ពិធីប្រណាំងទូក-ងដណ្តើមពានរង្វាន់ស្រាបៀសាយហ្គង ខេត្តសុកត្រាំងឆ្នាំ ២០២០ បានបញ្ចប់នៅលើដងព្រែករំដេញ (Maspero) ក្រុងសុកត្រាំង។ ពិធីប្រណាំងទូក-ងនេះ ស្ថិតក្នុងបរិយាកាសនៃពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងខេត្តសុកត្រាំងឆ្នាំ ២០២០ ។
គណៈចាត់តាំងជូនពានរង្វាន់ដល់ទូក-ង ដែលទទួលបានជ័យលាភី។ រូប៖ ម៉ាល័យ
វគ្គប្រណាំងយ៉ាងពុះពោរនិងស្វាហាប់។ រូប៖ លីធាន
ពិធីប្រណាំងទូក-ងឆ្នាំនេះ បានទាក់ទាញទស្សនិកជនចូលរួមទស្សនានិងគាំទ្រយ៉ាងច្រើនកុះករ។ ការអុំប្រណាំងមានភាពស្វាហាប់បំផុត នោះគឺទូក-ងចំនួនពីរគូ ដែលជាទូក-ងពូកែបំផុតរបស់ខេត្តសុកត្រាំង គឺ៖ ទូក-ងវត្តពងទឹកចាស់ (ស្រុកថាញ់ទ្រី) និងទូក-ងវត្តបឹងទន្សា (ស្រុកត្រឹងដេ); និងទូក-ងវត្តអុងខ (ស្រុកថាញ់ទ្រី)និងទូក-ងវត្តទំនប់ ២ (ស្រុកចូវថាញ់)។ ភាពភ្ញាក់ផ្ញើលបានកើតឡើងនៅវគ្គ ៨ ទូក ខណៈពេលទូក-ងវត្តបឹងទន្សានិងទូក-ងវត្តទំនប់ ២ យក ឈ្នះលើទូក-ងដែលពូកែបំផុតក្នុងខេត្ត គឺទូក-ងវត្តពងទឹកចាស់និងទូក-ងវត្តអុងខ។ នៅវគ្គផ្តាច់ព្រ័ត្រ ថ្វីត្បិតតែជាទូក-ងថ្មីក៏ពិតមែន ប៉ុន្តែ ទូក-ងវត្តទំនប់ ២ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់ខ្លួន និងដណ្ដើមបានពានរង្វាន់ជើងឯក។ ចំណែកខ្លឹមសារអុំប្រណាំងផ្នែកនារី ទូក-ងវត្តសិរីគង្គាគ្រញូង (ខេត្តគៀងយ៉ាង) បានបញ្ចេញថ្វៃដៃដ៏អស្ចារ្យយកឈ្នះលើទូក-ងវត្តទំនប់ ដណ្តើមបានរង្វាន់លេខ ១ ។ បងស្រីសុខន កីឡាការិនីខេត្តគៀងយ៉ាង ឱ្យដឹង៖ “ខណៈពេលប្រណាំងចុងក្រោយជួបនឹងទូក-ងវត្តទំនប់ យើងខ្ញុំមានការបារម្ភណាស់ដែរ ពីព្រោះនេះជាទូក-ងពូកែ និងជាម្ចាស់ជើងឯក ២ ឆ្នាំបន្តបន្ទាប់។ ឈានចូលការប្រណាំង យើងខ្ញុំលើកទឹកចិត្តគ្នាគប្បីតាំងចិត្តឱ្យរឹងប៉ឹង សាមគ្គីនិងប្រណាំងអស់ពីសមត្ថភាព ម្ល៉ោះហើយទទួលបានជ័យជម្នះ”។
ការប្រណាំងទូក-ងឆ្នាំនេះ បានរកឃើញជើងឯកថ្មី ២ ទូក នោះគឺទូក-ងវត្តទំនប់ ២ (ផ្នែកបុរស) និងទូក-ងវត្តសិរីគង្គាគ្រញូង(ផ្នែកនារី)។ រង្វាន់លេខ ២ លេខ ៣ និងលេខ ៤ ផ្នែកបុរសបានទៅលើទូក-ងវត្តអំពូយារ (ស្រុកមីស្វៀង) វត្តពេជ្រ (ទីរួមខេត្តវិញចូវ) និងវត្តបឹងទន្សា (ស្រុកត្រឹងដេ)។ រីឯរង្វាន់លេខ ២ ផ្នែកនារី បានទៅលើទូក-ងវត្តទំនប់ (ស្រុកចូវថាញ់) លេខ ៣ ទូក-ង វត្តកោះធំ (ខេត្តបាកលីវ)។ ដូច្នេះ គណៈចាត់តាំងបានជូនរង្វាន់លេខ ១ ទូក-ងផ្នែកនារីចំនួនទឹកប្រាក់ ១០០ លានដុង និងលេខ ១ ទូក-ងផ្នែកបុរសចំនួនទឹកប្រាក់ ១៥០ លានដុង ព្រមទាំងបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។
*ក្រោយរយៈពេល ២ ថ្ងៃ ប្រណាំងយ៉ាងពុះពោរលើដងព្រែកឡុងប៊ិញ ក្រុងត្រាវិញ ពិធីប្រណាំងទូក-ងប្រពៃណីអំណរបុណ្យអកអំបុកខេត្តត្រាវិញ ដណ្តើមពានរង្វាន់ Sacombank លើកទីVII ឆ្នាំ ២០២០ ក៏បានបញ្ចប់។
ឆ្លងតាមរយៈនោះ ការប្រណាំងចម្ងាយខ្សែទឹក ៨០០ ម៉ែត្រផ្នែកបុរសទូក-ងស្រុកកាងឡុង ឈ្នះរង្វាន់លេខ ១ ទូក-ងស្រុកកូវកែលេខ ២ និងទូក-ងស្រុកចូវថាញ់លេខ ៣ ។ ចំណែកវគ្គប្រណាំងចម្ងាយខ្សែទឹក ៦០០ ម៉ែត្រផ្នែកបុរសទូក-ងស្រុកកាងឡុង ឈ្នះរង្វាន់លេខ ១ ស្រុកទីវកឹង លេខ ២ និងស្រុកកូវកែ លេខ ៣ ។ រីឯការប្រណាំងចម្ងាយខ្សែទឹក ៦០០ ម៉ែត្រផ្នែកបុរស នារីចម្រុះទូក-ងស្រុកកូវកែ ឈ្នះរង្វាន់លេខ ១ ;ទូក-ងស្រុកចូវថាញ់លេខ ២ និងស្រុកទីវកឹង លេខ ៣ ។ ដូច្នេះការប្រណាំងទូក-ងប្រពៃណី អំណរពិធីបុណ្យអកអំបុកខេត្តត្រាវិញ ដណ្តើមពានរង្វាន់ Sacombank លើកទីVII ឆ្នាំ២០២០ មានទូក-ងឆ្នើមៗចំនួន ៩ ទូកមកពីស្រុកនានា ដូច៖ កូវកែ ទីវកឹង យ្វៀងហាយ កូវង៉ាង កាងឡុង ថ្កូវ ចូវថាញ់ ក្រុងត្រាវិញ និងទូក-ងដែលជាភ្ញៀវអញ្ជើញមកពីស្រុកតាមប៊ិញ ខេត្តវិញឡុង។ នេះគឺជាសកម្មភាពតែងទាក់ទាញប្រជាជនរាប់សិបពាន់នាក់ ព្រមទាំងភ្ញៀវទេសចរក្នុងនិងក្រៅខេត្តមកចូលរួមទស្សនានិងគាំទ្រ៕
លីធាន-ម៉ាល័យ-លីសៀ