សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកចូវថាញ់ ខេត្តគៀងយ៉ាង បានសង់ឡើងលើផ្ទៃដីប្រមាណ ២០.០០០ ម២ មានសោភណភាពស្អាតបាត ស្រឡះស្រឡំ ជាកន្លែងបណ្ដុះបណ្ដាលកូនចៅជនជាតិភាគតិចរាប់រយនាក់លើភូមិសាស្រ្ត។
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកចូវថាញ់ មានទីតាំងនៅទីប្រជុំជនមិញលឿង។
លោកគ្រូង៉ោថាច់យូវ នាយកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកចូវថាញ់ ឱ្យដឹង៖ បច្ចុប្បន្ន សាលាមានកម្មាភិបាលគ្រប់គ្រង ២ រូប និងគ្រូបង្រៀន ២៣ រូប ក្នុងនោះ មានកម្រិតវិជ្ជាថ្នាក់មហាបរិញ្ញាបត្រ ១ រូប និង ២២ រូបថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្ររង ២ រូប។ ជាច្រើនឆ្នាំមកនេះ សាលាតែងបានគ្រប់លំដាប់ថ្នាក់វិនិយោគកសាងមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារ ធានាដល់ការបង្រៀននិងរៀន។ បច្ចុប្បន្ន សាលាមានបន្ទប់រៀនចំនួន ៨ សម្រាប់សិស្ស ៨ ថ្នាក់ ធានាឱ្យសិស្សទាំងអស់បានរៀន ២ ពេលក្នុងមួយថ្ងៃ។ ក្រៅពីបន្ទប់រៀន សាលានៅមានបណ្ណាល័យសម្រេចបទដ្ឋាន បន្ទប់មុខងារចំនួន ៤ ធានាដល់ការបង្រៀនអនុវត្តជាក់ស្ដែងនូវវិញ្ញាសាមួយចំនួនដូចជា ព័ត៌មានវិទ្យា ភាសាអង់គ្លេស រូបវិទ្យា និងបច្ចេកវិទ្យា ជីវវិទ្យា និងគីមីវិទ្យា។ ដើម្បីធានាដល់ការស្នាក់នៅសិក្សារបស់សិស្សសាលាបានវិនិយោគកសាងអន្តេវាសិកដ្ឋាន ៣២ បន្ទប់។ សិស្សស្នាក់នៅក្នុងសាលាមានលក្ខណសម្បត្តិបង្កើនកាយសម្បទា ក៏ដូចជាអភិវឌ្ឍទេពកោសល្យកីឡា ដ្បិតសាលាមានអាគារហាត់ប្រាណពហុមុខងារ។ ជាមួយនឹងលក្ខណសម្បត្តិមូលដ្ឋានសម្ភារៈសម្រេចបទដ្ឋានទំនើប ម្ល៉ោះហើយសាលាបានសំណូមពរគ្រូបង្រៀន ជំរុញមាំការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការបង្ហាត់បង្រៀន។ ព្រមជាមួយនោះ ប្រើប្រាស់បានល្អផ្នែកទន់ក្នុងការវាយតម្លៃនិងគ្រប់គ្រងសិស្ស។ មកទល់សព្វថ្ងៃ សាលាបានធ្វើសមទិន្ន ធ្វើឱ្យសុក្រឹតទិន្នន័យរបស់អង្គភាព; ថ្នាក់រៀនទាំងអស់បានប្រើប្រាស់ឯកសារអេឡិចត្រូនិច (សៀវភៅពិន្ទុ សៀវភៅទំនាក់ទំនង) និងអនុវត្តសៀវភៅសិក្ខាគារិកអេឡិចត្រូនិចចំពោះសិស្សថ្នាក់ទី ៦ ។
ដោយមានមូលដ្ឋានសម្ភារៈទំនើប សម្រេចបទដ្ឋាន ព្រមទាំងកងជួរគ្រូបង្រៀនមានកម្រិតវិជ្ជានិងឆន្ទៈមោះមុត ជួយឱ្យគុណភាពអប់រំរបស់សាលាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេល ២ ឆ្នាំមកនេះ ទូទាំងសាលាមានសិស្សក្រោមមធ្យមភាគត្រឹម ៣,៣% ។ សិស្សរបស់សាលាក្រោយពីបញ្ចប់កម្រិតអនុវិទ្យាល័យ សុទ្ធតែបន្តរៀនកម្រិតវិទ្យាល័យ។ បងស្រីធីហុងហាញ នៅឃុំម៉ុងថ B ឱ្យដឹង៖ “តាំងពីកូនស្រីខ្ញុំរៀនថ្នាក់ទី ៤ ខ្ញុំបានកំណត់ទិសដៅ ឱ្យកូនចូលរៀនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកចូវថាញ់។ ដំបូង ឪពុកម្ដាយខ្ញុំគាត់មិនយល់ព្រម ព្រោះថ្នាក់ទី ៦ កូនខ្ញុំនៅតូចពេក ហើយត្រូវឃ្លាតឆ្ងាយពីផ្ទះ បន្ទាប់ពីខ្ញុំបានពន្យល់វែកញែកពីគុណភាពអប់រំរបស់សាលានិងការផ្ដល់អាទិភាពរបស់រដ្ឋសម្រាប់សិស្សរៀនសាលាអន្តេវាសិក ទើបគ្រប់គ្នាក្នុងគ្រួសារយល់ព្រម។ ឆ្នាំសិក្សា ២០២១ - ២០២២ កូនខ្ញុំជាសិស្សម្នាក់ក្នុងចំណោមសិស្ស ៦០ នាក់ បានជ្រើសចូលរៀនថ្នាក់ទី ៦ របស់សាលា”៕
ហាថាញ - ថាច់ធី