ការទទួលទានស្រា១ដបដែលមានចំណុះ៧៥០មិល្លីលីត្រជារៀងរាល់សប្តាហ៍ អាចនឹងបង្កហានិភ័យនៃជំងឺមហារីកប្រហាក់ប្រហែលនឹងការជក់បារី១០ដើមចំពោះស្រ្តី និងបារី៥ដើមចំពោះបរុស ក្រុមអ្នកវិទ្យាសាស្រ្តប្រទេសអង់គ្លេសបានឲ្យដឹងដូច្នេះ។
ការទទួលទានស្រា ក៏បណ្តាលឲ្យកើតជំងឺមហារីកដូចជក់បារីផងដែរ។
ដើម្បីបញ្ជាក់ច្បាស់នូវភាពអំណះអំណាងខាងលើ ក្រុមអ្នកឯកទេស បានយកទិន្នន័យអំពីហានិភ័យនៃជំងឺមហារីកពីអង្គការ Cancer Research UK និងទិន្នន័យអំពីប្រភេទជំងឺមហារីកមួយចំនួន ក្នុងចំណោមប្រជាជនដែលពាក់ព័ន្ធដល់ការជក់បារីនិងទទួលទានស្រា។ ដូច្នេះ គោលបំណងគឺដើម្បីធ្វើការប្រៀបធៀបនៃគ្រោះថ្នាក់ដែលកើតមានឡើងចំពោះផលប៉ះពាល់ទាំងពីរយ៉ាងនេះ។ ក្រុមអ្នកឯកទេសបានឲ្យដឹង៖ ទោះបីទទួលទានស្រាមានការទាក់ទងផ្ទាល់ដល់ប្រភេទជំងឺ មហារីកមួយចំនួនក៏ពិតមែន ប៉ុន្តែមហាជនបែរជាចាត់ទុកថាវាមានផលប៉ះពាល់តិចជាងការជក់បារីទៅវិញ។
យោងតាមអនុសាសន៍នៃប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសអង់គ្លេស (NHS) ឲ្យដឹង៖ បរុសភេទនិងស្រ្តីភេទមិនគប្បីទទួលទានគ្រឿងស្រវឹងដែលមានផ្ទុកជាតិអាល់កុលឲ្យលើសពី១៤ឯកតា (ស្មើនឹង១,៥ដបស្រា)ក្នុងមួយសប្ដាហ៍ឡើយ។ ការទម្លាប់ទទួលទានគ្រឿងស្រវឹងច្រើនជាងកម្រិតនេះ បើតាមការអះអាងពីក្រុមអ្នកឯកទេស អាចនឹងបង្កហានិភ័យកើតជំងឺមហារីក ជំងឺថ្លើម និងជំងឺបេះដូង។ ទន្ទឹមនឹងនោះ តាមការសិក្សាស្រាវជ្រាវថ្មីមួយបញ្ជាក់ឲ្យឃើញថា ការទទួលទានស្រានៅកម្រិតតិចល្មមក៏អាចធ្វើឲ្យអ្នកផឹកមានហានិភ័យកើតជំងឺមហារីកផងដែរ។ ជាក់ស្តែង ក្រុមអ្នកឯកទេសបានធ្វើការប៉ាន់ស្មានថា ក្នុងចំណោមបុរសភេទ១.០០០នាក់ នោះនឹងមាន១០នាក់កើតជំងឺមហារីកនៅពេលណាមួយក្នុងឆាកជីវិត បណ្ដាលមកពីមានទម្លាប់ទទួលទានស្រា១ដបក្នុងមួយសប្តាហ៍។ ហានិភ័យនេះចំពោះស្រ្តីភេទវិញគឺមាន១៤/១.០០០នាក់។ ក្នុងនោះ បរុសភេទងាយនឹងកើតជំងឺមហារីកពោះវៀននិងក្រពះជាង ខណៈពេលស្រ្តីមានហានិភ័យកើតជំងឺមហារីកសុដន់ខ្ពស់បំផុត។
ប្រការគួរឲ្យចាប់អារម្មណ៍ ហានិភ័យកើតជំងឺមហារីកកាន់តែខ្ពស់ទាំងបុរសទាំងស្រ្តី ខណៈពេលដែលពួកគាត់ទទួលទានស្រា៣ដបក្នុងមួយសប្ដាហ៍-បានន័យថា ខ្ពស់ជាងទ្វេដង ពីអនុសាសន៍នៃអង្គការNHS។ ឆ្លងតាមរយៈនោះ ប្រសិនបើទទួលទានសុរានៅកម្រិតទាំងនេះ ហានិភ័យកើតជំងឺមហារីក ចំពោះបរុសភេទគឺ១៩/១.០០០នាក់ និងស្រ្តីភេទ៣៦/១.០០០នាក់់។ យោងតាមក្រុមសិក្សាស្រាវជ្រាវបញ្ជាក់៖ ហានិភ័យ កើតជំងឺមហារីក មកពីទទួលទានសុរា៣ដបក្នុងមួយសប្តាហ៍ ប្រហាក់ប្រហែលនឹងជក់បារី៨ដើមក្នុងមួយសប្តាហ៍ចំពោះបុរស និង២៣ដើមក្នុងមួយសប្តាហ៍ចំពោះស្រ្តី។
សមាជិកក្រុមសិក្សាស្រាវជ្រាវ បណ្ឌិត Theresa Hydes ឲ្យដឹង៖ ការទទួលទានគ្រឿងស្រវឹងច្រើនពេក ប៉ះពាល់ដល់ជំងឺ មហារីកមាត់ បំពង់ក បំពង់សំឡេង បំពង់អាហារ ពោះវៀន ថ្លើមនិងសុដន់ ក្នុងពេលនោះហានិភ័យទាំងនេះដែលបណ្តាលមកពីការជក់បារី មិនបានមហាជនយល់ដឹងទូលំទូលាយនៅឡើយ។ ហេតុដូច្នោះ ក្រុមអ្នកសិក្សាស្រាវជ្រាវសង្ឃឹមថា ការជក់បារីគឺជាឧបករណ៍មួយសម្រាប់ធ្វើការប្រៀបធៀប អាចនឹងជួយបញ្រ្ជាបដំណឹងនេះឲ្យកាន់តែមានប្រសិទ្ធភាពជាងទៀតជួយឲ្យសាមីខ្លួនជ្រើសយកការរស់នៅដ៏ល្អប្រសើរ៕
ង្វៀកកាក-លីសៀ (យោង៖ Daily Mail, BBC)