ព្រះសង្ឃ និងព្រះចៅអធិការវត្តខ្មែរលើភូមិសាស្ត្រខេត្តសុកត្រាំង កំពុងសាមគ្គីរួមកម្លាំងឧបត្ថម្ភអ្នកក្រ និងជនរួមជាតិខ្មែរដែលជួបលំបាកដោយសារផលប៉ះពាល់នៃជំងឺ COVID-១៩។
ព្រះតេជព្រះគុណ លីមិញឌឹក និមន្តទៅកាន់ឃុំលិតហោយថឿង ស្រុកត្រឹងដេ ផ្ដល់ជូនអំណោយសម្រាប់ឧបត្ថម្ភដល់ប្រជាជន។
ព្រះតេជព្រះគុណ លីមិញឌឹក ព្រះចៅអធិការវត្តសំរោង សង្កាត់ទី ៥ ក្រុងសុកត្រាំង បានរួមជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ផ្តល់ជូនអង្ករជាង ៦ តោន និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត ដើម្បីឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺរាតត្បាត។ ព្រះតេជព្រះគុណ លីមិញឌឹក មានថេរដីកា៖ “ចំនួនអង្ករ និងបរិក្ខារទាំងអស់នេះ គឺអាស្រ័យពុទ្ធបរិស័ទយកមកប្រគេនវត្ត ពឹងអាត្មាភាពផ្ដល់ជូនឧបត្ថម្ភដល់អ្នកដែលជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺ COVID-១៩។ អាស្រ័យហេតុនោះ អាត្មាភាពផ្តល់ជូនភូមិភាគនីមួយៗនិងពុទ្ធបរិស័ទដោយផ្ទាល់ដៃដើម្បីមិនឱ្យសប្បុរសជនខកបំណងឡើយ”។ ទន្ទឹមនឹងនោះ ព្រះអង្គថែមទាំងផ្តល់ជូនអង្ករ ១ តោនដល់ចង្ក្រានបាយមនោសញ្ចេតនា សម្រាប់ដាំស្លបម្រើកម្មាភិបាលប្រចាំទីតាំងត្រួតពិនិត្យជំងឺទៀតផង។ ព្រមជាមួយនោះ ជួយទិញកសិផលពីកសិករជាង ៤ តោន ដើម្បីផ្ញើដល់ជនរួមជាតិនៅក្រុងហូជីមិញ ដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ ផងដែរ។
ព្រះតេជព្រះគុណ លីឌាង ជូនអំណោយដល់មាមីងក្រីក្រ។
ដោយទទួលបានការរួមវិភាគទានពីសប្បុរសជន ព្រះតេជព្រះគុណ លីឌាង ព្រះចៅអធិការវត្តជ្រោយទឹមចាស់ សង្កាត់ទី ១០ ក្រុងសុកត្រាំង បានផ្តល់ជូនអង្ករជាង ៧ តោន មី ៧០០ កែះ និងសម្ភារៈប្រើប្រាស់ចាំបាច់ដល់មាមីងពុទ្ធបរិស័ទដែលជួបការលំបាក ដោយសារផលប៉ះពាល់នៃជំងឺ COVID-១៩ លើភូមិសាស្ត្រក្រុងផងដែរ។ ពិសេស ព្រះអង្គថែមទាំងជំរុញទឹកចិត្តមាមីងពុទ្ធបរិស័ទស្ងប់ចិត្តនៅនឹងផ្ទះ រួមជាមួយរដ្ឋអំណាចភូមិភាគបង្ក្រាបជំងឺឆ្លងរាលដាល ដើម្បីជីវភាពឆាប់ប្រព្រឹត្តឡើងដូចដើមវិញ។ ព្រះតេជព្រះគុណ លីឌាង មានថេរដីកា៖ “អំណោយមិនច្រើនក៏ពិតមែន ប៉ុន្តែនោះគឺជាទឹកចិត្តរបស់សប្បុរសជនក្នុងនិងក្រៅប្រទេស ដែលផ្ញើមកចែករំលែកដល់មាមីងពុទ្ធបរិស័ទក្នុងពេលមានការលំបាក។ អាត្មាភាពមាន មោទនភាពនិងថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលមានទំនុកចិត្តផ្ញើអំណោយដល់វត្តសម្រាប់យកទៅឧបត្ថម្ភដល់ពុទ្ធបរិស័ទ ដើម្បីពួកគាត់ស្ងប់អារម្មណ៍បង្ការ ប្រឆាំងជំងឺឆ្លងរាល ដាល”។
ព្រះសង្ឃ និងព្រះចៅអធិការវត្តព្រែកអណ្តើក ឃុំថាញ់ភូ; វត្តសេរីតាម៉ឺន និងវត្តផ្តៅពេន ឃុំវៀងប៊ិញ។ល។ ក៏បានបវារណាសប្បុរសជន រួមវិភាគទានអង្កររាប់សិបតោននិងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗជាច្រើនទៀត ដើម្បីឧបត្ថម្ភដល់មាមីងដែលជួបលំបាកដោយសារផលប៉ះពាល់នៃជំងឺ COVID-១៩៕
យ្វីអាញ -លីសៀ