ពេលនិយាយដល់លោកគ្រូហ្វិញថាញ់តែវ បង្រៀនភាសាបាលី-ខ្មែរ ហាក់ដូចជាព្រះសង្ឃខ្មែរ នៅតាមបណ្ដាខេត្ត ក្រុងនានានៅណាមបូ សុទ្ធសឹងធ្លាប់បានស្គាល់ទាំងអស់។ ពីព្រោះជាង២២ឆ្នាំកន្លង លោកគ្រូមិនត្រឹមតែបង្រៀនភាសាបាលី និងអក្សរសាស្រ្តខ្មែរនៅក្នុងខេត្តសុកត្រាំងប៉ុណ្ណោះទេ នៅទាំងទៅបង្រៀននៅតាមវត្តខ្មែរមួយចំនួននៅតាមខេត្ត ក្រុងតំបន់ណាមបូទៀតផង។ ចំពោះលោកគ្រូ ក្តីរីករាយនិងកិត្តិយសបំផុត គឺបានបង្ហាត់បង្រៀនភាសា និងអក្សរសាស្រ្តជាតិដល់កូនចៅខ្មែរ។
លោកគ្រូហ្វិញថាញ់តែវ ណែនាំព្រះសង្ឃរៀនភាសាបាលីនៅវត្តស្រឡូង ខេត្តសុកត្រាំង។
លោកគ្រូតែវ ឱ្យដឹង៖ “ខ្ញុំធំដឹងក្តី និងបានរៀនចេះដឹងពីវត្តអារាម ហេតុនោះហើយ ខ្ញុំត្រូវតែបង្រៀនភាសា និងអក្សរសាស្រ្តជាតិដល់កូនចៅខ្មែរជាបន្ត ប្រការនោះជាក្តីរីករាយនិងកិត្តិយសបំផុតក្នុងជីវិតខ្ញុំ”។ កាលពីកុមារ លោកគ្រូតែវធ្លាប់ឃើញជីតាបង្រៀនភាសាបាលី និងអក្សរសាស្រ្តខ្មែរដល់ព្រះសង្ឃក្នុងវត្ត ម្ល៉ោះហើយក៏មានគំនិតចង់បង្ហាត់បង្រៀនដល់ព្រះសង្ឃដូចជីតាដែរ។ ពេលអាយុគម្រប់១៥ឆ្នាំ គាត់សូមម្តាយឪពុកទៅបួសរៀននៅវត្តមុនីសិរីសោភ័ណកោះដូង (ស្រុកភឿកឡុង ខេត្តបាកលីវ)។ ពេលចូលវត្តបួសរៀន លោកគ្រូតែងខ្នះខ្នែងសិក្សារៀនសូត្រ រួចសូមព្រះចៅអធិការចេញទៅរៀនភាសាបាលី។ ក្រោយពីចេញទៅសិក្សា៣ឆ្នាំ លោកគ្រូបានប្រឡងបញ្ចប់ថ្នាក់បាលីរង រួចសូមចូលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំង។ លោកគ្រូតែវ ឱ្យដឹងបន្ថែម៖ “រៀនចប់ថ្នាក់ទី១២ ខ្ញុំបន្តចូលរៀនមហាវិទ្យាល័យសេដ្ឋកិច្ចបាន៣ឆ្នាំ ប៉ុន្តែដោយសារគ្រួសារក្រីក្រពេក ក៏ឈប់រៀនពាក់កណ្ដាលការ រួចត្រឡប់មកស្រុកកំណើតវិញ។ លុះដល់ឆ្នាំ១៩៩៨ ខ្ញុំបានទៅបង្រៀនភាសាបាលី និងអក្សរសាស្រ្តខ្មែរដល់ព្រះសង្ឃនៅវត្តមុនីសិរីសោភ័ណកោះដូង។ ទោះបីបង្រៀននៅទីណាក៏ដោយ ខ្ញុំនៅតែមានក្តីរីករាយពីព្រោះគោលបំណងចម្បងរបស់ខ្ញុំ គឺចង់ចែករំលែកនូវចំណេះដឹងដល់កូនចៅខ្មែរ”។
ដោយស្រឡាញ់ពេញចិត្តរបរគ្រូបង្រៀន លោកគ្រូហ្វិញថាញ់តែវ បានចំណាយពេលជាច្រើន ដើម្បីសិក្សាស្រាវជ្រាវភាសាបាលី ម្ល៉ោះហើយគាត់ល្បីឈ្មោះជាអ្នកមានចំណេះដឹងខាងភាសា បាលី។ ផ្តើមពីនោះ លោកគ្រូបានវត្តមួយចំនួននៅខេត្តបាកលីវ ស្រុកត្រាំង គៀងយ៉ាង អាង យ៉ាង។ល។ អញ្ជើញគាត់ទៅបង្រៀន។ ពិសេស ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦ លោកគ្រូបានព្រះចៅអធិការវត្តខ្មែរនៅខេត្តប៊ិញភឿក អញ្ជើញគាត់ទៅជួយបង្ហាត់បង្រៀនភាសាបាលីនិងអក្សរសាស្រ្តខ្មែរ។ ដឹងថាវត្តគ្មានគ្រូបង្រៀនផ្នែកភាសាបាលី ម្ល៉ោះហើយគាត់បានចាកចេញពីគ្រួសារ ទៅខេត្តប៊ិញភឿក ដើម្បីបង្ហាត់បង្រៀនដល់ព្រះសង្ឃ។ ក្នុងអំឡុងពេល៤ឆ្នាំ លោកគ្រូបណ្ដុះបណ្ដាលសិក្ខាកាមបញ្ចប់ថ្នាក់បាលីរងបាន១៦អង្គ ដើម្បីបានចូលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំង។ ពេលឃើញសិក្ខាកាមមានចំណេះដឹងទាំងភាសាបាលី និងអក្សរសាស្រ្តខ្មែរ ដើម្បីបង្ហាត់បង្រៀនដល់ព្រះសង្ឃក្នុងវត្ត លោកគ្រូក៏វិលមកខេត្តសុកត្រាំង បន្តបង្ហាត់បង្រៀនភាសាបាលី។
បច្ចុប្បន្នក្នុងមួយសប្តាហ៍ លោកគ្រូបង្រៀន៣វត្ត (វត្តស្រឡូង វត្តទំនប់ និងវត្តទឹកសាប ខេត្តសុកត្រាំង) បង្រៀនតាំងពីថ្នាក់បាលីទី១ដល់បាលីទី៣។ ដើម្បីមានចំណេះដឹងបន្ថែម ថ្ងៃសៅរ៍-អាទិត្យ លោកគ្រូចូលរៀនថ្នាក់គរុកោសល្យភាសាខ្មែរ-បាលី នៅអនុមហាវិទ្យាល័យគរុកោ សល្យខេត្តសុកត្រាំង៕
យ្វីអាញ់-វិមាន