សិល្បករ សិល្បការិនីនៃក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង កំពុងមមាញឹកក្នុងការហាត់សម ត្រៀមបម្រុងឈុតសិល្បៈដើម្បីសម្ដែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ។
ឈុតរបាំរបស់ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង សម្តែងបម្រើក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ។
តាមប្រសាសន៍លោកថាច់ចំរើន ប្រធានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង ៖ រាល់ឆ្នាំ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ស្ថានីយវិទ្យុទូរទស្សន៍សុកត្រាំង (ប៉ុស្ដិ៍STV) តែងរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់ប្រហែល ១ ម៉ោងកន្លះ អំណរបុណ្យចូលឆ្នាំថ្មីនៅតាមវត្តអារាម។ ក្នុងនោះ ក្រុមសិល្បៈសម្ដែងរបាំ ៣ ឈុត ច្រៀង - រាំប្រជាប្រិយ ៣ ឈុត។ រយៈពេលបន្ទាប់ពីនោះ គឺមាមីងខ្មែរឡើងច្រៀងរាំដោះដូរ។ល។ បង្កបរិយាកាសសប្បាយរីករាយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ថ្វីបើដូច្នោះក្ដី ឆ្នាំនេះ ដោយសារការប៉ះពាល់នៃជំងឺ COVID - ១៩ ម្ល៉ោះហើយ កម្មវិធីសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី ត្រូវបានប្តូរមករូបភាពផ្សាយលើកញ្ចក់ទូរទស្សន៍។ ក្រុមសិល្បៈបានដំឡើងនិងធ្វើការហ្វឹកហាត់ចំនួន ១២ ឈុតសម្ដែងនិងដកស្រង់មួយចំនួនឈុតល្ខោនយូរកេរ។ រាល់ឈុតសម្ដែងមានខ្លឹមសារផ្សារភ្ជាប់នឹងវត្តអារាមថ្ងៃបុណ្យទាននិងរបាំជូនពរឆ្នាំថ្មី។ លោកថាច់ចំរើន ឱ្យដឹង៖ “ស្ថានីយវិទ្យុទូរទស្សន៍សុកត្រាំង និងក្រុមសិល្បៈខ្មែរសុកត្រាំង កំពុងជំរុញដំណើរការ ដើម្បីថត។ ព្រោះហេតុដូច្នោះ សិល្បករ-ការិនី និងតន្រ្តីកររបស់ក្រុមសិល្បៈកំពុងមមាញឹកហាត់សម ដើម្បីមានឈុតសម្ដែងល្អៗ ប្រកបដោយគុណភាពសម្រាប់បម្រើជូនជនរួមជាតិខ្មែរទស្សនាកម្សាន្តតាមកញ្ចក់ទូរទស្សន៍”។
ប្អូនថាច់ផល្លា នាដករក្រុមសិល្បៈខ្មែរសុកត្រាំង ឱ្យដឹង៖ “ការនាំយកឈុតរបាំចម្រៀងសម្ដែងបម្រើជូនមាមីងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាក្ដីសោមនស្សរីករាយសម្រាប់ពួកប្អូន។ ឆ្នាំនេះ ដោយសារជំងឺCOVID-១៩ ថ្វីបើមិនបានទៅសម្ដែងតាមភូមិស្រុក ប៉ុន្តែយើងខ្ញុំតែងហាត់សមជាប្រចាំតាមកម្មវិធីដែលក្រុមបានត្រៀមបម្រុង។ ខ្ញុំកំពុងហ្វឹកហាត់ របាំកន្តែរ៉ែ របាំអប្សរា។ល។ ដើម្បីថតចាក់ផ្សាយលើប៉ុស្ដិ៍ STV នាឱកាសបុណ្យចូលឆ្នាំ”។ ចំណែកស្រីមុំ សិល្បៈការិនីក្រុមសិល្បៈខ្មែរ សុកត្រាំង ឱ្យដឹង៖ “ក្នុងកម្មវិធីថតរបស់ប៉ុស្ដិ៍ STV ប្អូនច្រៀង ២ បទនិងដើរតួក្នុងឈុតសម្ដែងអំពី”អត្ថន័យនៃពីធីបុណ្យចូលឆ្នាំថ្មី”។ ទោះបីមិនបានចុះទៅសម្ដែងផ្ទាល់ ប៉ុន្តែប្អូននិងសមាជិកក្នុងក្រុមនៅតែមានភាពរីករាយ”។
បងថាច់ចំរើន ប្រធានក្រុមសិល្បៈខ្មែរសុកត្រាំង ឱ្យដឹង៖ “ជាមួយនឹងភារកិច្ចរបស់ខ្លួន សិល្បករ-ការិនី តន្រ្តីកររបស់ក្រុមតែងត្រៀមលក្ខណៈដើម្បីលើកយកចម្រៀងរបាំ សម្ដែងបម្រើជូនមាមីងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ”៕
យ្វីអាញ - ថាច់ធី