កង់អគ្គិសនីតុល្យភាព គឺជាមធ្យោបាយមួយដែលបានប្រើច្រើននាបច្ចុប្បន្ន ពិសេសចំពោះយុវជន យុវនារី ពីព្រោះកង់បានរចនា មានភាពសង្ហាឆើតឆាយ។ ជាប្រភេទកង់ដែលតែងឃើញនៅតាមសួនកម្សាន្ត សួនច្បារឬក៏កន្លែងមានបរិវេណទីធ្លាធំទូលាយជាដើម។ អ្នកប្រើគ្រាន់តែឈរពីលើកាន់ចង្កូតនិងរក្សាតុល្យភាព គឺអាចនឹងបញ្ជាទៅមុខ ថយក្រោយ បត់ឆ្វេង បត់ស្តាំតាមត្រូវការ។ លោកង្វៀងវ៉ាន់ទូ នៅសង្កាត់ភឿកធើយ ខណ្ឌអូរម៉ូង ឱ្យដឹង៖ “ជួនកាលក្នុងពេលធ្វើចរាចរ ខ្ញុំតែងជួបអ្នកបញ្ជាកង់អគ្គិសនីតុល្យភាពចរាចរតាមផ្លូវ រួមដំណើរជាមួយមធ្យោបាយដទៃទៀតដែរ។ បើតាមខ្ញុំការបញ្ជាកង់អគ្គិសនី តុល្យភាពចរាចរតាមផ្លូវ គឺមិនធានាសុវត្ថិភាពដល់អ្នកបើកបរ ក៏ដូចជាអ្នកដែលចូលរួមចរាចរឡើយ”។
អ្នកបញ្ជាកង់អគ្គិសនីតុល្យភាពចរាចរតាមផ្លូវខេត្ត៩២២។
ត្រង់កថាខ័ណ្ឌ ១៧, ១៨, ១៩ និង២០ មាត្រា ៣ ច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ ២០០៨ បានចែង៖ មធ្យោបាយចូលរួមបើកបរផ្លូវគោករួមមាន៖ រថយន្ត យានយន្តដឹកជញ្ជូន រ៉ឺម៉កឬរថយន្តបន្តោងរ៉ឺម៉ក យានយន្តដឹកអូស ទោចក្រយានយន្ត ត្រីចក្រយានយន្ត យានជំនិះ (រួមទាំងកង់អគ្គិសនីផង) និងប្រភេទយានជំនិះ ប្រហាក់ប្រហែលឯទៀតកង់(រួមទាំងកង់ ម៉ាស៊ីនផង) ស៊ីក្លូ រទេះរមៀលសម្រាប់អ្នកមានពិការភាព រទេះអូសដោយសត្វពាហនៈ និងប្រភេទរទេះប្រហាក់ប្រហែលយានយន្តប្រើប្រាស់ទូទៅ។ បើតាមប្រសាសន៍មេធាវី ង្វៀងវ៉ានត្វឹង ក្រុមមេធាវីក្រុងកឹងធើ កង់អគ្គិសនីតុល្យភាពមិនមែនជាមធ្យោបាយដែលអាចចូលរួមបើកបរផ្លូវគោកនោះទេ ម្ល៉ោះហើយមិនមានការអនុញ្ញាតឱ្យធ្វើចរាចរតាមផ្លូវឡើយ។ “បច្ចុប្បន្ន បទប្បញ្ញត្តិស្តីពីការពិន័យចំពោះការចរាចរប្រភេទកង់នេះតាមផ្លូវមិនទាន់បានកំណត់ច្បាស់លាស់ក្នុងលិខិត បទដ្ឋានច្បាប់ណាឡើយ។ អាស្រ័យហេតុនោះ ការដែលត្រួតពិនិត្យ ចំណាត់ការរបស់ស្ថាប័នសមត្ថកិច្ច ខណៈជួបប្រទះកង់ទាំងនេះចរាចរតាមផ្លូវ គឺគ្រាន់តែធ្វើការក្រើនរំលឹកប៉ុណ្ណោះ” - លោកត្វឹង ឲ្យដឹងដូច្នេះ។
ទង្វើប្រើប្រាស់កង់អគ្គិសនីតុល្យភាពចរាចរតាមផ្លូវ អាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកប្រើផង និងអ្នកចូលរួមបើកបរឯទៀតផង។ ហេតុដូច្នោះ អ្នកប្រើប្រាស់ប្រភេទកង់នេះ គប្បីមានស្មារតីភ្ញាក់រលឹកដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងក៏ដូចជាអ្នកដទៃ ជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ៕
ចឹងហ៊ឹង - លីសៀ