12/10/2020 - 16:29

សាម​គ្គី​រួម​កម្លាំង​រក្សា​ភាសា​និង​អក្សរ​សាស្រ្ត​ខ្មែរ​

ដើម្បី​អភិរក្ស​ភាសា​និង​អក្សរ​សាស្រ្ត​ខ្មែរ​ នៅ​តាម​វត្ត​ខ្មែរ​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ បាលី​ និង​ធម្ម​វិន័យ​ដល់​ព្រះ​សង្ឃ​ និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។​

 ថ្នា​ក់​បង្រៀន​ភាសា​បាលី​នៅ​វត្ត​ស្រឡូង ខេត្ត​សុក​ត្រាំង​។​

ប៉ុន្មានឆ្នាំ​មក​នេះ​ វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ គឺជា​ថ្នាល​បណ្តុះ​បណ្តាល​អក្សរ​ខ្មែរ​ បាលី​ និង​ធម្ម​វិន័យ​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។​ ព្រះ​តេជព្រះ​គុណ​ យឿង​វឹង​ ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរ​សាគរ​ មាន​ថេរដី​កា​៖ “ឆ្នាំ​នេះ​ ដោយ​សារ​ជះឥទ្ធិពល​នៃ​ជំ​ងឺ​ Covid–១៩ ដូច្នេះ​ វត្ត​គ្រាន់​តែ​បើក​ថ្នា​ក់​ធម្ម​វិន័យ​; ក្នុង​នោះ​ ក៏​មាន​បង្រៀន​វេយ្យា​ករ​ណ៍បាលី​ខ្លះ​ដែរ​។​ ទន្ទឹម​នឹង​នោះ​ វត្ត​ក៏​បើក​ប​ង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​ ២ ថ្នា​ក់​ សម្រាប់​ព្រះ​សង្ឃ​ដែល​ទើប​បួស​ថ្មី​ បម្រុង​ចូល​រៀន​ធម្ម​វិន័យ​ ។​ល។​ វត្ត​មាន​គំ​និត​បណ្តុះ​បណ្តាល​កូន​ចៅ​ខ្មែរ​ ឱ្យ​ចេះ​អភិរក្ស​អក្សរ​សាស្រ្ត​ជាតិ​របស់​ខ្លួន​។​ គ្រូ​បង្រៀន​ភាគ​ច្រើន​គឺជា​ព្រះ​សង្ឃ​ដែល​បួស​រៀន​យូរ​ឆ្នាំ​ និង​គ្រូ​ឧទ្ទេសា​ចារ្យ​ដែល​មាន​បទ​ពិសោ​ធន៍ច្រើន​”។​ បច្ចុប្បន្ន​ វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ មាន​ព្រះ​សង្ឃ​ជាង ​៦០ អង្គ​ ប៉ុន្តែ​សមណ​សិស្ស​តែង​មាន​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​រៀន​សូត្រ​និង​គោ​រព​ប្រតិបត្តិ​តាម​ធម៌​វិន័យ​។​ សមណ​សិស្ស​ថាច់​សុខ​លីដា មាន​ថេរដី​កា​៖ “សិក្សា​នៅ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​យក​ព្រះ​ទ័យទុក​ដាក់​និង​គិត​គូរ​តាំង​ពី​កន្លែង​ស្នាក់នៅ​ ឆាន់​ ចុក និង​រៀន​សូត្រ​យ៉ាង​ល្អ​ប្រ​សើរ​។​ ចូល​មក​បួស​ ទើប​អា​ត្មា​ភាព​មាន​ឱកាស​បាន​រៀន​អក្សរ​ខ្មែរ​ បាលី​ និង​ធម្ម​វិន័យ​ ដើម្បី​លត់​ដំ​សីល​ធម៌​ ចរិយា​សម្បត្តិ​និង​វិជ្ជា​សម្បត្តិ​ សក្តិ​សមជា​ឧត្តម​ភេទ​ដែល​ពុទ្ធ​បរិស័ទ​តែង​គោ​រពរាប់​អា​ន”។​

មិន​ខុស​ពី​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​នោះ​ទេ​ វត្ត​សិរី​សុខុម​សង្គម​មាន​ជ័យ​ស្រឡូ​ង ខេត្ត​សុក​ត្រាំង​ តែង​បើក​ថ្នាក់​បង្រៀន​បាលី​ពី​ថ្នាក់​ទី ១-៣ ផង​ដែរ​ រៀង​រាល់​ឆ្នាំ​វត្ត​មាន​សមណ​សិស្ស​មក​សិក្សា​ជាង​ ១០០ អង្គ​។​ វត្ត​ក៏​បាន​អញ្ជើញ​អា​ចារ្យ​បង្រៀន​ និង​កម្មា​ភិបាល​ គ្រូ​បង្រៀន​ចូល​មក​ប​ង្ហា​ត់បង្រៀនថ្នា​ក់​ទាំង​នេះ​។​   លោក​គ្រូ​ហ្វិញ​ថាញ់​តែវ បង្រៀន​ភាសា​បាលី​ក្នុង​វត្ត​ជាង ​២២ ឆ្នាំ​ ឱ្យ​ដឹង​៖  “ខ្ញុំ​រៀន​សូត្រ​បាន​ចេះ​ដឹង​ដូច​សព្វ​ថ្ងៃ​ គឺអា​ស្រ័យបាន​បួស​រៀន​នៅ​ក្នុង​វត្ត​ ម្ល៉ោះ​ហើយ​ចូល​មក​បង្រៀន​ក្នុង​វត្ត​ ក៏​ជាការ​តប​ស្នង​គុណ​ដល់​វត្ត​អា​រាម​ផង​ដែរ​។​  ការ​បង្រៀន​គ្មាន​ប្រាក់​បៀវត្សរ៍ទេ​ ប៉ុន្តែ​ខ្ញុំ​មាន​មោទ​នភាព​និង​កិត្តិ​យសខ្លាំង​ណា​ស់​ពេល​បាន​ចូល​បង្រៀន​ព្រះ​សង្ឃ​ក្នុង​វត្ត​។​ ពី​ព្រោះ​មាន​តែ​ក្នុង​វត្ត​ទេ​ដែល​បង្រៀន​ភាសា​បាលី​ រីឯ​ភាសា​ខ្មែរ​អា​ច​នឹង​រៀន​នៅ​តាម​សាលា​ឯទៀត​បាន​។​ នោះ​ហើយ​ដែល​ជំ​រុញ​ឱ្យ​ខ្ញុំ​ផ្សារភ្ជាប់​ជា​មួយ​វត្ត​អា​រាម​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​។​ ម្យ៉ាង​ទៀត​ ព្រះ​សង្ឃ​គ្រប់​អង្គ​រៀន​សូត្រ​ក្នុង​វត្ត​ ក្រោយ​ពី​ប្រ​ឡង​យក​សញ្ញា​បត្រ​បាលី​រង​ អាចនឹង​បន្ត​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​ទៀតផង​”៕​

                                       យ្វីអា​ញ់-លីសៀ

 ​

ចែករំលែកអត្ថបទ