ផាមកាវកឿង និងង្វៀនធ្វីលិញ ជាអត្តពលិកវាយសីវ័យក្មេងគឺជាក្ដីសង្ឃឹមសម្រាប់វិស័យកីឡាវាយសីរបស់ប្រទេស។
ធ្វីលិញ ។
កាវកឿង ។
កាវកឿង បានហាត់វាយសីតាំងពីអាយុ៦ឆ្នាំមេ្ល៉ះ។ អាយុ១១ឆ្នាំ កាវកឿង ដណ្ដើមបានពានរង្វាន់ជើងឯកកម្រិតអាយុរបស់ខ្លួន។ អាយុ១៥ឆ្នាំ កាវកឿងបានក្លាយជាអត្តពលិកវាយសីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្ត ឈរចំណាត់ថ្នាក់ទី៨ វិញ្ញសាទោលបុរសពានរង្វាន់ជាតិ។ គ្រួសារបានកំណត់ទិសដៅឲ្យកឿង ដើម្បីក្លាយជាអត្តពលិកវាយសីអាជីព។ អាយុ១៦ឆ្នាំ កឿងក៏បានគ្រួសារបញ្ជូនទៅហ្វឹកហាត់នៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមួយពូកែខាងវិស័យកីឡាវាយសីបំផុតលើពិភពលោក។ កឿងបានរៀនពីយុទ្ធវិធីទ្រឹស្ដីនៃការវាយសី និងបានហាត់វាយសីជាមួយនឹងអត្តពលិកវាយសីជើងខ្លាំង។ ម្ល៉ោះហើយក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកីឡាវាយសីទូទាំងប្រទេស ឆ្នាំ២០១៦ កឿងបានបង្កភាពភ្ញាក់ផ្អើលនៅពេលគេប្រកួតឈ្នះរាមច្បងតៀងមិញ និងទទួលបានពានរង្វាន់ជើងឯក។ ទោះបីដូច្នោះក៏ដោយ ក្នុងការប្រកួតពានរង្វាន់នេះនៅឆ្នាំបន្ទាប់កឿងបានបរាជ័យ ហេីយពានរង្វាន់ជើងឯក ក៏ធ្លាក់ទៅលើដៃរាមច្បងតៀងមិញវិញ។ ការប្រកួតជួបគ្នាម្ដងទៀត នៅពេលថ្មីៗនេះរវាងអត្តពលិកទាំងពីររូបនេះបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ហើយក៏មិនមែនជាការប្រកួតដែលប្រព្រឹត្តឡើងនៅក្នុងប្រទេសដែរ។ នោះគឺជាការប្រកួតដណ្ដើមពានរង្វាន់ជើងឯកវាយសី Iran International Challenge ២០១៨ នៅប្រទេសអ៊ីរ៉ង់ កឿងបានផ្ដួលដៃគូតៀងមិញនិងដណ្ដើមបានពានរង្វាន់ជើងឯក។ ថ្មីៗនេះ កឿងបានឈ្នះអត្តពលិកវាយសីដែលឈរចំណាត់ថ្នាក់លេខ៥ ក្នុងការប្រកួតពានរង្វាន់វាយសី PRINCESS SIRIVANNAVARI Thailand Masters ២០១៨។ ទោះបីខាងក្រោយមក កឿងបានចាញ់ក្នុងវគ្គជម្រុះនៅជុំទី២ក៏ដោយ ប៉ុន្តែការចាប់ផ្ដើមនៅពេលដើមឆ្នាំ២០១៨ អាចបញ្ជាក់បានថាអ្នកគាំទ្រតែងដាក់ក្ដីសង្ឃឹមទៅលើអត្តពលិកកើតឆ្នាំ១៩៩៦ រូបនេះ។
ក្រៅពីពានរង្វាន់ជើងឯកអន្តរជាតិចំនួន២ ក្នុងការប្រកួតពានរង្វាន់វាយសី Nepal International Series ២០១៦ និងពានរង្វាន់វាយសី Italian International ២០១៧ “អត្តពលិកស្រស់ស្អាត” ធ្វីលិញ ក៏ឈ្នះមេដាយមាសជាច្រើនក្នុងប្រទេសចាប់ពីការប្រកួតពានរង្វាន់ជើងឯកវាយសីវ័យក្មេងជើងឯកវាយសីឆ្នើមបំផុតទូទាំងប្រទេស។ ធ្វីលិញ កើតឆ្នាំ១៩៩៧ នៅភូ-ថ ក្នុងគ្រួសារដែលស្រឡាញ់ចូលចិត្តវិស័យកីឡា។ តាំងពីនៅកុមារ ជីតារបស់លិញបានសង្កេតឃើញលិញ មានទេពកោសល្យខាងកីឡាហើយបានកំណត់ទិសដៅឲ្យលិញហាត់រៀនវិញ្ញាសាកីឡាវាយសី។ ឆ្នាំលិញអាយុ១០ឆ្នាំ បន្ទាប់ពីទទួលបានពានរង្វាន់ថ្នាក់សាលាថ្នាក់ឃុំ និងស្រុក លិញក៏បានជម្រើសចូលក្រុមទេពកោសល្យនៅហាណូយ។ ដោយការស្រឡាញ់ចូលចិត្តវិញ្ញាសាកីឡាវាយសីគឺជាកម្លាំងចលករជំរុញឲ្យលិញឆ្លងកាត់នូវភាពលំបាកក្នុងការហ្វឹកហាត់ពីយុទ្ធវិធីក្នុងការវាយសី ក៏ដូចជាកម្លាំងកាយ។ ពេលវេលាសម្រាប់លិញ ភាគច្រើនចំណាយទៅលើការហ្វឹកហាត់ ម្ល៉ោះហើយលិញឈរទី២ក្នុងតារាងរៀបចំណាត់ថ្នាក់អត្តពលិកវៀតណាមនិងឈរទី៦៦លើពិភពលោកគឺស័កិ្តសមទៅនឹងការខំប្រឹងប្រែង។
ជាមួយនឹងស្នាដៃដែលសម្រេចបានដូចពោលខាងលើ សង្ឃឹមថាកាវកឿងនិងធ្វីលិញ នឹងបង្កើតបានទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់កីឡាវាយសីរបស់ប្រទេសយើង៕
ហាថាញ់-ពេជ្រសឿន