ខ្ញុំមានឱកាសចូលទៅវត្តពោធិវង្ស ឃុំកូតូ ស្រុកទ្រីតូង ខេត្តអានយ៉ាង ជាវត្តមួយដែលមានគំនូរល្អប្រណីត។ បានព្រះតេជព្រះគុណចៅយៀន ព្រះចៅអធិការវត្តពោធិវង្ស ណែនាំខ្ញុំទៅទស្សនាព្រះវិហារ។ នៅលើជញ្ជាំងទាំង៤ទិសនិងដំបូលពិដានព្រះវិហារ ឃើញមានគំនូររាប់រយផ្ទាំងរំលេចដោយពណ៌ឆើតឆាយគួរជាទីគយគន់។ នោះគឺគំនូរពុទ្ធប្បវត្តិ ចាប់តាំងពីព្រះអង្គប្រសូតរហូតដល់បរិនិព្វាន។ល។ ព្រះតេជព្រះគុណចៅយៀន មានថេរដីកា៖ “វត្តមានប្រវត្តិកសាងជាង៣០០ឆ្នាំ និងឆ្លងកាត់សង្រ្គាមបំផ្លិចបំផ្លាញ បានជាមានការទ្រុឌទ្រោមយ៉ាងច្រើន ក្រោយមកទើបវត្តក៏មានលក្ខណៈជួសជុលឡើងវិញ។ កាលពីមុន ដោយសារព្រះវិហារមានភាពសាមញ្ញទើបពុទ្ធបរិស័ទបានស្នើឲ្យគូរគំនូរពុទ្ធប្បវត្តិ ដើម្បីជាការតុបតែងលម្អផង និងរំលឹកឡើងនូវរឿងរ៉ាវរបស់ព្រះសម្មាសម្ពុទ្ធផង។ ហេតុដូច្នោះ ទើបពុទ្ធបរិស័ទបានរួមវិភាគទានជាបច្ច័យ រួចហើយអញ្ជើញវិចិត្រករប៉ិនប្រសប់ខាងគំនូរនៅប្រទេសកម្ពុជាមកគូរ។ ការកសាងគំនូរក្នុងរយៈពេលពី៥-៦ខែទើបសម្រេច។ ចំពោះថ្នាំពណ៌សម្រាប់លាបលនរូបគំនូរ គឺមានគុណភាពល្អណាស់ ដោយគ្មានការរបកឬហើរពណ៌ទៅតាមពេលវេលាឡើយ។ មកទល់ពេលនេះគឺ១៤ឆ្នាំកន្លង ប៉ុន្តែគំនូរនៅតែមានពណ៌ល្អ ឆើតដូចដើម”។
ព្រះតេជព្រះគុណចៅយៀន កំពុងឧទ្ទេសនាមពីផ្ទាំងគំនូរក្នុងព្រះវិហារ។
ក្រៅពីនោះ នៅតាមវត្តអារាមខ្លះ នៅទាំងមានគំនូររឿងរាមកេរិ៍្ត បង្ហាញឡើងពីអំពើល្អតែងឈ្នះអំពើអាក្រក់ ឆ្លុះបញ្ចាំងពីអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធ។ វត្តខ្លះក៏មានគូរតួអង្គក្នុងរឿងប្រជាប្រិយ ដូចជា៖ ពស់នាគរាជ ទន្សាយពោធិសត្វ រាជសីហ៍ ដំរី។ល។ ផ្នែកដំបូលពិដាននៅមានគំនូរអំពីការធ្វើសង្រ្គាមរវាងទេវតា និងអសុរទេពប្រណម ទេពអប្សរ។ល។ និយាយរួម គំនូរស្ទើរតែទាំងអស់សុទ្ធសឹងសរសើរអំពីគុណបារមីរបស់ព្រះសម្មាសម្ពុទ្ធដែលត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ។ គំនូរបង្ហាញអំពីសង្ខារធម៌ ផលបុណ្យផលបាបក្នុងព្រះពុទ្ធសាសនា ដែលប្រៀបធៀបដូចជាអាគារតាំងពិព័រណ៍ ឬបណ្ណាល័យ ពហុឯកសារផ្នែកពុទ្ធសាសនាតែងមានភាពអមតៈលើជញ្ជាំង។ ព្រមជាមួយនឹងខ្លឹមសារអំពីដំណើរកសាងបារមីព្រះសម្មាសម្ពុទ្ធរួមជានឹងបុគ្គលពាក់ព័ន្ធផ្សេងៗទៀត គំនូរមួយៗសុទ្ធតែតុបតែងលម្អដោយទិដ្ឋភាពរុក្ខជាតិ បុប្ផាជាតិយ៉ាងស្រស់បំព្រងទៀតផង ។
របៀបមើលគំនូរ គឺមើលរៀងតាមលំដាប់ជួរ ចាប់ពីជញ្ជាំងខាងឆ្វេងឆ្ពោះទៅចុងជញ្ជាំងខាងស្តាំ។ ដើម្បីមើលបានចប់ដំណើររឿង យើងត្រូវតែព្យាយាមដើរសារចុះសារឡើងទើបបាន។ មានគំនូរផ្ទាំងទោលតែឯងខ្លះ ត្រូវបានគូរនៅទីចន្លោះឬជិតជើងជញ្ជាំង។ អត្ថន័យក្នុងផ្ទាំងគំនូរ អមដោយរូបភាពនិងទិដ្ឋភាពរស់រវេីក គឺជាការដាស់សតិយើងគេរាល់គ្នាឲ្យមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា ជៀសវាងធ្វើអំពើអាក្រក់កសាងតែអំពើល្អ៕
ខាញ់ហឹង (baoangiang.com.vn)-ថាច់សេរី