រំដែនសមុទ្របានល្អប៉ុណ្ណោះទេ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង នៅទាំងបំពេញភារកិច្ចប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាត និងគិតគូរដល់ការងារសុខុមាលភាពសង្គមនៅភូមិភាគបានល្អផងដែរ។
ប៉ុស្តិ៍ការពារព្រំដែនវិញហាយ ជូនអំណោយដល់វត្តនានា ដើម្បីជំនួយដល់ប្រជាជនជួបការលំបាកដោយជំងឺ COVID – ១៩។
ប៉ុស្តិ៍ការពារព្រំដែននានាបានសហការជាមួយភូមិភាគ ឃោសនាអំពីការបង្ការ ប្រឆាំងជំងឺ COVID -១៩ តាមប្រព័ន្ធបំពងសំឡេងរបស់ភូមិភាគ និង “សំឡេងឧគ្ឃោសនស័ព្ទការពារព្រំដែន” នៅតាមផ្សារនិងតំបន់ប្រជាជនតាំងទីលំនៅតាមឆ្នេរសមុទ្រដោយភាសាវៀត - ខ្មែរ - ចិន។ ឃោសនាជាទ្រង់ទ្រាយតូចៗដល់ប្រជាជនចំនួន ២០.១៤៦គ្រួសារ និងកប៉ាល់ចំនួន ៥.១៤៣ គ្រឿង ដោយមាននាវិក ៤៦.៣៨១ នាក់។ ចែកចាយខិត្តប័ណ្ណចំនួន ១៧.៤២៣ សន្លឹក; ជូនម៉ាស់ជាង ២០.៣០០ ដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្រ។ ទន្ទឹមនឹងនោះ សហការជាមួយកងកម្លាំងភូមិភាគ រៀបចំល្បាតបានចំនួន ៦៦៤ លើក មានបណ្តាសមមិត្តចូលរួមជាង ៤.៩៧៤ នាក់; ប្រទះឃើញនិងវិនិច្ឆ័យ ១៨៨ ករណី ដោយមានមុខសញ្ញា ១៩៩ នាក់ប្រព្រឹត្តបំពានអំពីការបង្ការប្រឆាំងជំងឺ COVID-១៩។ លោក វរសេនីយ៍ត្រី លីវ៉ាន់តៀង ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនវិញចូវ មានប្រសាសន៍៖ “កាតព្វកិច្ចរបស់កងទ័ពការពារព្រំដែន គឺបម្រើប្រជាជននិងការពារតំបន់សមុទ្ររបស់ប្រទេស។ ដូច្នេះ កម្មាភិបាល យុទ្ធជនបំពេញភារកិច្ចបណ្ដើរ និងកៀរគរសប្បុរសជនចូលរួមវិភាគទានបណ្ដើរ ក្នុងនោះ មានអង្ករជាង ១៣.៥ តោន មី ៤២០ កេះ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត ដើម្បីជំនួយដល់មាមីងក្រីក្រដែលរងផលប៉ះពាល់ដោយជំងឺ COVID- ១៩។ នេះគឺជាអំណោយដែលចេញពីបេះដូងរបស់កម្មាភិបាល យុទ្ធជនជូនដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្រ”។
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនជូនអំណោយដល់មាមីងជួបការលំបាក។
វរសេនីយ៍ឯកបម្រុង ង្វៀងត្រុងជិញ ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ មានប្រសាសន៍៖ “វិញហាយជាចំណុចក្តៅនៃជំងឺរាតត្បាត ហើយត្រូវបិទខ្ទប់ ម្ល៉ោះហើយតួនាទីរបស់កងទ័ពគឺត្រូវធានាឱ្យប្រជាជនមិនខ្វះហូប ដើម្បីលំនឹងចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ហេតុនេះ អង្គភាពបានកៀរគរសប្បុរសជនចូលរួមវិភាគទានអង្ករជិត ៣២ តោន មី ១.៥០០ កេះ ទឹកដោះគោ ១.០០០ កំប៉ុង ម៉ាស់ចំនួន ៤០.០០០ ទឹកលាងដៃកម្ចាត់មេរោគ ៥០៧ ដប។ បន្លែ សាច់ត្រីរាប់រយគីឡូក្រាម និងរបស់របរប្រើប្រាស់ចាំបាច់ជាច្រើនទៀត ដើម្បីជំនួយដល់ប្រជាជន។ ទន្ទឹមនឹងនោះ ចូលរួមល្បាតនិងត្រួតពិនិត្យរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។ ហេតុនេះ មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ ហើយរួមកម្លាំងប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាតនិងរក្សាសន្តិសុខតំបន់សមុទ្រ” ។
យោងតាមប្រសាសន៍ លោកវរសេនីយ៍ឯក ឡេវ៉ាន់អាញ ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង អង្គភាពនីមួយៗ បានបង្កើតក្រុមឃោសនាការចល័ត គួបផ្សំនឹងសកម្មភាពឃោសនា ផ្សព្វផ្សាយអប់រំច្បាប់និងឃោសនាអំពីជំងឺ COVID-១៩ ដល់ប្រជាជន។ ផ្តើមពីនោះ ប្រជាជនបានបង្កើនការយល់ដឹងក្នុងការបង្ការ ប្រឆាំងជំងឺ COVID- ១៩។ គោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិនៃច្បាប់; ពង្រីកកម្លាំងសាមគ្គីភាពនៃធ្លុងមហាសាមគ្គីទូទាំងប្រជាជនក្នុងការអនុវត្តភារកិច្ច គ្រប់គ្រងនិងការពារបូរណភាពសន្តិសុខព្រំដែនជាតិ៕
លីធាន- បកប្រែ៖ សុផន