ប្រសិនបើអ្នកចង់ចៀសវាងពីភាពអ៊ូអរ លោកអ្នកអាចចំណាយពេលមួយថ្ងៃស្រូបខ្យល់អាកាសដ៏បរិសុទ្ធ នៅក្រោមម្លប់ដើមឈើធំៗនៅតាមទីវត្តខ្មែរនៅខេត្តវិញឡុង។
ជ្រុងមួយនៃបរិវេណវត្តសង្ឃមង្គល។
កាលពីមុនភ្ញៀវទេសចរភាគច្រើនមិនបានស្គាល់វត្តមង្គលបូរីទ្រនំសេក នៅភូមិដាយ-ថ ឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង ដោយសារវត្តនេះមានទីតាំងកំបាំងចុះទៅឆ្ងាយ ហើយផ្លូវក៏តូចចង្អៀត។ ប៉ុន្តែប្រសិនបើលោកអ្នកស៊ូលំបាកបន្តិចដើរតាមផ្លូវដ៏សែនមនោរម្យនិងត្រជាក់ មានទាំងចម្ការផ្លែឈើ វាលស្រែធំល្វឹងល្វើយនៃជនបទមានផ្លូវបត់បែនឆ្ពោះទៅកាន់វត្ត។ បន្ទាប់ពីដើមគគីរក្នុងវត្តមង្គលបូរីទ្រនំសេក ត្រូវបានទទួលស្គាល់ជាដើមឈើកេរដំណែលកាលពីឆ្នាំ ២០១៦ ភ្ញៀវទេសចរបានមកទស្សនាវត្តកាន់តែច្រើនឡើងៗ។ តាមប្រសាសន៍ព្រឹទ្ធាចារ្យជាច្រើនបានឱ្យដឹង៖ ដើមឈើនេះមានអាយុកាលជាង ៤០០ ឆ្នាំ កំពស់ប្រហែល ៥០ ម៉ែត្រ និងចោលម្លប់សាខាជិត ៥០០ ម៉ែត្រការ៉េ។ ប្រសិនបើលោកអ្នកមានសំណាងបានជួបព្រះសង្ឃ លោកអ្នកនឹងបានស្ដាប់រឿងរ៉ាវដ៏អាថ៌កំបាំងដែលទាក់ទងនឹងដើមឈើបុរាណនេះ ហើយកាន់តែមានចំណាប់អារម្មណ៍ពិសេសចំពោះការលូតលាស់ដ៏ខ្លាំងក្លា ព្រោះថាដើមឈើនៅទីនេះធ្លាប់ត្រូវអារបំបែកជាពីរ ប៉ុន្តែនៅតែលូតលាស់ល្អជាធម្មតា។
ដើមគគីរជាកេរដំណែលនៅវត្តមង្គលបូរីទ្រនំសេក។
ចាកចេញពីវត្តមង្គលបូរីទ្រនំសេក ភ្ញៀវទេសចរនឹងឆ្លងប្រឡាយត្រាអូង ដោយសាឡាងចម្លង បន្ទាប់មកដើរតាមបណ្តោយផ្លូវលំជនបទដែលមានម្លប់ក្រូចថ្លុងភូមិត្រាម៉ង ឃុំតឹងមី ស្រុកត្រាអូង ដើម្បីទៅដល់វត្តសិរីមង្គលតាធាយ ដែលមានទីធ្លាម្លប់ត្រជាក់ស្រួល។ ចំណុចគួរឱ្យចាប់អារម្មណ៍ពេលមកទស្សនាវត្តសិរីមង្គលតាធាយ គឺភ្ញៀវទេសចរនឹងបានពិសារទឹកត្នោត ព្រោះជុំវិញវត្តមានដើមត្នោតជាច្រើនកំពុងចេញផ្កាផ្លែ។ អង្គុយសម្រាកក្រោមម្លប់ឈើពិសារទឹកត្នោតមួយកែវដ៏ផ្អែមត្រជាក់ ធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ៘
ប្រសិនបើថ្ងៃមិនទាន់លិច សូមលោកអ្នកដើរតម្រង់ទៅឃុំហីវថាញ់ តាមផ្លូវតូចមួយឆ្ពោះទៅផ្លូវជាតិលេខ ៥៣ ដើម្បីទៅវត្តសង្ឃមង្គល ឃុំទ្រុងថាញ់ ស្រុកវុងលីម។ ក្រៅពីដើមគគីរធំៗជុំវិញព្រះវិហារ វត្តសង្ឃមង្គលនៅទាំងមានដើមឈើទាល ដែលមានអាយុកាលរាប់រយឆ្នាំ។ មកវត្តនៅរដូវផ្កា ឈើទាលជ្រុះ ផ្កាវាជ្រុះវិលៗតាមជំនោរខ្យល់ធ្វើឱ្យយើងមានអារម្មណ៍រំភើបរីករាយ ភ្ញៀវទេសចរ នឹងធូរស្បើយអារម្មណ៍ដោយទេសភាពធម្មជាតិជាពុំខាន៕
ហាថាញ់-លេងមី