ជាង២០ឆ្នាំកន្លង គាត់តែងអនុវត្តល្អនូវភារកិច្ចដែលរដ្ឋអំណាចនិងបក្សប្រគល់ឲ្យ។ ក្រៅពីនោះ ក្នុងនាមជាសមាជិកគណៈកម្មការវត្តផ្នោរាំង និងជាគ្រូបង្រៀនព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរ ម្ល៉ោះហើយគាត់តែងបានអ្នកផងគោរពរាប់អាននិងជំនឿទុកចិត្ត។ នោះគឺលោកថាច់ហេង លេខាសាខាបក្សភូមិថ្មី ឃុំឡុងសើង ស្រុកកូវង៉ាង ខេត្តត្រាវិញ។
លេខាសាខាបក្សភូមិថាច់ហេង (ខាងស្តាំ) កំពុងដោះដូរយោបល់នឹងកម្មាភិបាលឃុំ។
“មិនត្រឹមតែចិញ្ចឹមកូនរៀនសូត្របានត្រឹមត្រូវ និងសេដ្ឋកិច្ចគ្រួសារបានលំនឹងប៉ុណ្ណោះទេ គាត់នៅទាំងជួយណែនាំបង្ហាញមាមីងក្នុងភូមិពីរបៀបដាំដុះ ចិញ្ចឹមសត្វ ដើម្បីឈានឡើងក្នុងជីវភាពទៀតផង។ ជាងពីរឆ្នាំមកនេះ នៅភូមិថ្មី ឃំុឡុងសើង ការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ចំនួនគ្រួសារក្រីក្រក្នុងភូមិថយចុះគួរឲ្យកត់សម្គាល់។ ភូមិថ្មីទទួលបានលទ្ធផលដូច្នេះ គឺមានការរួមចំណែកយ៉ាងច្រើនរបស់សមមិត្តថាច់ហេង លេខាសាខាបក្ស និងជាប្រធានភូមិថ្មី” -លោកឡេហ្វាងយ៉ុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងសើង បញ្ជាក់ឲ្យដឹងដូច្នេះ។
លោកថាច់ហេង ឲ្យដឹង៖ “ទស្សនៈរបស់ប្តីប្រពន្ធខ្ញុំគឺជម្រុញទឹកចិត្តកូនៗឲ្យរៀនសូត្រមានចំណេះដឹង ទើបមានអនាគតភ្លឺស្វាង។ អាស្រ័យហេតុនោះ ទោះបីគ្រួសារនៅលំបាក ប៉ុន្តែប្តីប្រពន្ធខ្ញុំតែងខិតខំគិតគូរឲ្យកូនៗរៀនសូត្របានចប់ចុងចប់ដើម។ ក្នុងនាមជាលេខាសាខាបក្សនិងជាប្រធានភូមិ ខ្ញុំតែងចុះទៅជំនួបមុខសំណេះសំណាល ស្វែងយល់ពីការរស់នៅរបស់គ្រួសារនីមួយៗ និងចុះបញ្ជីរាយនាមគ្រួសារក្រីក្រ ដើម្បីរកវិធីជួយឧបត្ថម្ភគាំពារ។ មាមីងនៅភូមិថ្មី ភាគច្រើនគឺគ្មានដីផលិតកម្ម គ្មានមុខរបរលំនឹង។ អាស្រ័យហេតុនោះ ចាំបាច់ត្រូវតែឃោសនា ចលនាមាមីងបង្វែរមកដាំដំណាំរួមផ្សំ គួបផ្សំនឹងចិញ្ចឹមសត្វ។ បង្កលក្ខណៈងាយស្រួលដើម្បីមាមីងមានការងារធ្វើលំនឹង ទើបមានសង្ឃឹមចាកផុតពីភាពក្រីក្រ!”។ លោកថាច់សៅ បានលោកថាច់ហេង ឧទ្ទេសនាមឲ្យទៅហ្វឹកហាត់ខាងផ្នែកបច្ចេកទេសដាំដុះនិងចិញ្ចឹមសត្វ ឲ្យដឹងដោយក្តីរីករាយ៖ “ពូថាច់ហេង គឺជាកម្មាភិបាលមួយរូបតែងយកចិត្តទុកដាក់គិតគូរដល់ប្រជាជន។ ពេលប្រជាជនមានការពឹងពាក់ ពូហេងតែងជួយដោះស្រាយនិងឧបត្ថម្ភដោយអស់ពីចិត្ត។ ដោយសារមានពូហេងជួយធានា ទើបគ្រួសារខ្ញុំបុលបាន១៥លានដុង ព្រមទាំងបានចូលរួមវគ្គហ្វឹកហាត់បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ ពូហេងតែងជួយដាស់តឿន គ្រួសារខ្ញុំឲ្យខិតខំរកស៊ី ។ល។ អាស្រ័យហេតុនោះ ទើបគ្រួសារខ្ញុំសងរួចប្រាក់បុលពីធនាគារនិងប្រិតសំចៃ ដើមទុនបានមួយចំនួនដើម្បីជួលដីបន្ថែមដាំសណ្ដែកដី។ ឥឡូវគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រហើយ ! ” ។
លោកថាច់ហេង មានកូនទាំងអស់៣នាក់។ ម្នាក់រៀនចប់មហាវិទ្យាល័យ សព្វថ្ងៃកំពុងបំពេញការងារនៅឃុំឡុងសើង។ ម្នាក់ទៀតរៀនរបរ មានការងារធ្វើលំនឹង! ចំណែកកូនពៅសព្វថ្ងៃកំពុងរៀននៅសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។ គ្រួសារគាត់មានដីស្រែ១០កុង (ធ្វើស្រែ១រដូវនិងដាំដំណាំ២រដូវ) និងចិញ្ចឹមគោបាន៨ក្បាល។ ផ្តើមពីការធ្វើស្រែ ដាំដំណាំគួបផ្សំនឹងចិញ្ចឹមសត្វ ក្រោយពីទូទាត់រួចស្រេចគ្រួសារគាត់រកបានប្រាក់ចំណូលមធ្យមភាគ៥០លានដុង/ឆ្នាំ។
ព្រះតេជព្រះគុណថាច់សូនី ព្រះចៅអធិការវត្តផ្នោរាំង មានព្រះថេរដីកា៖ “លោកថាច់ហេង គឺជាអ្នកមានប្រជាប្រិយភាពមួយរូបក្នុងតំបន់ជនរួមជាតិខ្មែរ។ ច្រើនឆ្នាំកន្លង គាត់មិនត្រឹមតែធ្វើបានល្អនូវតួនាទីជាលេខាសាខាបក្សប៉ុណ្ណោះទេ នៅទាំងជាកម្លាំងស្នូលដ៏ល្អក្នុងគ្រួសារទៀតផង គាត់តែងយកចិត្តទុកដាក់គិតគូរអប់រំកូនចៅរៀនសូត្របានត្រឹមត្រូវ។ ទន្ទឹមនឹងនោះ គាត់ក៏ជាសមាជិកគណៈកម្មការវត្តដ៏ល្អ ជាគ្រូបង្រៀនពូកែមួយរូបដែលផ្សារភ្ជាប់នឹងវត្តអារាមរាប់សិបឆ្នាំមកហើយ”៕
សឺនម៉ាល័យ-វិមាន