តាមការស្រាវជ្រាវដែលទើបប្រកាសជាសាធារណៈនៅក្នុងអង្គសន្និបាតនៃមហាវិទ្យាល័យប្រតិកម្មអាលែហ្សី ជំងឺហឺតនិងសុាំវិទ្យាអាមេរិក (ACAAI) ការដែលឪពុកម្តាយបៀមក្បាលដោះ សិប្បនិមិត្តមុនពេលឲ្យកូនប្រើប្រាស់ ជួយកាត់បន្ថយហានិភ័យកើតជំងឺប្រតិកម្មអាលែហ្សីនិងជំងឺហឺតដល់កុមារ។
រូបថត: iStock
ក្នុងការសិក្សាស្រាវជ្រាវថ្មី ក្រុមអ្នកឯកទេសបានសម្ភាសន៍អ្នកម្តាយចំនួន១២៨នាក់ ពីរបៀបដែលពួកគាត់អនាម័យក្បាលដោះសិប្បនិមិត្តឲ្យកូន-ដូចមានការកម្ចាត់មេរោគដោយទឹកក្តៅ លាងដោយសាប៊ូនិងទឹកឬការបៀមជាដើម។ ក្រោយពីធ្វើការប្រៀបធៀបរាល់វិធីអនាម័យជាមួយនឹងកម្រិតអង្គបដិបក្ខ (IgE) តាំងពីកុមារទើបនឹងកើត ពេលកុមារអាយុបាន៦ខែ និងពេលកុមារគម្រប់១៨ខែ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានរកឃើញថា ទារកណាដែលម្តាយធ្វើការសម្អាតក្បាលដោះសិប្បនិមិត្តដោយវិធីបៀមគឺមានកម្រិតអង្គបដិបក្ខទាបជាង នៅពេលទារកមានអាយុ១០ខែ និងមានកម្រិតអង្គបដិបក្ខទាបបំផុត នៅពេលទារកមានអាយុ១៨ខែ។ ដោយសារកម្រិតអង្គបដិបក្ខកើនខ្ពស់ គឺជាមូលហេតុកើតជំងឺប្រតិកម្មអាលែហ្សី និងជំងឺហឺត ម្ល៉ោះហើយការរកឃើញថ្មីនេះ ក៏បានន័យថា ក្រុមទារកណាដែលម្តាយធ្វើការសម្អាតក្បាលដោះសិប្បនិមិត្តដោយវិធីបៀម តិចមានហានិភ័យកើតជំងឺទាំងនេះជាង បើប្រៀបនឹងក្រុមទារកឯទៀត។
ក្រុមអ្នកសិក្សាស្រាវជ្រាវ បានធ្វើការបកស្រាយ ៖ ឪពុកម្តាយអាចចម្លងបាក់តេរីមានប្រយោជន៍ក្នុងមាត់មកឲ្យកូន តាមរយៈក្បាលដោះសិប្បនិមិត្ត ម្ល៉ោះហើយក៏អាចមានផលប្រយោជន៍ដល់ការវិវឌ្ឍនៃប្រព័ន្ធភាពសុាំឲ្យកុមារ។ ការរកឃើញថ្មីនេះ ក៏សមស្របជាមួយនឹងការស្រាវជ្រាវមួយកាលពីឆ្នាំ២០១៣របស់អ្នកសិក្សាស្រាវជ្រាវប្រទេសស៊ុយអែតផងដែរ ក្នុងនោះបានបង្ហាញពីទំនាក់ទំនងរវាងឪពុកម្តាយបៀមក្បាលដោះសិប្បនិមិត្តជាមួយនឹងការកាត់បន្ថយហានិភ័យកើតមានជំងឺប្រតិកម្មអាលែហ្សីចំពោះកុមារ៕
អាញ់ញៀន - ថាច់ធី