វត្តសុវណ្ណគន្ធវារីរង្សី(ព្រែកទុង) មានទីតាំងនៅភូមិលេខ៦ ឃុំតឹងហុង ស្រុកទីវកឹង ខេត្តត្រាវិញ បានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធព្រះវិហារដែលទើបកសាងថ្មី។
ព្រះវិហារវត្តសុវណ្ណគន្ធវារីរង្សី (ព្រែកទុង)។
ព្រះវិហាវត្តសុវណ្ណគន្ធវារីរង្សី បានបញ្ចុះបឋមសិលា កសាងកាលពីឆ្នាំ២០០៦ មានបណ្ដោយ៣០ម៉ែត្រ ទទឹង២១ម៉ែត្រ និងកម្ពស់៤០ម៉ែត្រ ចំនួនថវិកាកសាងសរុបជិត១២ពាន់លានដុង។ ក្នុងនោះ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឧបត្ថម្ភ២០០លានដុង ក្រៅពីនោះ អាស្រ័យពុទ្ធបរិស័ទនៅក្នុងនិងក្រៅប្រទេស មានសទ្ធាជ្រះថ្លារួមជាកុសលកសាង។ ព្រះវិហារវត្ត ត្រូវបានកសាងតាមរចនាបទស្ថាបត្យកម្មខ្មែរ។ ដំបូលប្រក់ក្បឿង មានចម្លាក់នាគរាជព័ទ្ធពែនរំលេចនូវក្បូរក្បាច់ រចនាយ៉ាងប្រណីតនៃស្ថាបត្យកម្មរបស់ខ្មែរណាមបូ។
ក្រៅពីសម្ពោធព្រះវិហារ វត្តសុវណ្ណគន្ធវារីរង្សី ថែមទាំងសម្ពោធខ្លោងទ្វារ បង្គោលទង់ របងជុំវិញបរិវេណវត្ត ព្រមទាំងសំណង់ផ្សេងៗ មួយចំនួនទៀត បង្កជាសោភណភាពក្នុងវត្តផង ឆ្លើយតបនឹងតម្រូវការគោរពបូជារបស់ពុទ្ធបរិស័ទខ្មែរក្នុងចំណុះជើងវត្តផង៕
សើុងម៉ាល័យ -លីសៀ