ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ តែងចាប់អារម្មណ៍ដល់ការងារសុខុមាលភាពសង្គម ផ្ដើមពីនោះ ជាជំហានៗលើកស្ទួយជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជន។
អ្នកស្រីត្រឹងធីហោងតៀង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់៩ (ខាងឆ្វេង) ឧបត្ថម្ភអង្ករនិង របស់របរប្រើប្រាស់ជូនគ្រួសារបងថាច់ធីសុខន។
ជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយដឹងច្បាស់ពីស្ថានភាពក្រលំបាករបស់គ្រួសារបងស្រីថាច់ធីសុខន នៅអនុសង្កាត់២ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនសង្កាត់៩ បានសហការជាមួយនឹងសមាគមនារីសង្កាត់៩ បានចលនាអំណោយ ជាអង្ករ២០គីឡូក្រាមនិងរបស់របរប្រើប្រាស់ផ្សេងៗ ដើម្បីចុះទៅសួរសុខទុក្ខគ្រួសារក្រីក្រ។ បងស្រីសុខន ឲ្យដឹង៖ “ខ្ញុំមានជំងឺ មិនអាចទៅធ្វើការងារអ្វីបាន។ ចំណែកប្តីខ្ញុំនៅផ្ទះគ្មានមុខរបរអ្វី ក៏ទៅធ្វើការឈ្នួលនៅខេត្តប៊ិញយឿង ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព។ ដោយដឹងច្បាស់ពីស្ថានភាពក្រលំបាករបស់គ្រួសារនាងខ្ញុំ រៀងរាល់ខែ កម្មាភិបាលសង្កាត់តែងជូនប្រាក់ អង្ករ ស្ករ ទឹកដោះជាដើម។ អាស្រ័យបានការយកចិត្តទុកដាក់របស់សង្កាត់ ទើបជីវភាពគ្រួសារខ្ញុំមិនសូវលំបាកដូចមុន”។
ក្រោយពីបានឧបត្ថម្ភសង់ផ្ទះ និងបង្កលក្ខណសម្បត្តិបុលទុនអភិវឌ្ឍផលិតកម្ម ទើបជីវភាពគ្រួសារមីងថាច់ធីសាមិញ នៅអនុសង្កាត់១ បានឈានឡើងចាកផុតពីភាពក្រីក្រ។ មីង សាមិញ ឲ្យដឹង៖ “ពីមុននេះ ជីវភាពគ្រួសារនាងខ្ញុំលំបាកខ្លាំងណាស់ ដោយសារគ្មានមុខរបរលំនឹង។ នៅពេលបុលបានទុន១០លានដុង នាងខ្ញុំបើកលក់ដូរកំប៉ិកកំប៉ុកនៅនឹងផ្ទះ រកបានចំណូលគ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ព្រមជាមួយនោះបានរដ្ឋឧបត្ថម្ភសង់ផ្ទះ គ្រួសារខ្ញុំត្រេកអរណាស់។ រៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី តែងមានកម្មាភិបាលអនុសង្កាត់ ជូនប្រាក់ អង្ករ ស្ករ នំបង្អែម។ល។ គ្រួសារនាងខ្ញុំពិតជាមាន ភាពកក់ក្តៅខ្លាំងណាស់”។
ដោយជ្រាបច្បាស់ សុខុមាលភាពសង្គមជាភារកិច្ចសំខាន់មួយ ម្ល៉ោះហើយរៀងរាល់ឆ្នាំ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់៩ បានផ្សព្វផ្សាយព្រមៗគ្នានូវវិធានការជាច្រើនមានដូច៖ ឧបត្ថម្ភប្រជាជនអភិវឌ្ឍផលិតកម្ម ដោះស្រាយការងារធ្វើជួយប្រជាជនបានខិតជិត ទទួលផលសេវាសុខាភិបាល ថែទាំសុខភាព អប់រំ វប្បធម៌; ត្រួតពិនិត្យឡើងវិញ ដោះស្រាយរាល់របបគោលនយោបាយសម្រាប់អ្នកក្រ គ្រួសារ ប្រកៀកបន្ទាត់ក្រ។ល។ អ្នកស្រីត្រឹងធីហោងតៀង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់៩ ឲ្យដឹង៖ “រៀងរាល់ឆ្នាំ ភូមិភាគបានចលនាសប្បុរសជនទាំងឡាយឧបត្ថម្ភរាប់រយលានដុងដើម្បីជួសជុលផ្ទះ ទិញអង្ករ ស្ករ ទឹកដោះ។ល។ ទៅសួរ សុខទុក្ខនិងជូនអំណោយអ្នកមានស្ថានភាពលំបាក។ ព្រមជាមួយនោះ សង្កាត់នៅទាំងយកចិត្តទុកដាក់អនុវត្តរាល់គោល នយោបាយសង្គម។ តួយ៉ាងកាលឆ្នាំកន្លង សង្កាត់អនុវត្តសេចក្តីសម្រេចលេខ២២និង២៩/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការឧបត្ថម្ភផ្ទះនៅជូនគ្រួសារក្រីក្រចំនួន១២ និងរំសាយទុនសរុបចំនួន៣៩៦លានដុង។ សង្កាត់នៅទាំងឧបត្ថម្ភ ១១២គ្រួសារផ្លាស់ប្តូរមុខរបរនិង៥៥គ្រួសារដែលគ្មានទឹកស្អាតប្រើប្រាស់។ ឧបត្ថម្ភបង់ថ្លៃអគ្គិសនី ថ្លៃសាលា ផ្ដល់ប្រាក់ជូនយុទ្ធពិការ-ពលី។ល។ ឧបត្ថម្ភដល់មុខសញ្ញាជាគ្រួសារក្រីក្រគាំពារសង្គម អ្នកមានសគុណ សិស្សានុសិស្ស សរុបទឹកប្រាក់ជាង២៥៥លានដុង”៕
ម៉ាល័យ - ធី