ចាប់ព្រឹកថ្ងៃ២៩ ខែធ្នូ ២០១៩ ដល់ថ្ងៃ០៤ ខែមករា ២០២០ គណៈប្រតិភូតំណាង១១ខេត្ត ក្រុងតំបន់ភាគខាងត្បូង ក្រុមហ៊ុនអាជីវកម្ម និងមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម រួមជាមួយនឹងស្ថាប័នសារព័ត៌មានមជ្ឈិមនិងភូមិភាគអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានតំបន់៥កងទ័ពជើងទឹក (នៅស្រុកភូក្វឹក ខេត្តគៀងយ៉ាង) និងប្រជាជននៅតំបន់សមុទ្រនីរតីនៃមាតុប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមកាញ់ទី២០២០។ គណៈប្រតិភូក្រុងកឹងធើ ដឹកនាំដោយសមមិត្ត យឿងតឹងហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង។
សមមិត្ត យឿងតឹងហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជំនួសមុខថ្នាក់ដឹកនាំបក្ខភាគ និងប្រជាជនក្រុង ជូនអំណោយដល់កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានតំបន់៥កងទ័ពជើងទឹក។
ព្រឹកថ្ងៃ២៩ ខែធ្នូ គណៈប្រតិភូបានអញ្ជើញទៅអុជធូប គោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ និងឧត្តមសេនីយ៍វ៉ង្វៀនយ៉ាប នៅទីបញ្ជាការនៃបញ្ជាការដ្ឋានតំបន់៥។ ទន្ទឹមនឹងនោះ ក៏បានស្ដាប់ថ្នាក់ដឹកនាំបញ្ជាការដ្ឋាន រៀបរាប់ពីលទ្ធផលដែលតំបន់៥សម្រេចបានក្នុងការតស៊ូពុះពារនិងការពារមាតុភូមិ។ ឆ្លងកាត់៤៤ឆ្នាំបង្កើតនិងរីកចម្រើន កម្មាភិបាល យុទ្ធជនតំបន់៥កងទ័ពជើងទឹក តែងបញ្ជ្រាបភារកិច្ចនយោបាយដ៏សំខាន់ ដូចជា ផ្ដុំកម្លាំងលើកកម្ពស់គុណភាពក្នុងការរួបរួមកម្លាំងនិងសមត្ថភាពត្រៀមលក្ខណៈជាស្រេចសម្រាប់ការប្រយុទ្ធ ធ្វើជាកម្លាំងស្នូលក្នុងការគ្រប់គ្រង ការពាររឹងមាំអធិបតេយ្យ រក្សាលំនឹងបរិស្ថានសន្តិភាព លំនឹងស្ថិរភាពតំបន់សមុទ្រ កោះ ដែនសមុទ្រនីរតីនៃមាតុប្រទេស កសាងតំបន់បដិវត្តន៍ មានបែបផែនត្រឹមត្រូវ ឆ្លាស់វៃ ទាន់សម័យ។
ស្របក្នុងឱកាសនេះ វរៈសេនីយ៍ឯកង្វៀនឌាំងតៀង លេខាគណៈកម្មាធិការបក្សនៃស្នងការនយោបាយតំបន់៥ កងទ័ពជើងទឹក សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំបណ្ដាខេត្ត ក្រុង និងកងជួរអ្នកយកព័ត៌មានទូទាំងប្រទេសចំពោះមនោសញ្ចេតនាដ៏ថ្លៃថ្លា ទឹកចិត្តស្ម័គ្រស្មោះនេះ បានរួមចំណែកលើកទឹកចិត្តកម្មាភិបាល យុទ្ធជន និងប្រជាជន បានស្ងប់ចិត្តក្នុងការរស់នៅ បំពេញការងារ ពុះពារតស៊ូ រក្សារឹងមាំដែនសមុទ្រនៃមាតុប្រទេស។
នៅរសៀលថ្ងៃដដែល គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់អង្គភាពកងពលតូច១២៧ កងវរសេនាតូច៥៦៥ និងកងវរសេនាតូច៥៦៣ ចំណុះបញ្ជាការដ្ឋានតំបន់៥កងទ័ពជើងទឹក កម្មាភិបាល យុទ្ធជនតំបន់៥កងទ័ពជើងទឹក។ បន្ទាប់មក ក៏បានទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យុទ្ធជន និងប្រជាជន នៅកោះ ថោជូ កោះខា្វយ កោះជូយ កោះណាមយូ និងកោះដុក៕
ម៉ីទូ-ពេជ្រសឿន