|
បងស្រី ត្រឹងធីមី។
|
ដោយឆន្ទៈឈានឡើងក្នុងជីវភាព គ្រួសារបងស្រីត្រឹងធីមី នៅភូមិសាឡាង ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានក្លាយជាគ្រួសារធូរធារ។ ពិសេស បងស្រីតែងជួយដល់អ្នកក្រដោយអស់ពីចិត្ត ដោះស្រាយការងារធ្វើដល់កូនចៅខ្មែរនៅភូមិភាគ។
ឪពុកម្តាយស្លាប់ចោលតាំងពីតូច បងស្រីមី រស់នៅជាមួយនឹងម្តាយចុង ហេតុនោះកាលពីកុមារភាពគាត់មិនដែលបានហូបចុកដិតដល់ ស្លៀកពាក់ស្អាតបាតដូចគេទេ។ មួយថ្ងៃៗ គិតតែទៅចាប់ក្តាមខ្យង អូសសំណាញ់រកត្រី កំពឹស។ល។ លក់យកប្រាក់។ ជីវភាពក្រលំបាក ក្តីប្រាថ្នាមានជីវភាពធូរធារតែងដក់ជាប់ក្នុងចិត្តជានិច្ច។ ស្មានថាពេល រៀបការរួចនឹងបានឪពុកម្តាយខាងប្តីស្រឡាញ់ ប៉ុន្តែដោយសារជាកូនកំព្រាឪពុកម្ដាយ ម្ល៉ោះហើយត្រូវខាងប្តីមើលងាយមើលថោក។ បងស្រីត្រូវប្រឈមមុខនឹងការលំបាក នឿយហត់ក្នុងជីវិតជាកូនប្រសា។ ដោយឃើញដូច្នោះ អ្នកផងគេស្រឡាញ់ក៏ឱ្យដីមួយធារនៅក្បែរសាលារៀនបឋមសិក្សាសាឡាង ដើម្បីសង់កូនខ្ទមនៅបណ្ដោះអាសន្ន និងលក់ដូរកំប៉ិកកំប៉ុក ចំណែកប្តីគាត់ដើរធ្វើការឈ្នួលផង និងទៅរកត្រី កង្កែប លក់យកប្រាក់គិតគូរគ្រួសារផង។ ដោយឃើញស្ថានភាពគ្រួសារបងស្រី ក្រុមចុងភៅក្នុងភូមិក៏ហៅគាត់ចូលធ្វើការជាមួយ។ បងស្រីមី ឱ្យដឹង៖ “កាលនោះ ទៅធ្វើចុងភៅ ១ ថ្ងៃ ខ្ញុំទិញបានអង្ករ មួយបាវ ក្រោយមកបានប្រាក់ ២០០ ពាន់ដុង ក្នុងមួយថ្ងៃ ម្ល៉ោះហើយខ្ញុំត្រេកអរខ្លាំងណាស់។ ព្រោះហេតុនោះ ខ្ញុំប្រិតសំចៃទិញមាសទុកពី ៥ ហ៊ុនឡើង ទៅយូរៗទៅមានប្រាក់គ្រប់ទិញដីធារផ្ទះនិងដីស្រែផលិតកម្ម”។ ឆ្នាំ ១៩៩៤ មានដើមទុន បងស្រីមី បានបើកសេវាចម្អិនម្ហូបអាហារបម្រើពិធីបុណ្យ និងពិធីជប់លៀងផ្សេងៗ ដោយមានឈ្មោះថា “សែមមី”។ បងស្រីនៅទាំងវិនិយោគទិញតុ កៅអី រោងការ តន្ត្រី រថយន្តដឹកជញ្ជូនអាហារ។ល។ បងស្រីមី ឱ្យដឹងបន្ថែម៖ “ក្នុងការរកស៊ី ខ្ញុំតែងផ្តល់ទំនុកចិត្តពីសំណាក់អតិថិជន ម្ហូបអាហារមានរសជាតិឆ្ងាញ់ពិសាតាមស្ដង់ដាអនាម័យសុវត្ថិភាពម្ហូបអាហារ និងតម្លៃគួរសម។ មធ្យមភាគក្នុងមួយតុ ខ្ញុំម៉ៅតម្លៃពី ៩០០.០០០ ដល់១,២លានដុង។ ឥឡូវខ្ញុំមានដីស្រែ ៥០ កុង រកបានប្រាក់ចំណូលលំនឹង ហេតុនោះ រៀងរាល់ឆ្នាំខ្ញុំតែងឧបត្ថម្ភប្រាក់ជាង ២០០ លានដុងដល់វត្តទំនប់ ដើម្បីរក្សាសកម្មភាពក្រុមទូក-ងបុរសនិងនារី”។
បងស្រី ត្រឹងធីមី (ឈរទី៣រាប់ពីស្តាំ) ទទួលរង្វាន់លេខមួយទូក-ងនារីវត្តទំនប់ ឃុំអាងនិញ។
បច្ចុប្បន្ន អាជីពចុងភៅរបស់បងស្រី បានជួយដោះស្រាយការងារធ្វើជូនប្រជាជននៅភូមិភាគ ១៥ នាក់ ដោយមានប្រាក់ខែជាង ៤ លានដុង/ម្នាក់/ខែ។ បងស្រីង៉ោធីណាង ឱ្យដឹង៖ “ខ្ញុំមានជំងឺធ្ងន់ ស្មានថាមិនរស់ អាស្រ័យបានបងស្រីទៅកើបថ្នាំស្រុក និងរកវេជ្ជបណ្ឌិតមកព្យាបាលដល់ផ្ទះ។ ក្រោយរយៈពេលជាងមួយឆ្នាំ សុខភាពខ្ញុំបានជាសះស្បើយ។ ជាង ១០ ឆ្នាំមកនេះ ខ្ញុំធ្វើការនៅផ្ទះបងស្រីមី រកបានប្រាក់ចំណូលលំនឹង ហេតុនោះ ខ្ញុំចងចាំពីសន្តានចិត្តរបស់គាត់ជានិច្ច”៕
លីធាន-វិមាន