ដោយរបៀបវាយតម្លៃកត្តាទាំង១២ផ្សេងគ្នា វិធីថ្មីរបស់អ្នកវិទ្យាសាស្ត្រហូឡង់ អាចព្យាករណ៍បានហានិភ័យកន្ធុចចំពោះកុមារបានឆាប់ជាង១០ឆ្នាំ។
ព្យាករណ៍កុមារកន្ធុចតាំងពីខែដំបូងនៃជីវិត។ រូប៖ kidspot
សាស្រ្តាចារ្យ Tanja Vrijkotte និងសហការីនៅមជ្ឈមណ្ឌលសុខាភិបាល Amsterdam បានធ្វើការសិក្សាស្រាវជ្រាវចំពោះកុមារ៧.៨១០នាក់ ឋិតក្នុងកម្រិតអាយុពី១០ដល់១២ឆ្នាំ។ លទ្ធផលគឺក្រុមកំណត់បានកត្តាដ៏សំខាន់ចំនួន១២ អាចវិភាគដើម្បីព្យាករណ៍ហានិភ័យការកន្ធុចចំពោះកុមារក្នុងរង្វង់១០ឆ្នាំ ដោយមានកម្រិតប្រាកដប្រជាឡើងដល់៧០%។ ជាក់ស្តែងគឺកុមារមានហានិភ័យកន្ធុចខ្ពស់បំផុត ប្រសិនបើអ្នកម្តាយកើតជំងឺទឹកនោមផ្អែម ហើយឪពុកម្តាយសុទ្ធតែជក់បារី។ កត្តាដទៃទៀត រួមមានសន្ទស្សន៍រាងកាយ(BMI) របស់ឪពុកម្តាយ ភេទ ទម្ងន់ ទារកដែលទើបកើត និងការធំធាត់របស់កុមារក្នុង៦ខែដំបូងនៃជីវិត។ ការសិក្សាស្រាវជ្រាវ ក៏បានបង្ហាញ់ថា កុមារដែលបានបញ្ជូនទៅសាលាក្នុងឆ្នាំដំបូងនៃជីវិត តិចមានហានិភ័យកន្ធុចពេលអាយុ១០ឆ្នាំ។ បណ្តាករណីទាំងនេះ អាចមកពីគ្មានការបង្ខំឲ្យញុាំអាហារច្រើនពេក។ កត្តាដទៃទៀតដូចជា អ្នកម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ និងការបង្ខំឲ្យកុមារញុាំអាហារច្រើនពេកក្នុងប៉ុន្មានខែដំបូង អាចបណ្តាលឲ្យកុមារមានហានិភ័យកើនទម្ងន់ អាស្រ័យការផ្លាស់ប្តូរការស្រូបយកជាតិបំប៉ន់។ ពិនិត្យរួមភាគច្រើនកត្តាខាងលើនេះ គេអាចកំណត់ដឹងបាន ជួនកាលដឹងមុនពេលទារកកើតមកទៅទៀត។
នៅហូឡង់ កុមារត្រូវបានស្កេនការកន្ធុចពេលអាយុ២ឆ្នាំ ប៉ុន្តែសាស្រ្តាចារ្យ Vrijkotte បានយល់ថា ការងារនេះគួរតែធ្វើមុនរយៈពេលនេះ។ ព្យាបាលការកន្ធុចលំបាកណាស់។ ហេតុនោះ ឆ្មប់គិលានុប្បដ្ឋាក ឬវេជ្ជបណ្ឌិត គប្បីធ្វើអន្តរគមន៍ឲ្យបានឆាប់បំផុត។ គប្បីប្រើឧបករណ៍ព្យាករណ៍ខាងលើនេះ ដើម្បីព្រមានចំពោះឪពុកម្តាយពីការកន្ធុចរបស់កូននិងជួយពួកគាត់បែងបត់របបឲ្យកុមារញុាំអាហារ ឬវិធីសាស្រ្តហាត់ប្រាណ។ កាលនៅតូចកន្ធុចដល់ធំឡើងងាយរងស្ថានភាពនេះ ក្នុងនោះ អាចមានហានិភ័យខ្ពស់អំពីបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ។
ចំណែកការសិក្សាស្រាវជ្រាវថ្មីៗនេះ ការិយាល័យអង្គការសុខាភិបាលពិភពលោក (WHO) នៅអឺរូប បានព្រមានថា ការមិនទម្លាប់ឬមិនចិញ្ចឹមកូនដោយទឹកដោះម្តាយ អាចកើនហានិភ័យកន្ធុចចំពោះកុមារដល់២៥%។ បណ្ឌិត Bente Mikkelsen បានឲ្យដឹងថា កុមារដែលបានចិញ្ចឹមដោយទឹកដោះម្តាយកាន់តែយូរកាន់តែមានសមត្ថភាពបង្ការការកន្ធុចកាន់តែខ្ពស់។
បណ្តាកុមារដែលកើតជំងឺកន្ធុចខ្លាំង មានសុខភាពអន់ជាងកុមារដែលធាត់ល្មម។ ការធាត់ខ្លាំងជះឥទ្ធិពលដល់សរសៃឈាម បេះដូង ការស្រូបយកជីវជាតិ និងបញ្ហាអសកម្មដទៃទៀត។ WHO បានព្រមានថា យើងគប្បីចិញ្ចឹមកូនដោយទឹកដោះម្តាយទាំងស្រុងក្នុង៦ខែដំបូង និងដំណាក់កាលក្រោយពីនេះឲ្យញុាំអាហារបំប៉នបន្ថែម៕
ហាញ់ង្វៀន (Theo Telegraph, Tech Times)- ប្រែ៖ សុផន