យុវតីនិស្សិតត្រឹងឡាត្រាមី កំពុងសិក្សា ឆ្នាំទី ១ នៅសកលវិទ្យាល័យពាណិជ្ជកម្ម អន្តរជាតិក្រុងហូជីមិញ ជានិស្សិតម្នាក់ ក្នុងចំណោមនិស្សិត ២ នាក់របស់ខេត្តសុកត្រាំង មានកិត្តិយសបានចូលរួមពិធីស្ងើចសរសើរសិស្ស និស្សិតជនជាតិភាគតិចឆ្នើម គំរូ ឆ្នាំ ២០២០ អាស្រ័យក្រសួងអប់រំនិងបណ្តុះបណ្តាលសហការជាមួយនឹងគណៈកម្មាធិការជនជាតិរៀបចំឡើង។
យុវតីនិស្សិត ត្រឹងឡាត្រាមី កំពុងស្រាវជ្រាវមេរៀនលើប្រព័ន្ធអុីនធឺណែត។
កើតនិងធំដឹងក្តីក្នុងគ្រួសារមានម្តាយជាគ្រូបង្រៀន ឪពុកជាកម្មាភិបាលមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ម៉្លោះហើយត្រាមី តែងខិតខំលត់ដំនិងរៀន សូត្រឱ្យបានល្អ។ ត្រាមី ជាកូនលុះក្នុងដំបូន្មាន សុភាពរាបសា ជាបងស្រីគំរូសម្រាប់ប្អូនទាំង ២ ក្នុងការរៀនសូត្រ ក៏ដូចជាក្នុងការរស់នៅ។ “កូនស្រីខ្ញុំនៅផ្ទះលុះក្នុងដំបូន្មាន សុភាពរាបសា មិនធ្វើឱ្យឪពុកម្តាយខកបំណង ចេះជួយណែនាំប្អូនៗរៀនសូត្រ។ ពិសេស ចេះរៀបចំពេលវេលារៀនសូត្រ ស្វ័យសិក្សា ស្រាវជ្រាវតាមរយៈសៀវភៅនិងតាមប្រព័ន្ធអុីនធឺណែត ម៉្លោះហើយប្តីប្រពន្ធខ្ញុំស្ងប់ចិត្តនិងមានមោទនភាពចំពោះស្នាដៃដែលកូនសម្រេចបាន” បងត្រឹងខាញ់ ឪពុករបស់ត្រាមី រីករាយពេលនិយាយអំពីកូនស្រី។
តាំងពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ ត្រាមី តែងភ្ញាក់រលឹករៀនសូត្រដោយខ្លួនឯង មិនពឹងផ្អែកទៅលើឪពុកម្តាយឡើយ។ ជាពិសេស ត្រាមី ចូលចិត្តអានសៀវភៅនិងស្វែងរកវិធីសាស្រ្តពន្យល់មេរៀនលើប្រព័ន្ធអុីនធឺណែត ដើម្បីបង្កើនចំណេះដឹង។ ក្នុងរយៈកាល ១២ ឆ្នាំសិក្សា ប្អូនតែងសម្រេចកិត្តិនាមជាសិស្សឆ្នើម សិស្សពូកែរបស់សាលា។ ទន្ទឹមនឹងនោះ ប្អូននៅទាំងទទួលបានរង្វាន់លេខ ២ ក្នុងការប្រឡងសិស្សពូកែវិញ្ញាសារូបវិទ្យាថ្នាក់ខេត្តទៀតផង។ ដោយឧស្សាហ៍ព្យាយាមរៀនសូត្រ ម៉្លោះហើយត្រាមីប្រឡងជាប់មហាវិទ្យាល័យដោយពិន្ទុខ្ពស់បំផុតទូទាំងខេត្តសុកត្រាំង ក្នុងសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិ ឆ្នាំ ២០២០ ។ ត្រាមី ឱ្យដឹង៖ “ក្នុងរយៈពេលសិក្សា ឪពុកម្តាយមិនដែលដាក់សម្ពាធអ្វីទេ គាត់តែងផ្តល់ជាកម្លាំងចិត្ត ដើម្បីប្អូនខំប្រឹងរៀនសូត្រឱ្យបានល្អ។ ប្អូនជ្រាបច្បាស់ ឪពុកម្តាយជាអ្នកបំពេញការងារផ្នែកអប់រំ គាត់រវល់ណាស់ ដូច្នេះប្អូនកំណត់ទិសដៅសម្រាប់ខ្លួន ត្រូវតែខំរៀនសម្រេចឱ្យបាននូវលទ្ធផលល្អ ដើម្បីនាំមកកិត្តិយសជូនឪពុកម្តាយ និងធ្វើជាគំរូសម្រាប់ប្អូនៗរៀនសូត្រតាម”។
តាមការចែករំលែករបស់ត្រាមី ជារៀងរាល់ថ្ងៃ មុននឹងទៅសាលា ប្អូនតែងក្រោកពីព្រលឹម ដើម្បីអានមេរៀន ពេលចូលរៀនយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ កត់ត្រានូវខ្លឹមសារសំខាន់ៗ។ ពេលមកផ្ទះ ប្អូនពិនិត្យមេរៀនឡើងវិញនិងធ្វើលំហាត់។ ទន្ទឹមនឹងនោះ ឡើងប្រព័ន្ធអុីនធឺណែតស្រាវជ្រាវវិធីសាស្រ្តពន្យល់ កន្លែងណាមិនទាន់យល់ កត់ចូលសៀវភៅ បង្កាន់ដៃ ដើម្បីទៅសាលាសួរមិត្តភ័ក្តិ សួរគ្រូបង្រៀន។ ជាមួយនឹងវិធីរៀនសូត្របែបនេះ ប្អូនត្រាមី ហាក់ដូចជារៀនពូកែគ្រប់វិញ្ញាសា ម៉្លោះហើយ ពិន្ទុមធ្យមភាគរាល់វិញ្ញាសាចាប់ពីកម្រិតអនុវិទ្យាល័យដល់វិទ្យាល័យសម្រេចពី ៩,៥ ពិន្ទុឡើងទៅ។
ជាសិស្សពូកែវិញ្ញាសារូបវិទ្យារបស់សាលា ជំនាញង្វៀងធីមិញខាយ ខេត្តសុកត្រាំង ប៉ុន្តែត្រាមី បែរជាជ្រើសរើសប្រឡងចូលមហាវិទ្យាល័យផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ។ ត្រាមី ឱ្យដឹង៖ “ពេលបានជម្រើសជានិស្សិតជនជាតិតំណាងឱ្យខេត្តទៅហាណូយចូលរួមពិធីស្ងើចសរសើរ ប្អូនសប្បាយរីករាយណាស់ ប្រការនេះផ្តល់កម្លាំងចិត្តឱ្យប្អូនខិតខំជាងទៀត។ ប្អូនរឹតតែមានមោទនភាពពេលបានឪពុកម្តាយគាំទ្រ ប្រកាន់តាមការសម្រេចចិត្ត ជ្រើសរើសមុខវិជ្ជារៀនរបស់ប្អូន។ រៀនមហាវិទ្យាល័យ រស់នៅឆ្ងាយពីគ្រួសារ គ្រប់យ៉ាងយើងគិតគូររៀបចំដោយខ្លួនឯង ដូច្នេះ ប្អូនកាន់តែប្តេជ្ញាចិត្តខិតខំរៀនឱ្យបានពូកែ ដោយមិនធ្វើឱ្យឪពុកម្តាយខកបំណងឡើយ”៕
លីធាន-មុនី