មកកាន់កូងដាវ នាបច្ចុប្បន្នមិនចំណាយពេលច្រើនដូចមុនទៀត។ ចេញដំណើរពីក្រុងកឹងធើ ភ្ញៀវទេសចរអាចជ្រើសរើសការធ្វើដំណើរដោយយន្ដហោះឬកប៉ាល់ល្បឿនលឿន ចំណាយពេលតែពីរបីម៉ោង គឺអាចទៅដល់កូងដាវ ។
ផ្សារកូងដាវសម្បូរទៅដោយផលសមុទ្រ។
ថ្ងៃដំបូងនៅកូងដាវ អាចចាប់ផ្តើមដោយការងូតទឹកសមុទ្រ។ សមុទ្រកូវដាវ ជ្រះស្អាតនិងទឹកថ្លាយង់ ឈរក្នុងទឹកអាចសម្លឹងឃើញជើងយើងជាន់លើខ្សាច់ស។ ទីតាំងងូតទឹកសមុទ្រ និងគយគន់ព្រះអាទិត្យរះនិងអស្តង្គត គឺនៅក្បែរមណ្ឌលកេរដំណែលកូវតាវលេខ ៩១៤ ។ មានមនុស្សជាច្រើនមកទីនេះ ដើម្បីថតរូបជាមួយសមុទ្របៃតង លើខ្នងភ្នំដ៏ធំល្វឹងល្វើយ អមដោយជួរដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ ព្រមទាំងពន្លឺព្រះអាទិត្យចាំងផ្លេកៗ...។
ទៅកាន់កូងដាវ អ្នកមិនគួរខកខានទៅទស្សនាកេរដំណែលជាតិពិសេស នោះគឺពន្ធនាគារកូងដាវ។ ថ្លៃសំបុត្រចូលទស្សនាគឺ ៥០.០០០ ដុង សម្រាប់គោលដៅចំនួន ៥ រួមមាន ៖ សារមន្ទីរកូងដាវ កេរដំណែលប្រាសាទជួដាវ កេរដំណេលពន្ធនាគារភូហាយ ទ្រុងខ្លាបារាំង និងទ្រុងខ្លាអាមេរិក។ ដើម្បីទស្សនាសព្វទាំង ៥ កន្លែងនេះ ភ្ញៀវទេសចរត្រូវចំណាយវេលាមួយពេល និងយល់បានពីតម្លៃនៃសន្តិភាពដែលបុព្វបុរសយើងបានបង្ហូរឈាម ដើម្បីដណ្ដើមយកមកបានដូចសព្វថ្ងៃ។ ពេលរាត្រី ភ្ញៀវទេសចរមកកូងដាវ ច្រើនតែទៅគោរពបូជានៅបូជនីយដ្ឋានហាងយ៉ឿង។ ផ្សែងធូបក្រអូបសព្វបូជនីយដ្ឋាន និងទឹកចិត្តគោរពដឹងគុណដល់អ្នកដែលបានពលីជីវិតនៅលើកោះដ៏សែនឆ្ងាយជូនប្រទេសជាតិ បានឋិតថេរជារៀងរហូត។
ភ្ញៀវទេសចរជាច្រើន មកកាន់កូងដាវដើម្បីទស្សនារុក្ខជាតិបៃតង។ ដើមឈើមានច្រើនប្រភេទ ប៉ុន្តែដើមអំពៀកកូងដាវ ត្រូវបានចាត់ទុកថាពិសេសបំផុត។ ជួរដើមអំពៀករាប់រយឆ្នាំដុះគ្រប់ដងផ្លូវ ជ្រុងក្រុងនៅកូងដាវ ហើយភាគច្រើនត្រូវបានទទួលស្គាល់ជាដើមឈើមរតកវៀតណាម។ រដូវកាលនេះ កូងដាវក៏មានដើមឥន្ទនេលចេញផ្កា មើលទៅហាក់ដូចជាផ្កាសាគូរ៉ានៅសាប៉ាអ៊ីចឹង។
កូងដាវ មានភាពពុះពោរពេលរាត្រី។ នៅតាមដងផ្លូវសំខាន់ៗ ដូច៖ ផាមវ៉ាន់ដុង តូងឌឹកថាំង ង្វៀងហ្វែ មានហាងលក់អាហារសម្រន់ ធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍យ៉ាងជក់ចិត្ត។ មុនពេលឃ្លាតចាកចេញ ភ្ញៀវទេសចរគួរតែដើរជុំវិញផ្សារកូងដាវ ដើម្បីទិញវត្ថុអនុស្សាវរីយ៍ជូនសាច់ញាតិ។ គ្រឿងសមុទ្រមាន ដូច៖ ត្រីមឹក បង្គាស្រស់ៗ ត្រូវបានដាក់លក់ជាជួរយ៉ាងវែងសម្រាប់ភ្ញៀវជ្រើសរើសទិញ។ ទោះជាធ្វើដំណើរដោយកប៉ាល់ឬយន្ដហោះ ភ្ញៀវទេសចរកុំបារម្ភពេលទិញទំនិញ ព្រោះឈ្មួញគេវេចខ្ចប់យ៉ាងត្រឹមត្រូវ ធានាថាមិនខូចខាតនិងអាចដឹកជញ្ជូនយ៉ាងងាយស្រួល។
កូងដាវ មិនធំពេកទេ ហើយមានមធ្យោបាយដឹកជញ្ជូនសាធារណៈជាច្រើន ពិសេសគឺ taxi និងរថយន្តអគ្គិសនី។ រថយន្តអគ្គិសនីនៅទីនេះដំណើរការឥតឈប់ មាននាឡិកា គិតលុយដូច taxi ដែរ ធម្មតាពីកន្លែងមួយទៅកន្លែងមួយប្រហែល ២០.០០០ ដុង/លើក មានភាពងាយស្រួល ហើយតម្លៃក៏ថោក ប្រសិនបើធ្វើដំណើរច្រើនគ្នា។ ភ្ញៀវទេសចរវ័យក្មេង ដែលចូលចិត្តដើរទេសចរស្វែងយល់ អាចជ្រើសរើសជួលយានយន្ត តម្លៃប្រហែលពី ១៥០.០០០ ដុងដល់ ២០០.០០០ ដុងក្នុងមួយថ្ងៃយោងតាមប្រភេទយានយន្តនីមួយៗ សម្រាប់ទស្សនាឆ្នេរសមុទ្រ ដងព្រៃធម្មជាតិ និងមណ្ឌលគោរពបូជា។ល។៕
យ៉ីលឺ-ទីទុយ