ថ្មីៗនេះ បញ្ជាការរដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង សហការជាមួយនឹងសម្ព័ន្ធយុវជនខេត្តសុកត្រាំង បានរៀបចំបូកសរុបនិងជូនរង្វាន់ពិធីប្រឡង "ស្វែងយល់អំពីព្រំដែននិងកងទ័ពការពារព្រំដែន" អំណរខួបអនុស្សាវរីយ៍៣០ឆ្នាំ ទិវាការពារព្រំដែនទូទាំងប្រជាជន(៣/៣/១៩៨៩-៣/៣/២០១៩)។ និងខួប៦០ឆ្នាំ ទិវាប្រវេណីកងទ័ពការពារព្រំដែន (៣/៣/១៩៥៩-៣/៣/២០១៩)។
លោកស្រីវ៉កីមចៀង លេខាសម្ព័ន្ធយុវជនខេត្តសុកត្រាំង ជូនរង្វាន់ដល់បុគ្គល
ដែលមានអត្ថបទល្អពិសេសក្នុងការប្រឡង។
រយៈពេលជិត១០ខែបំផុសចលនាការប្រឡង គណៈចាត់តាំងទទួលបានអត្ថបទចូលរួមប្រឡងចំនួន ៣៨.៧១៩ អត្ថបទពីសំណាក់នៃគណៈ ផ្នែក អង្គការមហាជន កម្មាភិបាល យុទ្ធជនកម្លាំងប្រដាប់អាវុធ សមាជិកសម្ព័ន្ធយុវជន យុវជននិងប្រជាជនគ្រប់ជាន់ថ្នាក់លើភូមិសាស្រ្តខេត្ត។ ក្រៅពីនោះ ពិធីប្រឡងនេះ នៅទាំងមានការចូលរួមរបស់គណៈទំនាក់ទំនងប្រវេណីកងទ័ពការពារព្រំដែនក្រុងកឹងធើ។ ភាគច្រើនអត្ថបទដែលចូលរួមប្រឡង សុទ្ធសឹងបង្ហាញពីដំណើរការសិក្សាស្រាវជ្រាវ ស្វែងយល់ និងការយល់ដឹងរួមអំពីច្បាប់អន្តរជាតិក៏ដូចជាលក្ខន្តិកៈនៃច្បាប់វៀតណាមស្តីពីព្រំដែនជាតិ។ល។ ឆ្លងតាមរយៈនោះ គណៈចាត់តាំងការប្រឡងជ្រើសរើសបានអត្ថបទល្អបំផុតចំនួន១៥ ដែលមានរូបភាពនិងខ្លឹមសារល្អ ដើម្បីផ្ញើទៅចូលរួមប្រឡងនៅថ្នាក់មជ្ឈិម។
ឆ្លងតាមរយៈការប្រឡង បានរួមចំណែកអប់រំដល់ស្រទាប់យុវវ័យឲ្យមានការយល់ដឹងបន្ថែមពីរូបភាព"កងទ័ពអ៊ំហូ" ប្រវេណីរបស់កម្លាំងកងទ័ពការពារព្រំដែនក្នុងអំឡុង៦០ឆ្នាំតស៊ូ កសាងនិងវិវឌ្ឍន៍។ ទន្ទឹមនឹងនោះ គឺជាឱកាសដើម្បីផ្សព្វផ្សាយដល់ប្រជាជនគ្រប់ជាន់ស្រទាប់កាន់តែយល់ច្បាស់អំពីប្រវេណីកងទ័ពការពារព្រំដែន រួមចំណែកជាមួយនឹងកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនគ្រប់គ្រងការពារអធិបតេយ្យសន្តិសុខព្រំដែន។
លទ្ធផល គណៈចាត់តាំងបានជូនរង្វាន់លេខ២ដល់សមូហភាពចំនួន២ និងរង្វាន់លេខ៣ដល់សមូហភាព១។ ចំពោះបុគ្គល ៖ រង្វាន់លេខមួយ ១រង្វាន់ លេខពីរ ចំនួន២រង្វាន់ លេខបី ចំនួន៣រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន៥រង្វាន់។ ក្រៅពីនោះ គណៈចាត់តាំងនៅទាំងជូនរង្វាន់លើកទឹកចិត្តចំនួន២ទៀត ដល់បេក្ខជនដែលមានវ័យចាស់បំផុត និងបេក្ខជនដែលមានវ័យក្មេងបំផុត៕
យ្វីអាញ់-វិមាន