ច្រើនឆ្នាំមកនេះ ក្នុងនាមជាអ្នកមានប្រិយភាព លោកអ៊ំថាច់សេម នៅភូមិដៃដូនអ៊ុយ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង តែងធ្វើបានល្អនូវការផ្សព្វផ្សាយ ជួយអ្នកក្រ និងចលនាប្រជាជនចូលរួមកសាងជនបទថ្មី។ ផ្តើមពីទង្វើជាក់ស្តែងរបស់គាត់ បានរួមចំណែកកសាងឃុំភូមីកាន់តែ សម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះជាមានវ័យចំណាស់ក៏ដោយ លោកអ៊ំសេម នៅតែអស់ពីចិត្តជួយដល់អ្នកចាស់ជរាគ្មានទីពឹង ព្រួតដៃជាមួយនឹងរដ្ឋអំណាចភូមិភាគកសាងជនបទថ្មី។
ទោះជាស្ថិតក្នុងតួនាទីណាក៏ដោយ៖ លោកអ៊ំថាច់សេម ប្រធានសាខាសមាគមមនុស្សចាស់ភូមិដៃដូនអ៊ុយ តែងសម្រេចភារកិច្ចបានល្អប្រសើរ។ ចំពោះអ្នកមានវ័យចំណាស់ គាត់តែងយកចិត្តទុកដាក់ឧបត្ថម្ភ និងគិតគូរជីវភាពដល់សមាជិក។ នៅក្នុងភូមិដៃដូនអ៊ុយ ឱ្យតែឮដំណឹងថាមានចាស់ព្រឹទ្ធាចារ្យណាឈឺថ្កាត់ គាត់តែងអញ្ជើញទៅសួរសុខទុក្ខនិងឧបត្ថម្ភបានទាន់ពេល។ ពិសេស បើដឹងចាស់ព្រឹទ្ធាចារ្យណាមួយនៅក្នុងភូមិដល់អាយុទទួលរបបគោលនយោបាយសម្រាស់អ្នកមានវ័យចំណាស់ គាត់តែងទៅដល់ផ្ទះជួយធ្វើសំណុំបែបបទ។ រៀងរាល់ឆ្នាំ លោកអ៊ំថាច់សេមនៅទាំងចលនាសប្បុរសជនចូលរួមវិភាគទានជាអង្ករជាង១តោន និងអំណោយរាប់រយចំណែកដើម្បីឧបត្ថម្ភអ្នកក្រ អ្នកចាស់ជរា គ្មានទីពឹង។ ចំពោះគ្រួសារក្រីក្រដែលមានអ្នកស្លាប់ គាត់ចលនាគ្រូបង្រៀនចូលនិវត្តន៍រួមវិភាគទានប្រាក់ជាង២០លានដុង ដើម្បីឧបត្ថម្ភគ្រួសារនោះឆ្លងកាត់ការលំបាក។ អ៊ំស្រីថាច់ធីសេន ឱ្យដឹង៖ “ទឹកចិត្តជួយឧបត្ថម្ភមនុស្សចាស់ជរា ពិេសស គឺមនុស្សចាស់ជរាគ្មានទីពឹងនៅក្នុងភូមិ អ្នកណាក៏ដឹង ហើយមាមីងអ្នកណាក៏គោរពរាប់អានគាត់ដែរ!”។
លោកអ៊ំថាច់សេម ជាគ្រូបង្រៀនចូលនិវត្តន៍ ហើយគ្រួសារគាត់មានប្រវេណីសង្វាតរៀនសូត្រ ម្ល៉ោះហើយកូនចៅរបស់គាត់សុទ្ធតែស្លូតបូត លុះក្នុងដំបូន្មាន។ ក្នុងថ្ងៃសីល ពេលមាមីងខ្មែរទៅវត្តវិទ្យាបណ្ណារាម (បឹងខ្យង) ឬនៅសាលាទាន គាត់តែងទៅផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។ ផ្តើមពីនោះ ប្រជាជនយល់ រួចប្រៀនប្រដៅកូនចៅរស់នៅនិងប្រកបកិច្ចការតាមច្បាប់។ ក្រៅពីនោះ លោកអ៊ំសេម នៅទាំងចលនាប្រជាជន សកម្មចូលរួមកសាងជនបទថ្មី។ ជាក់ស្តែង គឺគាត់បានចលនាសប្បុរសជន ប្រជាជនរួមវិភាគទានកសាងស្ពានបេតុងបាន២ខ្សែ កសាងផ្លូវចូលកាន់មជ្ឈមណ្ឌលភូមិ១ខ្សែ មានប្រវែង១.៥០០ម៉ែត្រ តភ្ជាប់បណ្ដាញអគ្គិសនីនិងរៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវចូលភូមិដៃដូនអ៊ុយបាន៣៥អំពូល ព្រមទាំងកសាងផ្លូវលំ៣ខ្សែនៅក្នុងភូមិ ដោយមានប្រវែង៦៣០ម៉ែត្រ និងជួសជុលស្ពានចាស់ទ្រុឌទ្រោម២ខ្សែនៅភូមិដៃតាមូន គិតជាទឹកប្រាក់ជិត១ពាន់លានដុង។
ផ្តើមពីទង្វើជាក់ស្តែងដ៏មានអត្ថន័យសម្រាប់ភូមិភាគ លោកអ៊ំសេម បានគណៈឃោសនា អប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំងស្ងើចសរសើរអំពី “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” និង “កសាងគ្រួសារមានប្រវេណីសង្វាតរៀនសូត្រ ចលនាមាមីងជនរួមជាតិខ្មែរ រួមជាមួយនឹងរដ្ឋអំណាចភូមិភាគ ព្រួតដៃកសាងជនបទថ្មី”។ លោកអ៊ំថាច់សេម ឱ្យដឹង៖ “ពីមុន ខ្ញុំធ្វើជាគ្រូបង្រៀនបណ្តុះបណ្តាលដល់យុវវ័យ លុះដល់ពេលចូលនិវត្តន៍ព្រួតដៃជាមួយនឹងរដ្ឋអំណាចកសាងជនបទថ្មី។ ទោះបីជាទង្វើរបស់ខ្ញុំមិនច្រើន ប៉ុន្តែធ្វើបានការងារអ្វីមួយសម្រាប់មាមីង ភូមិស្រុក គឺខ្ញុំមានសេចក្តីត្រេកអរណាស់។ ពិសេស ក្តីរីករាយរបស់ខ្ញុំកើនទ្វេដង ពេលឃើញតំបន់ជនបទយើងមានផ្លូវបេតុងចូលដល់ផ្ទះ កូនចៅទៅរៀនសូត្របានងាយស្រួល ពេលយប់មានអគ្គិសនីបំភ្លឺគ្រប់ច្រកល្ហក ធានាសុវត្ថិភាពផ្លូវគមនាគមន៍ សន្តិសុខសណ្តាប់ធ្នាប់ជូនមនុស្សគ្រប់រូបនិងរាល់គ្រួសារ”៕
លីធាន-វិមាន