ណាមបូ-គឺជាតំបន់ដីមានសហគមន៍និងជនជាតិជាច្រើនរស់នៅយូរលង់ណាស់មកហើយ។ ក្នុងនោះ ជនរួមជាតិខ្មែរមានចំនួនច្រើនបំផុតក្នុងចំណោមជនជាតិភាគតិចនៅណាមបូ។ ដោយឆ្លងកាត់ដំណាក់កាលរស់នៅជាមួយគ្នា ជនរួមជាតិខ្មែរក៏បានបង្កបង្កើត អភិរក្សនិងពង្រីកខឿនវប្បធម៌-សិល្បៈប្រជាប្រិយ (ពិសេសគឺបទភ្លេង) ប្រកបដោយលក្ខណៈពិសេស សម្បូរបែបទៅដោយរូបភាពនិងប្រភេទផ្សេងៗគ្នាជាហូរហែ ហើយមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅនិងមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ។
របាំឆៃយុាំខ្មែរណាមបូ។
លោកស្រីថាច់ធីយ៉ឹង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ឲ្យដឹង៖ រាល់បទភ្លេងប្រជាប្រិយខ្មែរណាមបូ តែងប្រកបដោយតម្លៃវប្បធម៌ សីលធម៌ល្អប្រពៃនៃសិល្បៈដាច់ដោយឡែក។ តួយ៉ាងដូចជា៖ ទំនុកចម្រៀងបំពេកូន ចម្រៀងពលកម្ម ឬក៏ចម្រៀងការងារភ្លេងក្នុង ពិធីអាពាហ៍ពិពាហ៍ ភ្លេងពិណពាទ្យ សិល្បៈរបាំ ល្ខោន។ល។ ថ្មីៗនេះ ចម្រៀងល្ខោនបាសាក់និងចម្រៀងចាប៉ីដងវែង-របស់ខ្មែរណាមបូ ត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិផងដែរ។ ប្រការនេះ បានរួមចំណែកគូសបញ្ជាក់ពីវណ្ណកម្មភ្លេងប្រជាប្រិយរបស់ខ្មែរណាមបូ សម្តែងពីស្មារតីមនុស្សធម៌យ៉ាងជ្រាលជ្រៅ និងឈានដល់កម្រិតប្រកបដោយសោភណភាពខ្ពស់។ អាស្រ័យហេតុនោះ ទម្រង់សិល្បៈទាំងនេះ ក៏បានក្លាយជាចំណីអារម្មណ៍មិនអាចខ្វះបានរបស់ប្រជាជនខ្មែរណាមបូ ក៏ដូចបណ្តាជនជាតិវៀតណាមផងដែរ។
ថ្វីត្បិតដូច្នោះក្តី តាមប្រសាសន៍លោកស្រីបណ្ឌិត ម៉ាយម៉ីយ្វៀន សាកលវិទ្យាល័យត្រាវិញ ឲ្យដឹង៖ បច្ចុប្បន្ន ជាមួយនិន្នាការនៃសមាហរណកម្មនិងទំនាក់ទំនងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទូលាយ ចំពោះការជះឥទ្ធិពលយ៉ាងខ្លាំងក្លា និងទទួលរងឥទ្ធិពលនៃវប្បធម៌ប្រទេសលោកខាងលិច ព្រមទាំងវប្បធម៌នៃបណ្តាប្រទេសនៅអាស៊ី ដូច្នេះការអភិវឌ្ឍនិងផ្សព្វផ្សាយតាមរយៈ មធ្យោបាយសោតទស្សន៍ទំនើបៗ ឬក៏កម្មវិធីបទភ្លេងថ្មីៗ ដែលទាក់ទាញអារម្មណ៍ផ្សាយតាមទូរទស្សន៍ឬតាមបណ្តាញសង្គម ។ល។ ឃើញថាបទភ្លេងប្រជាប្រិយខ្មែរណាមបូ កំពុងប្រឈមមុខនឹងបញ្ហាលំបាកសាកល្បងជាច្រើន។ មានវណ្ណកម្ម បទភ្លេង ឬក៏ប្រភេទឧបករណ៍តន្រ្តីខ្លះទៀត កំពុងមានការសាបរលាបបន្តិចម្តងៗ និងបាត់អត្តសញ្ញាណជាតិ។ ក្រៅពីនេះ មានសិល្បករ-ការិនីខំប្រឹងរកសុីចិញ្ចឹមជីវិតក៏បោះបង់ចោលចំណង់ចំណូលចិត្ត។ មានស្រទាប់យុវវ័យមួយចំនួន ពីមួយថ្ងៃទៅមួយថ្ងៃហាក់មិនសូវអើពើពីការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ ភ្លេងប្រជាប្រិយខ្មែរណាមបូផងដែរ។ល។
តាមប្រសាសន៍ លោកឡឹមសារ៉ន នាយករងនៃសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ឲ្យដឹង៖ ការសិក្សាស្រាវជ្រាវ អភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌នៃមជ្ឈដ្ឋានបទភ្លេងប្រជាប្រិយខ្មែរណាមបូ គឺជាសកម្មភាពមួយមានអត្ថន័យយ៉ាងខ្លាំង។ ពិសេសគឺសាកលវិទ្យាល័យត្រាវិញ ត្រូវបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រគល់ភារកិច្ចមួយដ៏សំខាន់របស់ប្រទេសនោះ គឺបណ្តុះបណ្តាលប្រភពធនធានមនុស្សអំពីភាសា សិល្បៈ វប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។ នេះគឺជាឱកាសសម្រាប់គ្រូបង្រៀន និងនិស្សិតផ្នែកវប្បធម៌ សិល្បៈរបស់សាលា បង្កើនសមត្ថភាពសិក្សាស្រាវជ្រាវ បំប៉នចំណេះដឹងអំពីកេរដំណែលវប្បធម៌ជនជាតិ។ ទន្ទឹមនឹងនោះ គប្បីមានវិធានការសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅពីតម្លៃបទភ្លេងប្រជាប្រិយខ្មែរណាមបូ ដើម្បីអភិរក្សនិងពង្រីកទម្រង់សិល្បៈដ៏ពិសេសនេះ៕
សឺនម៉ាល័យ-លីសៀ