គ្រួសារបងស្រីថាច់ធីសូត នៅភូមិទ្រនំសេក ឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង មុននេះជាគ្រួសារក្រីក្រមួយក្នុងឃុំ។ ដោយសារមានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ទើបគ្រួសារគាត់បានចាកផុតពីភាពក្រីក្រ។
បងស្រីសូត កាត់ស្មៅនៅអំពកស្រែរបស់គ្រួសារធ្វើជាចំណីឱ្យគោ។
ម៉ោង៩ព្រឹក ប្តីប្រពន្ធបងស្រីថាច់ធីសូត កំពុងកាត់ស្មៅនៅអំពកស្រែរបស់គ្រួសារ។ បងស្រីថាច់ធីសូត ឱ្យដឹង៖ “កាលពីព្រឹកព្រលឹម ប្តីប្រពន្ធខ្ញុំកាត់ស្មៅនៅតាមភ្លឺប្រឡាយឯណោះ ឱ្យគោស៊ីរួច ក៏មកកាត់ស្មៅនៅអំពកស្រែរបស់គ្រួសារវិញ ដើម្បីបម្រុងចំនួនស្មៅឱ្យគោ៦ក្បាលស៊ីនៅពេលរសៀលនិងពេលយប់។ ថ្ងៃនេះ ប្តីខ្ញុំឈប់ធ្វើការមួយថ្ងៃ ដើម្បីជួយកាត់ស្មៅខ្ញុំ ពេលរសៀលគាត់ជួសជុលក្រោលគោឡើងវិញ ពីព្រោះជិតនឹងមានកូនគោ២ក្បាលបន្ថែមទៀត”។ តាមប្រសាសន៍ បងឡេទ្រីយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡងមី គ្រួសារបងស្រីថាច់ធីសូត បានចូលរួមគម្រោងឱ្យខ្ចីគោនិងពង្រីកបានប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ គ្រួសារក្រីក្រនៅលើភូមិសាស្រ្តនឹងបានឱ្យខ្ចីមេគោ១ក្បាល។ ក្រោយពីមេគោកើតបានកូន គ្រួសារនោះនឹងសងកូនគោនោះដល់គណៈគ្រប់គ្រងគម្រោងវិញ ដើម្បីឱ្យគ្រួសារផ្សេងខ្ចីជាបន្ត។ ចាប់ពីទទួលយកគោមកចិញ្ចឹម បងស្រីតែងថែទាំដិតដល់ ហេតុនោះគោមេចេះតែកើតកូនជាបន្តបន្ទាប់ រហូតមកទល់ពេលនេះគ្រួសារបងស្រីមានគោ៦ក្បាល។ បងស្រីថាច់ធីសូត ឱ្យដឹងដោយក្តីរីករាយ៖ “គោរបស់ខ្ញុំកើតសុទ្ធតែកូនញី ម្ល៉ោះហើយខ្ញុំទុកបន្តពូជទាំងអស់។ ប៉ុន្តែដើម្បីរក្សាបានហ្វូងគោដូចសព្វថ្ងៃ ក៏ដោយសាររដ្ឋបានឧបត្ថម្ភប្រាក់សង់ផ្ទះ កូនៗបានរៀនរបរ ដើម្បីទៅធ្វើកម្មករ ហេតុនោះខ្ញុំមិនលក់គោមួយក្បាលណាទាំងអស់”។
បងស្រីសូត ឱ្យដឹងបន្ថែម ពេលបានរដ្ឋឧបត្ថម្ភប្រាក់សង់ផ្ទះពីកម្មវិធីថវិកាឧបត្ថម្ភពីស្ថានីយទូរទស្សន៍វិញឡុង ប្តីប្រពន្ធបងស្រី គិតចង់លក់គោដើម្បីមានប្រាក់បន្ថែមសង់ផ្ទះឱ្យបានសមរម្យរីកមុខរីកមាត់នឹងគេដែរ ម៉្យាងចង់ទុកគោដើម្បីពង្រីកហ្វូង។ ទីបំផុតពីរនាក់ប្តីប្រពន្ធគាត់សម្រេចចិត្តមិនលក់គោ សង់ផ្ទះទៅតាមសមត្ថភាពសេដ្ឋកិច្ចរបស់គ្រួសារ។ អាស្រ័យបងថាញ់ ដែលជាប្តីចេះជាងកំបោរ ម្ល៉ោះហើយប្តីប្រពន្ធគាត់សង់ផ្ទះមិនទូលាយប៉ុន្មាន ប៉ុន្តែមានភាពកក់ក្ដៅខ្លាំងណាស់។
កូនពីរនាក់របស់គាត់ ក្រោយពីរៀនចប់កម្រិតវិទ្យាល័យ បានចូលរៀនវគ្គរបរកាត់ដេររបស់ឃុំ រួចបានឡើងទៅក្រុងហូជីមិញធ្វើជាកម្មកររោងចក្រកាត់ដេរ។ ចំណែកកូនប្រុសពៅកំពុងរៀននៅអនុវិទ្យាល័យឡងមី ខិតខំរៀនដល់ថ្នាក់ទី១០ នឹងបានចូលរៀននៅវិទ្យាល័យជនជាតិ អន្តេវាសិកខេត្តវិញឡុង។ បងស្រីសូត ឱ្យដឹង៖ “ឥឡូវខ្ញុំកាត់ស្មៅរៀងរាល់ថ្ងៃ ដីស្រែនេះពីមុនធ្វើស្រូវ ឥឡូវដាំស្មៅទាំងអស់នៅតែមិនគ្រប់ស្មៅឱ្យគោស៊ី។ ដោយសារបានរដ្ឋឧបត្ថម្ភ ទើបផ្ទះសម្បែងខ្ញុំមានភាពសុខដុម និងមានគោធ្វើជាដើមទុន ខ្ញុំត្រេកអរខ្លាំងណាស់ ឥឡូវគ្រួសារខ្ញុំក៏បានចាកផុតពីភាពក្រីក្រហើយដែរ”៕
ហាថាញ់-វិមាន